ប្រជាពលរដ្ឋក្រុងបានលុងជាង១រយនាក់នាំគ្នាលេងល្បែងប្រជាប្រិយ នៅក្នុងបរិវេណមន្ទីរវប្បធម៌ នៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីបំផុសចលនារក្សាប្រពៃណីអត្តសញ្ញាណបុណ្យចូលឆ្នាំឲ្យបានកាន់តែប្រសើរ។ ការនាំគ្នាលេងល្បែងប្រជាប្រិយនេះស្របគ្នាទៅនឹងការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តលើកដំបូងនៅក្នុងខេត្តភាគឦសានមួយនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន។
អភិបាលខេត្តរតនគិរីបានដឹកនាំក្រុមយុវជនយុវនារី មន្ត្រីរាជការបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងក្រុងបានលុង លេងល្បែងប្រជាប្រិយ និងរាំកម្សាន្តក្រោយការការប្រកួតកីឡាម៉ារ៉ាតុង អបអរបុណ្យចូលឆ្នាំបានបញ្ចប់នៅព្រឹកថ្ងៃទី១៤ ខែមេសា។
ជយលាភី និងកីឡាករ កីឡាការិនីដែលបានចូលរួមរត់ម៉ារ៉ាតុង រួមទាំងប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់បាននាំគ្នាលេងល្បែងចោលឈូង ទាញព្រ័ត្រ ដណ្ដើមស្លឹកឈើវាយក្អម បៀមទឹកដាក់ដប និងលោតបាវរួមទាំងរាំសប្បាយជាមួយគ្នា ពេញមួយព្រឹកមុនពេលអាជ្ញាធរប្រកាសបើកព្រឹត្តិការណ៍សង្ក្រាន្តនៅរសៀលថ្ងៃដដែល។
អភិបាលក្រុងបានលុង លោក ងិន ណែល បញ្ជាក់ថា ការរត់ប្រណាំងម៉ារ៉ាតុង និងសកម្មភាពលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តនេះធ្វើឡើងដើម្បីបំផុសស្មារតីឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់លេងល្បែងប្រជាប្រិយជាគំរូ សម្រាប់យុវវ័យជំនាន់ក្រោយ។ លោកថា ប្រកាសបើកព្រឹត្តិការណ៍សង្ក្រាន្តក្នុងខេត្តនេះ ក៏ជាការបំផុសស្មារតីបន្ថែមឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរពីបណ្ដាខេត្តនានាបានចូលរួមកម្សាន្តសប្បាយនៅថ្ងៃបុណ្យចូលឆ្នាំរយៈពេលបីថ្ងៃ៖ «ទាំងថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់រួមទាំងអ្នកទេសចរដែលមកកម្សាន្តក្នុងក្រុងនេះ គួរតែប្រមូលគ្នាមកលេងកម្សាន្តនៅកន្លែងនេះ ឬកន្លែងផ្សេងក្នុងក្រុងរបស់យើងឲ្យបានច្រើន»។
គ្រួបង្រៀនអនុវិទ្យាល័យឃុំតឺន ស្រុកកូនមុំ លោក កែវ ផាន់ណារ៉ា ចាត់ទុកព្រឹត្តិការសង្ក្រាន្តនៅខេត្តរតនគិរី នាពិធីបុណ្យចូលឆ្នាំថា ជាព្រឹត្តិការណ៍លើកស្ទួយប្រពៃណីបុណ្យចូលឆ្នាំខ្មែរបានកាន់តែប្រសើរ និងពង្រឹងសាមគ្គីភាពរវាងពលរដ្ឋខ្មែរទូទៅ។ លោកអំពាវនាវឲ្យយុវវ័យ និងពលរដ្ឋខេត្តរតនគិរីនាំគ្នាលើកស្ទួយវប្បធម៌ជាតិឲ្យបានគង់វង្ស៖ «កុំឲ្យកូនចៅជំនាន់មួយទៀតទៅបំភ្លេចចោលជំនាន់ចាស់ៗយើង»។
អាជ្ញាធរខេត្តរតនគិរីរៀបចំព្រឹត្តិការសង្ក្រាន្តអបអរបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៅក្រុងបានលុង រួមមាន៖ បំផុសចលនារត់កីឡាម៉ារ៉ាតុង លេងល្បែងប្រជាប្រិយ ប្រគំតន្ត្រីរាំកម្សាន្ត និងតាំងពិព័រណ៍ម្ហូបអាហារប្រជាពលរដ្ឋ តំបន់ឦសាន្តលក់ជូនភ្ញៀវទេសចរមកកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ កត់សំគាល់ថា អ្នកទេសចរបានមកដល់ក្រុងបានលុង ជាបណ្ដើរៗហើយ នៅថ្ងៃចូលឆ្នាំដំបូងនេះ។ លោកបន្តថា នៅតាមតំបន់រមណីយដ្ឋានសំខាន់តាមបណ្ដាស្រុក និងទីរួមខេត្តសហគមន៍អ្នកអភិរក្សតំបន់ទេសចរណ៍បានរៀបចំអនាម័យសណ្ដាប់ធ្នាប់ និងសុវត្ថិភាពដើម្បីស្វាគមន៍អ្នកទេសចរក្នុងស្រុក និងមកពីតាមបណ្ដាខេត្តកម្សាន្តសប្បាយ៖ «យើងធ្វើយ៉ាងណាបម្រើសេវាកម្ម ឲ្យភ្ញៀវទេសចរឲ្យគាត់បានសប្បាយធ្វើយ៉ាងណាផ្ដល់ទស្សនីយភាពដ៏ល្អ ដែលគាត់បានមកកម្សាន្ត»។
ចាប់ពីម៉ោង៥រសៀលថ្ងៃទី១៤ ខែមេសា នៅក្នុងបរិវេណមន្ទីរវប្បធម៌ អាជ្ញាធរខេត្តរតនគិរីរៀបចំប្រគំតន្ត្រីគងជនជាតិដើមភាគតិច បណ្ដែតប្រទីបសុំសេចក្ដីខុសពីម្ចាស់ទឹកដី និងបាញ់កាំជ្រួចនៅមាត់បឹងកន្សែងដើម្បីបើកព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មី៕