តំណាងពលរដ្ឋ៦ភូមិ នៃឃុំពេជ្រចង្វា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រោងជួបអាជ្ញាធរខេត្តនៅដើមខែឧសភា ឆ្នាំ២០១៧ ដើម្បីសុំឲ្យជួយពន្លឿននីតិវិធីបង្កើតសហគមន៍ព្រៃឈើ ក្រោយពីអាជ្ញាធរស្រុក និងជំនាញរដ្ឋបាលព្រៃឈើមិនសូវខ្វល់ខ្វាយចំពោះការងារនេះ។ អាជ្ញាធរស្រុកបរិបូរណ៍បញ្ជាក់ថា អាជ្ញាធរគាំទ្រពលរដ្ឋ និងមិនដែលព្រងើយកន្តើយការងារនេះទេ។
ចាប់តាំងពីឆ្នាំ២០០៤ មក តំណាងអ្នកភូមិ នៃឃុំពេជ្រចង្វា បានទាមទារឲ្យមានសហគមន៍ព្រៃឈើក្នុងឃុំ ដើម្បីរក្សាធនធានធម្មជាតិដែលពួកគេធ្លាប់ពឹងអាស្រ័យតាំងពីដូនតា ហើយចង់ឲ្យកូនចៅជំនាន់ក្រោយ នៅបន្តអាស្រ័យផល។ ពួកគេបារម្ភថា ដីព្រៃនៅសល់ពីក្រុមនិស្សិតចុះវាស់វែងជូនពលរដ្ឋប្រមាណ១ពាន់ហិកតារ នឹងហិនហោចអស់ ដោយសារការចូលទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិបន្ថែម។
តំណាងពលរដ្ឋម្នាក់លោកស្រី យិន ប៉ិច មានប្រសាសន៍នៅថ្ងៃទី១៤ ខែមេសា ថា នៅចុងខែមេសា ឬដើមខែឧសភាខាងមុខ តំណាងពលរដ្ឋ៧នាក់ នឹងឡើងទៅជួបអាជ្ញាធរខេត្តដើម្បីឲ្យជួយជំរុញអាជ្ញាធរស្រុក និងមន្ត្រីរដ្ឋបាលព្រៃឈើចុះវាស់វែងកំណត់ព្រំប្រទល់ និងទំហំដីដែលនៅសេសសល់ជាក់ស្ដែង។ លោកស្រីថា ការបង្កើតសហគមន៍នេះ មានពលរដ្ឋគាំទ្រចំនួន៦៤១គ្រួសារ៖ «យើងបានដាក់ពាក្យស្នើសុំទៅអភិបាលស្រុក ហើយគាត់ទាមទារផែនទី ប៉ុន្តែអត់បានជួយពន្លឿនធ្វើយ៉ាងម៉េចដើម្បីឲ្យផែនទីហ្នឹងចេញ។ យើងទៅជួយអភិបាលខេត្ត សូមឲ្យរដ្ឋបាលព្រៃឈើចុះមកវាស់វែង ដីព្រៃហ្នឹងឲ្យបានលឿន ព្រោះបើពន្យារៗធ្វើឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្ដជាមួយអាជ្ញាធរ និងថ្នាក់ដឹកនាំទាំងអស់ ដែលពួកគាត់ខំផ្ដិតមេដៃ ខំសហការជាមួយអាជ្ញាធរ តែបែរអាជ្ញាធរយឺតយ៉ាវបង្កើតសហគមន៍ព្រៃឈើ»។
ក្រុមពលរដ្ឋធ្លាប់នាំគ្នាផ្ដិតមេដៃកាលពីឆ្នាំ២០០៤ និងឆ្នាំ២០១៥ ម្ដងទៀត ដើម្បីសុំបង្កើតសហគមន៍ព្រៃឈើឈ្មោះ ពេជ្រចង្វារុក្ខាល្អឆើត ប៉ុន្តែនៅមិនបានសម្រេច។ ពួកគេចោទអាជ្ញាធរស្រុក និងជំនាញរដ្ឋបាលព្រៃឈើ ថាព្យាយាមពន្យារពេលធ្វើការងារនេះឲ្យក្រសួងកសិកម្មទទួលស្គាល់ជាផ្លូវការ គឺជាចេតនាចង់ឲ្យព្រៃសហគមន៍បាត់បង់ដោយសារសកម្មភាពទន្ទ្រានដីព្រៃកាន់កាប់ខុសច្បាប់។
ទាក់ទងបញ្ហានេះអភិបាលស្រុកបរិបូរណ៍លោក ឃួន សៅរុំ ថាអាជ្ញាធរស្រុកគាំទ្រចំពោះការស្នើសុំបង្កើតសហគមន៍ព្រៃឈើរបស់ពលរដ្ឋ ប៉ុន្តែភាពយឺតយ៉ាវដោយសារផ្ទៃដីដែលត្រូវបង្កើតនោះមិនទាន់ដឹងទំហំ និងព្រំប្រទល់ត្រង់ណាពិតប្រាកដ។ លោកពិនិត្យឃើញថាផ្នែកខ្លះ នៃដីព្រៃដែលគ្រោងបង្កើតសហគមន៍នេះ កំពុងកាន់កាប់ដោយពលរដ្ឋមួយចំនួន ទើបមានការលំបាកដល់ពេលនេះ៖ «ដល់យើងទៅមើលទៅឃើញដីវាល ដីស្រែគាត់ដែលធ្វើមួយឆ្នាំខានមួយឆ្នាំៗ។ អីចឹងបានអាជ្ញាធរថា ឲ្យរដ្ឋបាលព្រៃឈើរំលង ឬឆ្វៀលកុំឲ្យប៉ះទង្គិចនឹងអារម្មណ៍បងប្អូនព្រោះបងប្អូនធ្វើស្រែ។ អីចឹងបានថាយើងបែងចែកឲ្យច្បាស់ ព្រៃសហគមន៍ ឬដីព្រៃសហគមន៍? សហគមន៍ចេះតែគូសវាសលើដីស្រែរបស់គាត់ថាដីព្រៃដែរ អីចឹងយើងញែករកដីស្រែគាត់ឲ្យច្បាស់សិន វាយឺតបន្លិច»។
តំណាងពលរដ្ឋលោកស្រី យិន ប៉ិច អះអាងថា ផ្ទៃដីព្រៃសេសសល់ក្រោយពេលក្រុមនិស្សិតចុះវាស់វែងកាលពីឆ្នាំ២០១២ ភ្លាមមានជាង១ពាន់ហិកតារ ហើយបច្ចុប្បន្ននៅសល់ប្រហែល៨០០ហិកតារ៕