អាជ្ញាធរខេត្ត មន្ត្រីរាជការ តាមមន្ទីរ ស្ថាប័ននៅក្នុងខេត្តកំពង់ចាម ជាច្រើនរយនាក់ នាំគ្នារៀបចំពិធីរាប់បាតព្រះសង្ឃប្រមាណ១រយអង្គនៅមុខបរិវេណសាលាខេត្ត។ ពិធីនេះធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចូលមកដល់ និងសាងបុណ្យ កុសលសម្រាប់ ពលរដ្ឋគ្រប់រូប និងអ្នកដែលបានចែកឋានជាដើម។
មន្ត្រីរាជការ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ព្រមទាំងប្រជាពលរដ្ឋ បង្ហាញទឹកមុខស្រស់ស្រាយ ដែលបានរៀបចំឱ្យមានកម្មវិធីរាប់បាត ប្រគេនចង្ហាន់ ទឹក ភេសជ្ជៈ បច្ច័យ តាមសទ្ធា ជ្រះថ្លាដល់ព្រះសង្ឃព្រោះជាពិធីតាមបែបព្រះពុទ្ធសាសនា។
ប្រជាពលរដ្ឋរស់នៅភូមិបឹងកុក២ ក្រុងកំពង់ចាមមួយរូប អ្នកស្រី សំ ស៊ីផេន មានប្រសាសន៍ដោយទឹកមុខញញឹមថា ពួកគាត់រីករាយដោយបានអាជ្ញាធរខេត្ត រៀបចំកម្មវិធីផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូចជាកម្មវិធីកម្សាន្តមួយចំនួន ព្រមទាំងកម្មវិធីបែបព្រះពុទ្ធសាសនាផង។ អ្នកស្រីថា ឆ្នាំកន្លងមក អាជ្ញាធរមិនសូវបានរៀបចំពិធីទាំងនេះឱ្យបានអធិកអធមទេ ហើយអ្នកស្រីចង់ឱ្យមានកម្មវិធីផ្សេងៗ នៅក្នុងខេត្ត ដើម្បីកម្សាន្តសប្បាយ ព្រមទាំងជាការលើកតម្កើងប្រពៃណីវប្បធម៌ សាសនា ដល់ក្មេងជំនាន់ក្រោយ៖ «អាជ្ញាធរខេត្តបានធ្វើកម្មវិធីនៅឆ្នាំហ្នឹងប្លែកម៉េស។ អីចឹងខ្ញុំមានអារម្មណ៍ថាសប្បាយអស្ចារ្យ អត់មានអីក្រៅពីសប្បាយក្នុងចិត្តខ្ញុំ»។
អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំសង្ក្រាន្តខេត្តកំពង់ចាម នៅមុខសាលាខេត្ត ដោយមានតុបតែងលម្អសោភ័ណភាពស្រស់ស្អាត សម្រាប់ទទួលទេវតាឆ្នាំថ្មី និង មានលេងល្បែងប្រជាប្រិយផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងជាការថែរក្សាប្រពៃណីវប្បធម៌របស់ខ្មែរ។
ពលរដ្ឋមួយរូបទៀត អ្នកស្រី ឯម សុខចាន់ មើលឃើញថា ការរៀបចំរបស់អាជ្ញាធរខេត្តនៅឆ្នាំនេះ គឺប្រសើរជាងឆ្នាំមុនៗ ដែលបង្កើតបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ ហើយអ្នកស្រីចង់ឱ្យមានការរៀបចំកម្មវិធីទាំងនេះ នៅឆ្នាំក្រោយៗ ទៀត៖ «ដូចថាមិនបាច់ទៅដើរលេងឆ្ងាយនាំមានបញ្ហា ចង់នៅលេងក្នុងខេត្តយើងអីចឹង»។
ក្រៅពីការរៀបចំកម្មវិធីផ្សេងៗ នៅទីរួមខេត្ត ចំណែកនៅតាមរមណីយដ្ឋាន និងវត្តអារាម ក៏មានការរៀបចំកម្មវិធីប្លែកៗ ដូចជាការលេងល្បែងប្រជាប្រិយ ការរាំងកម្សាន្តជាដើម។
ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ មានប្រសាសន៍នៅថ្ងៃទី១៤ មេសាថា អាជ្ញាធររៀបចំពិធីរាប់ បាត ដើម្បីផ្សា ភ្ជាប់ទៅនឹងពិធីបែបព្រះពុទ្ធសាសនា ពីព្រោះខ្មែរយើងភាគច្រើនដែលកាន់សាសនាព្រះពុទ្ធ នៅពេលមានពិធីបុណ្យទានធំៗ តែងនាំគ្នាយកចង្ហាន់ ឬ ទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម សម្រាប់ឧទ្ទិស កុសលផលបុណ្យសុំសេចក្ដីសុខនិងមានចិត្តជ្រះថ្លា៖ «ការធ្វើទានដល់ព្រះសង្ឃគឺមានអត្ថន័យធំៗពីរ ខ្ញុំនិយាយដោយសង្ខេបអីចឹងចុះ។ ទីមួយយើងបានធ្វើល្អ ធ្វើអំពើល្អ សម្រាប់អ្នកដែលមានជំនឿលើព្រះពុទ្ធសាសនា»។
លោក ស្រី សុភ័ក្ត្រ បញ្ជាក់ថា នាឱកាសសង្ក្រាន្តឆ្នាំថ្មីនៅលើទឹកដីខេត្តកំពង់ចាម ពិធីបែបសាសនាគឺ មានបីធំៗ ដូចជាពិធី ក្រុងពាលីដែលធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣មេសា ពិធីរាប់បាតប្រគេនព្រះសង្ឃ១០០អង្គ និងពិធីស្រង់ព្រះ ដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១៦ មេសា។ ក្រៅពីនេះ ពិធីបែបសាសនា គឺត្រូវបានរៀបចំឡើងនៅតាមវត្តអារាមទាំងអស់រៀងៗខ្លួន៕