អាជ្ញាធរខេត្តកំពង់ធំ និងមន្ត្រីមន្ទីរពាក់ព័ន្ធរំពឹងថា ចំនួនអ្នកមកទស្សនាសង្ក្រាន្តឆ្នាំថ្មីសំបូរព្រៃគុហ៍ នៅឆ្នាំនេះ នឹងមានកាន់តែច្រើនជាងឆ្នាំមុនៗ។ ការលើកឡើងថា ដោយសារអាជ្ញាធរខេត្តបានរៀបចំកម្មវិធីថ្មីៗ ហើយប្លែកៗ និង ល្អប្រសើរជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីសក្ដានុពលតំបន់កម្សាន្តនានានៅខេត្តកំពង់ធំ ពិសេសតំបន់ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុហ៍។
អាជ្ញាធរខេត្ត និងមន្ត្រីមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ឱ្យដឹងថា ពួកគេត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មីសំបូរព្រៃគុហ៍ នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុហ៍ រយៈពេល៣ថ្ងៃ។ ការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅលើទឹកដីរាជធានីប្រវត្តិសាស្ត្ររបស់ខ្មែរ គឺដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ឱ្យកាន់តែស្គាល់រាជធានីបុរាណរបស់ខ្មែរ និងសក្ដានុពលតំបន់រមណីដ្ឋានផ្នែកប្រវត្តិសាស្ត្រ និងធម្មជាតិរបស់ខេត្តមួយនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន មានប្រសាសន៍នៅថ្ងៃទី១៣ មេសា ថា កម្មវិធីសំខាន់ៗ ដូចជាការតាំងពីពិព័រណ៍ផលិតផល ឬរូបថតតាមមន្ទីរស្ថាប័ននៅក្នុងខេត្ត ព្រមទាំងផលិតផលសហគមន៍មូលដ្ឋាន។ បង្កើតជាភូមិជនជាតិដើមភាគតិច និងមានការសម្ដែងរបាំប្រពៃណីដែលជាវប្បធម៌របស់ពួកគាត់។ ក្រៅពីនេះ មានការលេងល្បែងប្រជាប្រិយផ្សេងៗ ព្រមទាំងការរាំកម្សាន្ត និងការផលិតសម្ភារៈតំណាងឱ្យជនជាតិភាគតិច ដើម្បីរក្សាប្រពៃណីវប្បធម៌របស់ពួកគេផង៖ «ដោយសារឆ្នាំនេះយើងមានពិសេសខ្លះ ដោយសារយើងបានធ្វើជាចន្លុះយក្ស កន្ត្រកយក្ស យើងមានភូមិកួយ និងមានស្តង់ពិព័រណ៍ ដើម្បីឱ្យបណ្ដាលមន្ទីរហ្នឹងតាំងជាផលិត»។
ប្រធានមន្ទីរទេសចរណ៍ដដែលឱ្យដឹងថា ក្រៅពីរមណីយដ្ឋានប្រាសាទសំបូរព្រៃគុហ៍ នៅតាមតំបន់រមណីយដ្ឋានផ្សេងទៀត គឺមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងរាំរែកជាដើម។
ពិធីសង្ក្រាន្តឆ្នាំថ្មី សំបូរព្រៃគុហ៍ គឺត្រូវបានរៀបចំឡើងជាលើកទី៣ នៅលើទឹកដីនៃរាជធានីខ្មែរសម័យចេនឡា ហើយទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៥ ពិធីសំបូរសង្ក្រាន្តដែលធ្វើឡើងជាលើកទី១ ទទួលបានភ្ញៀវទេសចរជាង ៩ម៉ឺននាក់ក្នុងរយៈពេលបីថ្ងៃ ហើយឆ្នាំ ២០១៦ ដែលរៀបចំជាលើកទី ២ ទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺននាក់ ថយចុះជាង១០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៥ ដោយសារតែអាកាសធាតុក្ដៅខ្លាំងពេក។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា គោលបំណងដែលអាជ្ញាធរខេត្តរៀបចំកម្មវិធីទាំងនេះ មិនត្រឹមតែបង្កើតបរិយាកាសឱ្យពលរដ្ឋខ្មែរដែលចូលរួមបានសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែបង្កើតឡើងដើម្បីលើកស្ទួយប្រពៃណីវប្បធម៌ ពិសេសផ្សព្វផ្សាយពីអរិយធម៌របស់ខ្មែរ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្ររបស់ខ្មែរដល់ក្មេងជំនាន់ក្រោយ និងឱ្យពិភពលោកបានដឹង។ លោកអះអាងថា អាជ្ញាធរបានត្រៀមកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់សម្រាប់ការពារសន្តិសុខសណ្ដាប់ធ្នាប់នាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ ពិសេសនៅតំបន់ប្រាសាទសំបូរព្រៃគុហ៍តែម្ដង៖ «និយាយរួមបញ្ហាសន្តិសុខគឺខាងរដ្ឋបាលសាលាខេត្តបានគិតគូរណាស់ យើងបានប្រជុំជាច្រើនលើកច្រើនសារជាមួយកងកម្លាំងទាំងបី។ ក្នុងនោះសម្រាប់តំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុហ៍ យើងបានត្រៀមកម្លាំងជាច្រើនធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋគឺមួយរយភាគរយ» ។
អភិបាលខេត្តដដែល បន្ថែមថា តម្លៃសេវាកម្មឬ ទំនិញផ្សេងៗ ព្រមទាំងបញ្ហាបរិស្ថានផង អាជ្ញាធរបានគិតគូរយ៉ាងយកចិត្តទុកដាក់ និងផ្សព្វផ្សាយមិនឱ្យអាជីវករដំឡើងថ្លៃទំនិញឡើយ។
ទាំងអភិបាលខេត្ត និងប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ រំពឹងថា ពិធីសង្ក្រាន្តឆ្នាំថ្មីសំបូរព្រៃគុហ៍ នឹងអាចទាក់ទាញភ្លៀងទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តបានច្រើនជាងឆ្នាំមុនៗ។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុហ៍ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ។ រមណីយដ្ឋាននេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវបរទេសសន្និដ្ឋានថាគឺជា រាជធានីរបស់ខ្មែរក្នុងសម័យចេនឡា ដែលមានឈ្មោះថា ឥសានបុរៈ ឬឥសានបុរី ក្នុងរាជ្យព្រះបាទ ឥសានវរ្ម័នទី១ នាដើមសតវត្សទី៧ ដោយដាក់ឈ្មោះស្របតាមព្រះនាមរបស់ទ្រង់។ ចំណែកអ្នកកសាងបន្តទៀត គឺ ព្រះបាទ ភវវរ្ម័នទី២ ដោយដាក់នាមថា ភវបុរៈ គឺដូចគ្នាទៅនឹងបច្ឆាមរណនាមរបស់ព្រះអង្គដែរ រួមនិងក្សត្រមួយចំនួនទៀត ។ នៅក្នុងបរិវេណរាជធានីបុរាណខ្មែរ មួយនេះ គឺមានប្រាសាទជិត ៣០០ប្រាសាទ (២៩៣) លើទំហំផ្ទៃដីបច្ចុប្បន្នប្រមាណ ៣០គីឡូម៉ែត្រក្រឡា៕