Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ស្នើ​ពលរដ្ឋ​ទុក​ដាក់​សំរាម​ដោយ​ខ្លួន​ឯង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ

$
0
0

មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​ប្រតិបត្តិ​ករ​ទេសចរ ត្រូវ​វេច​ខ្ចប់​កាកសំណល់​សំរាម និង​ត្រូវ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ឆ្នាំ​នេះ។ មន្ត្រី​ដដែល​បញ្ជាក់​ថា បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី ត្រូវ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ ហើយ​គ្មាន​បុគ្គលិក​ដើរ​ប្រមូល​សំរាម យក​ទៅ​បោះចោល​នោះ​ទេ។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​រំលឹក​ដល់​ប្រតិបត្តិ​ករ​ទេសចរ និង​ប្រជាពលរដ្ឋ​នា​ទីប្រជុំជន ទូទាំង​ក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យ​វេច​ខ្ចប់ និង​ទុកដាក់​កាកសំណល់​សំរាម នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ នា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​រយៈពេល ៣​ថ្ងៃ ដើម្បី​ថែរក្សា​អនាម័យ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​នេះ ឲ្យ​មាន​សោភ័ណ​ភាព​ល្អ។

លោក​ឲ្យ​ដឹង​ថា បុណ្យ​ចូល​ឆ្នាំថ្មី​ឆ្នាំនេះ បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិនទ្រី ក៏​ត្រូវ​អនុញ្ញាត ឲ្យ​ឈប់​សំរាក​ធ្វើ​បុណ្យទាន ដូច​មន្ត្រីរាជការ នៅ​តាម​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​ឯកជន​ដ៏ទៃ​ទៀត​ដែរ​។ ដូច្នេះ​ស្នើ​ដល់​ប្រតិបត្តិ​ករ​ទេសចរ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​ទាំងអស់ ត្រូវ​វេច​ខ្ចប់​កាកសំណល់ និង​ទុកដាក់​ឲ្យ​មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ទីតាំង របស់​ខ្លួន ព្រោះ​រយៈពេល ៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ខ្មែរ មិន​មាន​អ្នក​បើ​ប្រមូល​សំរាម​ទេ។

ករណី​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​រំលឹក​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ ឲ្យ​រួមគ្នា​សំអាត​បរិស្ថាន​ឆ្នេរ និង​នៅ​តាម​ទីប្រជុំជន ដោយ​មិន​ត្រូវ​លួច​បង្ហូរ​កាក​សំណល់ ឬ​លួច​បង្ហូរ​ទឹក​ស្អុយ សល់​ពី​ការ​ធ្វើ​អាជីវកម្ម​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ ដែល​ប្រតិបត្តិ​ករ​ទេសចរ​ខ្លះ ធ្លាប់​លួច​ធ្វើ​សកម្មភាព​ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជាមុន​ទៀត​ទេ។

ទោះ​យ៉ាង​ណា​ប្រជាពលរដ្ឋ រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​រអ៊ូរទាំ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​មេសា កាកសំណល់ សំរាម ត្រូវ​គេ​យក​មក​គរ​ទុកចោល នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​សំខាន់ៗ​មួយ​ចំនួន ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លងកាត់ មាន​ដូចជា៖ នៅ​តាម​ផ្លូវ​នៅ​ម្ដុំ​រង្វល់​មូល​តោ​ពីរ ផ្លូវ​ប្រប​មាត់សមុទ្រ​ឆ្នេរ​អូរ​ឈើទាល និង​ផ្លូវ​ទល់មុខ​សាលាខេត្ត​ព្រះសីហនុ​ជាដើម ដោយ​មិន​មាន​ក្រុមហ៊ុន​ស៊ិនទ្រី និង​ស្ថាប័ន​ពាក់ព័ន្ធ មក​ប្រមូល​ទេ និង​មាន​ក្លិនស្អុយ​អា​សោច។

ប្រតិបត្តិ​ករ​ទេសចរ​រូប​នេះ ស្នើ​ដល់​រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ទៅលើ​កាកសំណល់​សំរាម ដែល​ទុកចោល​គ្មាន​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ នៅ​មុន​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ចូល​មក​ដល់ ដើម្បី​រក្សា​កិត្តិយស​ខេត្ត​ព្រះសីហនុ៖ «បញ្ហា​សំរាម​នេះ​ដែរ ខ្ញុំ​ជា​អាជីវករ​នៅ​ផ្សារ​រាត្រី សំរាម​នៅ​តាម​ផ្លូវ​សំខាន់​មួយ​ចំនួន​មាន​រថយន្ត ប្រមូល​សំរាម​នៅ​ក្រុមហ៊ុន​ស៊ិនទ្រី បាន​ដឹក​យក​ទៅ​ចាក់ចោល។ ប៉ុន្តែ​ចំណែក​សំរាម ដែល​គេ​គរ​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្សារ​រាត្រី ដែល​មាន​ក្លិន​ស្អុយ ដល់​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ប៉ុន្មាន​ថ្ងៃ​មកនេះ មិន​មាន​ក្រុមហ៊ុន ឬ​ផ្នែក​ពាក់ព័ន្ធ​ណាមួយ​មក​ប្រមូល​យក​ទៅ​ចោល​ទេ»

ទាក់ទិន​កាកសំណល់​ដែល​គេ​ទុកចោល​គ្មាន​សណ្ដាប់ធ្នាប់ និង​ការ​លួច​បង្ហូរ​ទឹក​ស្អុយ​ចេញពី​ទីតាំង​ប្រកប​អាជីវកម្ម​មួយ​ចំនួន ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជាមុន​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​រង​ការរិះគន់​ខ្លាំងៗ​ពី​សាធារណជន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​បន្តបន្ទាប់។

ក្រុម​អ្នក​រិះគន់ បាន​ចោទ​ម្ចាស់​ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​កាស៊ីណូ​ជាដើម ដែល មាន​ទីតាំង​ប្រកប​អាជីវកម្ម នៅ​ជាប់​ឆ្នេរសមុទ្រ ថា​បាន​លួច​បង្ហូរ​កាកសំណល់ ពិសេស​ទឹក​ស្អុយ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជាមុន។ ជាង​នេះ ម្ចាស់​ទីតាំង​ទាំងនោះ​តែង បាន​អ៊ួតអាង​ថា មាន​ខ្នងបង្អែក ហើយ​មាន​ពេល​ខ្លះ ពួកគេ​មិនបាន​សហការ ទៅតាម​ការណែនាំ របស់​មន្ត្រី​ជំនាញ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ស្នើ​ឲ្យ​ចូលរួម​អនុវត្ត​នោះ​ទេ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធិ ប្រាប់​អាស៊ីសេរី​ថា អាច​នឹង​មាន​ការ​ពិន័យ​ទៅដល់​ម្ចាស់​ទីតាំង​ទាំងឡាយ​ណា ដែល​បោះចោល​សំរាម ឬ​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជាមុន បើសិនជា​មន្ត្រី​ជំនាញ​រក​ឃើញ​កំហុស​ឆ្គង។

មន្ត្រី​រូប​នេះ​ស្នើ​ដល់​ដល់​ប្រជាពលរដ្ឋ ពិសេស​ប្រតិបត្តិ​ករ​ទេសចរ ជា​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ ឬ​កាស៊ីណូ និង​ភោជនីយដ្ឋាន ដែល​មាន​ទីតាំង​រកស៊ី​នៅ​ជាប់​មាត់សមុទ្រ ត្រូវ​ចូលរួម​សហការ​សំអាត​ឆ្នេរ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​អាជ្ញាធរ​ជំនាញ បើ​ពុំ​នោះ​ទេ នឹង​ទទួលរង​នូវ​ការ​ពិន័យ ឬ​ឈាន​ដល់​ផ្អាក​អាជីវកម្ម​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​ជា​បណ្ដោះអាសន្ន​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles