Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ថា​អ្នក​ពិការ​ក្នុង​សម័យ​នេះ​មាន​សំណាង​ជាង​សម័យ​មុន

$
0
0

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ដោយ​មោទនភាព​ថា ជន​ពិការ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ពិត​ជា​មាន​សំណាង​ជាង​ជន​ពិការ ក្នុង​សម័យ​សង្គ្រាម និង​ជំនាន់​លោក។ ផ្ទុយ​ពី​ការ​អះអាង​នេះ អង្គការ​ជន​ពិការ​កម្ពុជា យល់​ឃើញ​ថា ជន​ពិការ​មិន​ចេះ​តែ​សំណាង​ទាំង​អស់​នោះ​ទេ ពោល​មាន​ជន​ពិការ​ជា​ច្រើន​ទៀត កំពុង​រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​ឡើយ។

ថ្លែង​ទៅ​កាន់​ជន​ពិការ​ដែល​ជា​យោធិន​នៅ​ស្រុក​គូលេន ខេត្ត​សៀមរាប​លោក ហ៊ុន​សែន បញ្ជាក់​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ក្នុង​អាណត្តិ​របស់​លោក មិន​ដែល​រើសអើង​ជន​ពិការ​ម្ដងណា​​ឡើយ ហើយ​ពួក​គេ​​ទាំង​នោះ តែង​ទទួល​បាន​ការ​គាំពារ​ជា​និច្ច​ទាំង​ស្មារតី និង​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល។

ការ​ថ្លែង​ដូច​នេះ​របស់​លោក​នាយករដ្ឋមន្ត្រី ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ មេសា។ លោក ហ៊ុន សែន រំលឹក​ពី​ការ​ឈឺ​ចាប់​ដោយ​របួស​ក្នុង​សម័យ​សង្គ្រាម​ផង បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​មិន​ដែល​បោះបង់​ចោល​ជន​ពិការ​ឡើយ។ លោក​នាយករដ្ឋមន្ត្រី ថ្លែង​ដោយ​មោទនភាព​ថា ជន​ពិការ​ក្នុង​សម័យ​នេះ ពិត​ជា​ខុស​ពី​ជន​ពិការ​សម័យ​មុន ដែល​ពេល​នេះ​រដ្ឋ និង​បក្ស​កាន់​អំណាច​គាំពារ និង​ជ្រោមជ្រែង​ស្ទើរ​សប​គ្រប់​ទៅ​ហើយ។ លោក​បន្ត​ថា «សម្រាប់​ខ្លួន​ខ្ញុំ​បទ​ពិសោធ នៅ​ពេល​ដែល​ធ្លាក់​ខ្លួន​ពិការ​បាត់បង់​កែវ​ភ្នែក នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​នៅ​សម័យ ប៉ុល ពត មិនមែន​ដូច​ថ្ងៃ​នេះ​ដែល​យុទ្ធជន​ពិការ​របស់​យើង​មាន​រាជ​រដ្ឋាភិបាល ជាពិសេស​មាន​គណបក្ស​ប្រជាជន​យក​ចិត្ត​ទុកដាក់។ កាល​ពី​ខ្ញុំ​ពិការ នៅ​ក្នុង​កាលៈទេសៈ​ដែល​លំបាក​ណាស់ »

របាយការណ៍​របស់​អង្គការ​ជន​ពិការ​កម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ជន​ពិការ​ជាង ៥៥ម៉ឺន​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រមាណ ១៥លាន​នាក់។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ​ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា​លោក ងិន សាវរ័ត្ន យល់​ឃើញ​ថា ជន​ពិការ​មិន​មែន​សុទ្ធ​តែ​សំណាង​ដូច​លោក​នាយករដ្ឋមន្ត្រី លើកឡើង​នោះ​ទេ។ លោក​បន្ត​ថា មាន​ជន​ពិការ​ច្រើន​ណាស់​ដែល​រស់​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​កំពុង​រស់​ស្ថិត​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​ឡើយ។ លោក​បន្ត​ថា «ខ្ញុំ​យល់​ថា​អ្នក​មាន​សំណាង​សម្រាប់​តែ​ជន​ពិការ​នៅ​តាម​ទីក្រុង ប៉ុន្តែ​សម្រាប់​ជន​ពិការ​រស់​នៅ​តាម​ជនបទ​នៅ​តែ​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។តែ​យើង​អាច​បែងចែក​រូបភាព​២ រូប​ភាព​ទី​១​ដូច​ករណី​ដែល​ច្បាប់​ត្រូវ​បាន​អនុវត្ត​ហើយ​របប​គោលនយោបាយ​រដ្ឋ​ផ្ដល់​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​ជន​ពិការ យើង​អាច​ចាត់​ទុក​ថា​វា​ជា​សំណាង​របស់​ជន​ពិការ »

រដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​គោលនយោបាយ ដើម្បី​កាត់​បន្ថយ​គម្លាត​នៃ​ភាព​ក្រីក្រ​របស់​ជន​ពិការ។ តាម​រយៈ​គោលនយោបាយ​នេះ រដ្ឋាភិបាល​តម្រូវ​ឲ្យ​ជន​ពិការ​ប្រមាណ ២ភាគរយ បាន​បម្រើការ​នៅ​តាម​ក្រុមហ៊ុន​​ឯកជន។ ក្រៅ​ពី​នេះ ២ភាគរយ​ផ្សេង​ទៀត អាច​ចូល​បម្រើការ​នៅ​តាម​ស្ថាប័ន​រដ្ឋ។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា​លោក ងិត សាវរ័ត្ន យល់​ឃើញ​ថា គោលនយោបាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នេះ ហាក់​មាន​ការ​ឆ្លើយ​តប​តិច​តួច​នៅ​ឡើយ។ លោក​បន្ត​ថា កត្តា​ដែល​នាំ​ឲ្យ​ជន​ពិការ​មិន​អាច​សម្រេច​បំណង​នេះ​បាន ក្រៅ​ពី​នៅ​មាន​ការ​រើសអើង​ជន​ពិការ​ហើយ ទាក់ទង​នឹង​ជំនាញ​ទៀត​សោត​របស់​ពួក​គេ​ជា​ជន​ពិការ ក៏​ជា​បន្ទុក និង​ជា​បញ្ហា​ប្រឈម​ថែម​មួយ​កម្រិត​ទៀត​ដែរ។ លោក​បន្ត​ថា «យើង​នៅ​តែ​សង្កេត​ឃើញ​ថា​ជន​ពិការ​យើង​នៅ​តែ​បន្ត​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ហើយ​មាន​ការ​លំបាក​រក​ការងារ​ធ្វើ​ដែរ។វា​មិន​មែន​ជា​បញ្ហា​របស់​រដ្ឋាភិបាល​ទេ ការ​ពិត​ទៅ​នេះ​ជា​បញ្ហា​របស់​ជន​ពិការ​ផ្ទាល់​អត់​មាន​ជំនាញ និង​បទពិសោធន៍​ការងារ »

បើ​ទោះ​ជា​បែប​ណា ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា ចង់​ឃើញ ជន​ពិការ​អាច​នឹង​មាន​ការ​វិវិត្ត​ប្រសើរ​ជាង​នេះ តាមរយៈ​ចំណូល​យ៉ាង​តិច ១២០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ។ ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព តាមរយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​បាន​ស្មើ​ៗ​គ្នា។ មាន​របប​គោលនយោបាយ​ដ៏​ជាក់​លាក់​មួយ​សម្រាប់​ជន​ពិការ និង​ចង់​ឃើញ​រដ្ឋាភិបាល​ផ្ដល់​លទ្ធភាព​ឲ្យ​ជន​ពិការ​មាន​សិទ្ធិ​ខ្ចី​ឥណទាន ដើម្បី​ពង្រីក​មុខ​របរ​ខ្នាត ឬ​មធ្យម​នៅ​តាម​សហគមន៍​ជាដើម ដូច​ពលរដ្ឋ​ដែល​មាន​កាយ​សម្បទាន​ដែរ៕

នៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles