តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងទីក្រុងឡុងប៊ិច (Long Beach) បើកសវនាការបង្ហាញអង្គហេតុ និងភស្តុតាង ករណីបង្ករបួសស្នាមលើស្មៀនរត់ការឯកសារ របស់តុលាការឈ្មោះ ផល ហេយស៍ (Paul Hayes) ដោយក្រុមអង្គរក្សលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ មេសានេះ វេលាម៉ោង ៨ និង៣០ នាទី ព្រឹក ម៉ោងនៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។
តុលាការក៏នឹងពិនិត្យលើករណីបណ្ដឹងរបស់ភរិយាលោក មាជ សុវណ្ណារ៉ា និងលោក ញ៉យ ចំរើន ដែលប្ដឹងរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត ពីបទធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងអំពើភេរវកម្ម អន្តរជាតិនៅថ្ងៃនេះដែរ។
កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅ អង្គរក្សលោក ហ៊ុន ម៉ាណែត មួយហ្វូងបានចាប់បោក លោកផល ហេយស៍ ជាស្មៀនមេធាវីអាមេរិកាំង ទៅលើថ្ម ក្នុងបរិវេណភោជនីយដ្ឋាន ឋានព្រះចន្ទ ឲ្យរបួសធ្ងន់ ក្នុងទីក្រុងឡុងប៊ិច ខណៈ លោក ផល ឈោងជូនដីការបស់តុលាការសហព័ន្ធអាមេរិក នៅក្រុងឡូសអែនជឺឡេស (Los Angeles) ដែលកោះហៅ លោក ហ៊ុន ម៉ាណែត ឲ្យចូលបំភ្លឺករណីចោទប្រកាន់របស់បណ្ដឹងភរិយាលោក មាជ សុវណ្ណារ៉ា។
សវនាការនៅថ្ងៃនេះ ចៅក្រមនឹងសាកសួរអំពីព័ត៌មាន ជនសង្ស័យពីររូប និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងករណីបង្ករបួសស្នាម លើលោក ផល ដែលក្រុមសមត្ថកិច្ច ប៉ូលិសអាមេរិកបានរកឃើញ៕