ខណៈដែលប្រជាពលរដ្ឋខ្មែរកំពុងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ប្រជាពលរដ្ឋរស់នៅក្រុងបានលុង ខេត្តរតនគិរីមួយចំនួនបានចាកចេញទៅស្រុកកំណើត ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំជាមួយសាច់ញាតិ។ ដោយឡែកប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតនាំគ្នាទៅទីផ្សារទិញសម្ភារៈគ្រឿងប្រើប្រាស់ចំណីអាហារត្រៀមចូលរួមបុណ្យចូលឆ្នាំនៅក្នុងខេត្តដូចសព្វដង។
មុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះប្រជាពលរដ្ឋរស់នៅក្រុងបានលុងខេត្តរតនគិរីកាន់តែច្រើននាំគ្នាទៅផ្សារដើម្បីទិញសម្ភារៈប្រើប្រាស់ចំណីអាហារនំចំណីត្រៀមសម្រាប់ចូលរួមអបអរសាទរឆ្នាំថ្មីដែលនឹងចូលមកដល់ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៧។
ប្រធានផ្សារបានលុង លោក ជា សុផាត កត់សំគាល់ថា ខុសគ្នាពីរដូវបុណ្យចូលឆ្នាំកាលពីឆ្នាំកន្លងទៅនៅទីផ្សារបានលុង ចាប់ពីថ្ងៃទី១១ រហូតមកមានមនុស្សអ៊ូអរច្រើននាំគ្នាមកទិញគ្រឿងសម្ភារៈតម្រូវការរៀបចំពិធីបុណ្យចូលឆ្នាំខុសថ្ងៃធម្មតា បើទោះបីប្រជាពលរដ្ឋប្រមាណ៤០ភាគរយដែលរស់នៅក្នុងក្រុងនេះបានវិលទៅស្រុកកំណើតយ៉ាងណាក្ដី។ លោកថា អាជីវករលក់ដូរទំនិញក្នុងផ្សារ មានសកម្មភាពមមាញឹកលក់ដូរទំនិញរបស់ខ្លួនក៏ប៉ុន្តែតម្លៃទំនិញមិនមានការប្រែប្រួលអ្វីខុសពីថ្ងៃធម្មតានោះទេ៖ «យើងគិតថា កសិផលរបស់កសិករថយចុះ ប៉ុន្តែកសិករចូលផ្សារច្រើនគាត់ទិញអីវ៉ាន់ឆ្នាំនេះចម្លែកជាសព្វដង អ្នកលក់ដូរឆ្នាំនេះលក់ដាច់ច្រើន»។
កាលពីឆ្នាំ២០១៦ ពីរសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំខ្មែរអាជីវករក្រុងបានលុងភាគច្រើនបិទតូប ឬអាគារលក់ទំនិញរបស់ខ្លួនជាបន្តបន្ទាប់ដោយសារតែគ្មានអតិថិជន។ ប្រជាពលរដ្ឋភាគច្រើនទៅស្រុកកំណើតឬទៅលេងនៅតាមតំបន់រមណីយដ្ឋាននៅតាមបណ្តាខេត្តនាតំបន់សមុទ្រ ឬទៅចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាដើម។
អាជីវករលក់សាច់ជ្រូកផ្សារបានលុង អ្នកស្រី ចាន់ ណារី បង្ហាញភាពរីករាយខណៈអតិថិជនមកផ្សារច្រើនខុសឆ្នាំមុន ធ្វើឲ្យអាជីវករលក់ទំនិញដាច់។ អ្នកស្រីរំពឹងថា នឹងរកបានប្រាក់ចំណូលបន្តទៀតនៅថ្ងៃបុណ្យចូលឆ្នាំពីព្រោះឆ្នាំនេះនៅខេត្តរតនគិរី មានរៀបចំសង្ក្រាន្តឆ្នាំថ្មីដែលរំពឹងថា អ្នកទេសចរមកទស្សនាច្រើន៖ «មនុស្សដើរច្រើនដាច់ខោអាវច្រើនគេដើរទិញខោអាវគ្រឿងអលង្ការបន្លែត្រីសាច់ធម្មតា។ អញ្ចឹងយើងនៅលក់ដល់ថ្ងៃចូលឆ្នាំអត់ឈប់ទេព្រោះយើងលក់ដាច់»។
ប្រពៃណីចូលឆ្នាំខ្មែរឆ្នាំនេះ អាជ្ញាធរខេត្តរតនគិរី និងស្ថាប័នពាក់ព័ន្ធរួមមានសាលាក្រុងមន្ទីរវប្បធម៌មន្ទីរទេសចរណ៍បានសហការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរយៈពេលបីថ្ងៃ រួមមានការរៀបចំលេងល្បែងប្រជាប្រិយនៅមន្ទីរវប្បធម៌ ការរត់ប្រណាំងម៉ារ៉ាតុង នៅជុំវិញបឹងកន្លែង ល្បែងជិះកង់យឺត ល្បែងក្បាច់ដាវ ការប្រគំតន្ត្រីពិព័រណ៍ម្ហូបអាហារប្រជាពលរដ្ឋតំបន់ឦសាន និងពិធីបាញ់កាំជ្រួចនៅមាត់បឹងកន្សែងជាដើម។
អភិបាលក្រុងបានលុង លោក ងិន ណែល មានប្រសាសន៍បញ្ជាក់ថា ដោយសារខេត្តរតនគិរីមានការអភិវឌ្ឍច្រើនលើវិស័យផ្លូវគមនាគមន៍ អគ្គិសនី និងអាគារសំណង់ភោជនីយដ្ឋាន សណ្ឋាគារផ្ទះសំណាក់ មណ្ឌលកីឡា និងល្បែងកម្សាន្ត ជាពិសេសតំបន់រមណីយដ្ឋានបឹងយក្សឡោមនិងតំបន់ទឹកជ្រោះ សុទ្ធសឹងតែអាចទាក់ទាញអ្នកទេសចរមកកម្សាន្តកាន់តែច្រើន។ លោកថាអាជ្ញាធរកំពុងរៀបចំលម្អតាមសូនច្បារធ្វើអនាម័យសំអាតក្រុង តាមដងផ្លូវសាធារណៈ និងរៀបចំកងសន្តិសុខ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបានកាន់តែប្រសើរចាប់ពីពេលនេះរហូតដល់ថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ៖ «រៀបចំកម្មវិធីអស់ហើយ កម្មវិធីទី១មានរត់ម៉ារ៉ាតុងសកម្មភាពកីឡាកម្មវិធីល្បែងប្រជាប្រិយនៅក្នុងមន្ទីរវប្បធម៌ ហើយមានកម្មវិធីបាញ់កាំជ្រួចដែលអភិបាលខេត្តជាអ្នករៀបចំ»។
ចំណែកប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បញ្ជាក់ដែរថា អាជ្ញាធរខេត្តបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដើម្បីទាក់ទាញវិស័យទេសចរណ៍ មកកម្សាន្តខេត្តរតនគិរី ស្របគ្នានិងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅខេត្តសៀមរាប ឬតាមបណ្ដាខេត្តនានាដែរ។ លោករំពឹងថា កំណើនអ្នកទេសចរនឹងកើនប្រមាណ៥ភាគរយប្រៀបធៀបពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៦៖ «ឃើញភ្ញៀវទេសចរមក៥ ទៅ៦ឡានធំៗគេមកដល់យប់មិញខ្លះគេអាចដើរលេងមុននិងបន្តទៅលេងសង្ក្រាន្តនៅសៀមរាប។ នៅតាមស្រុកខ្លះមានតំបន់រមណីយដ្ឋានយើងបានណែនាំឲ្យអាជ្ញាធរស្រុករៀបចំតំបន់រមណីយដ្ឋានក្នុងតំបន់សម្រាប់អ្នកទេសចរ ឬចង់មកលេងតំបន់ទេសចរណ៍ក្នុងក្រុងក៏បានដែរ»។
អាជ្ញាធរក្រុងបានលុង ឲ្យដឹងថា នៅឆ្នាំ២០១៧ នេះ សណ្ឋាគារ និងផ្ទះសំណាក់ កើនឡើងរហូតជាង ១ពាន់បន្ទប់ ក្នុងនោះសណ្ឋាគារមាន ១៤កន្លែង និងផ្ទះសំណាក់មាន ៣៥កន្លែង។ ដោយឡែកមានសណ្ឋាគារខ្នាតទំនើបចំនួន៥ និងតំបន់កម្សាន្តទំនើបមានអាងហែលទឹកចំនួន៣ បានសាងសង់រួច។
អ្នកទេសចររស់នៅក្នុងខេត្តរតនគិរី លោក ង៉ែត សារុំ ចាប់អារម្មណ៍ថា អាជ្ញាធរខេត្តចាត់តាំងរៀបចំសម្រាប់បុណ្យចូលឆ្នាំមានសភាពប្លែក និងទាក់ទាញច្រើន។ លោកថា តំបន់ទឹកជ្រោះជាច្រើនក្នុងខេត្តនេះក៏ជាតំបន់រមណីយដ្ឋានធម្មជាតិស្រល់ស្អាតសម្រាប់អ្នកទេសចរមកកម្សាន្តនៅថ្ងៃចូលឆ្នាំ។
ទោះបីជាយ៉ាងនេះក្ដី អាជ្ញាធរខេត្តរតនគិរីអះអាងថា កងសន្តិសុខមាននគរបាល កងរាជអាវុធហត្ថនិងក្រុមប្រជាការពារបានត្រៀមការពារពារសុវត្ថិភាពរៀបចំសណ្ដាប់ធ្នាប់ចរាចរជូនប្រជាពលរដ្ឋជាពិសេសមន្ត្រីមន្ទីរទេសចរណ៍បានណែនាំឲ្យក្រុមអាជីវករអនុវត្តសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ឲ្យពង្រឹងការមិនដំឡើងថ្លៃទំនិញ ពង្រឹងគុណភាព និងអនាម័យចំណីអាហារនិងសេវាកម្មល្អដើម្បីទាក់ទាញវិស័យទេសចរណ៍៕