ក្រសួងធនធានទឹក និងឧតុនិយមអះអាងថា នឹងមានភ្លៀងកក់ខែ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ មេសា។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ផ្សព្វផ្សាយនៅថ្ងៃទី១៣ មេសា ឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា បច្ចុប្បន្នកម្រិតសម្ពាធទាបកំពុងមានឥទ្ធិពលគ្រប់ដណ្ដប់លើប្រទេសកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា តំបន់ខ្ពង់រាបអាចនឹងមានភ្លៀងកក់ខែ ពីមធ្យមទៅច្រើន ជាពិសេសនៅពេលយប់ ខណៈតំបន់ទំនាបកណ្ដាលភាគកណ្ដាល និងពាយ័ព្យ អាចនឹងមានភ្លៀងកក់ខែ ពីតិចទៅមធ្យម។ ចំណែកតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់កក់ខែពីតិចទៅមធ្យម ជាពិសេសនៅខេត្តកោះកុង៕