Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាលា​រាជធានី​ភ្នំពេញ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី

$
0
0

សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា រៀបចំ​កម្មវិធី​សង្ក្រាន្ត​វត្តភ្នំ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ គឺ​ពី​យប់​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​មេសា។ សង្ក្រាន្ត​ឆ្នាំ​ចាស់ ឆ្នាំ​វក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​រកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រិស្តសករាជ ២០១៧។ ពិធី​អបអរ​ឆ្នាំ​ថ្មី​សង្ក្រាន្ត​វត្ត​ភ្នំ សាលា​រាជធានី​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដោយ​មាន​​លេង​ល្បែង​ប្រជាប្រិយ ប្រគំតន្ត្រី បង្ហាញ​គំរូ​​ផ្ទះ​បុរាណ​ខ្មែរ ការ​តាំង​ពិព័រណ៍​លក់​ផលិតផល និង​កសិផល​ខ្មែរ​ផង។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដំណើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី អញ្ជើញ​ទៅ​ជួបជុំ​គ្នា​លេង​កម្សាន្ត​អបអរ​ឆ្នាំ​ថ្មី សង្ក្រាន្ត​វត្ត​ភ្នំ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ ដែល​មាន​កម្មវិធី​ពិសេស​ជាង​រាល់​ឆ្នាំ។

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​រាជធានី លោក មាន ចាន់យ៉ាដា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា ថា ជា​រៀងរាល់​ឆ្នាំ​សាលា​រាជធានី បាន​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ  ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ សាលា​រាជធានី​មាន​កម្មវិធី​ពិសេស​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​វប្បធម៌​ទំនៀម​ទម្លាប់ ប្រពៃណី​ខ្មែរ។ លោក​បន្ត​ថា សាលា​រាជធានី​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​អប់រំ ដោយ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ ការ​ប្រគំតន្ត្រី ការ​សង់​ជា​ផ្ទះ​បុរាណ​ខ្មែរ ការ​តាំង​ពិព័រណ៍​លក់​ផលិតផល និង​កសិផល​ខ្មែរ​ផង៖ «យើង​មាន​បង្ហាញ​អំពី​ផ្ទះ​បុរាណ​ខ្មែរ ផ្ទះកន្តាំង គឺ​យើង​បង្ហាញ​ផលិតផល​ខ្មែរ​យើង មាន​បង្ហាញ​ផ្សារ​ភូមិ​ដូនពេញ​ពី​បរម​បុរាណ​ជា​ផ្សារ​ក្រមួន​ដែល​លក់​ផលិតផល​ខ្មែរ​យើង និង​វត្ថុ​ធ្វើ​អំពី​ដៃ ដើម្បី​លើក​កម្ពស់​ប្រពៃណី វប្បធម៌​យើង»

អនុ​ប្រធាន​ការិយាល័យ​សូន្យ​រូប​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ឡោ ច័ន្ទគុណ ថ្លែង​ថា ក្រុម​ការងារ​អ្នកស្រី រៀបចំ​តុបតែង​ផ្ទះ​កន្តាំង​ដែល​ជា​ផ្ទះ​បុរាណ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់៖ «អស់​នេះ​ឥឡូវ​នេះ​អត់​មាន​ទេ យើង​ចង់​ឲ្យ​ក្មេងៗ​ស្គាល់​យើង​រៀបចំ​ឲ្យ​មាន​ជា​តំណាង ផ្ទះកន្តាំង ផ្ទះ​ខ្មែរ។ ពួក​ខ្ញុំ​ជា​អ្នក​តំណាង​វប្បធម៌​ចង់​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ស្គាល់​អត្តសញ្ញាណ​ខ្មែរ​យើង»

ចំណែក​មន្ត្រី​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌ កញ្ញា ស៊ិន សុវណ្ណរតនា ដែល​កំពុង​រៀបចំ​ផ្ទះ​បុរាណ និង​ដាក់​តាំង​បង្ហាញ​សម្ភារៈ​ធ្វើ​ពី​ដី​ដុត​ថ្លែង​ថា គោលបំណង​សំខាន់​គឺ​ចង់​ឲ្យ​ពលរដ្ឋ និង​អ្នក​ទេសចរណ៍​ស្គាល់​ផលិតផល កសិផល គ្រឿង​តម្បាញ និង​តន្ត្រី​បុរាណ​ខ្មែរ​ជា​ដើម​ដើម្បី​លើក​កម្ពស់​អត្តសញ្ញាណ​ជាតិ និង​ផលិតផល​ស្នាដៃ​ខ្មែរ៖ «យើង​លក់​អ៊ីចឹង ជា​ពិសេស​ជន​បរទេស​គាត់​ស្គាល់​អាច​យក​ទៅ​ធ្វើ​ជា​អនុស្សាវរីយ៍​ថា នេះ​ហើយ​ជា​របស់​ខ្មែរ​ខ្មែរ​អ្នក​ធ្វើ​ខ្លួន​ឯង»

ពលរដ្ឋ​ដែល​បាន​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​វត្ត​ភ្នំ ថ្លែង​ប្រហាក់ប្រហែល​គ្នា​ថា ពួកគេ​រំភើប​ចំពោះ​ការ​រៀបចំ​នេះ និង​ស្នើ​ឲ្យ​សាលា​រាជធានី​ពង្រឹង​សន្តិសុខ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កម្មវិធី​កាន់​តែ​សប្បាយ​រីករាយ៖ «ខ្ញុំ​ចាប់​អារម្មណ៍​ប្លែក​មែន​ទែន​ឆ្នាំ​នេះ តាម​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ឲ្យ​កូន​ខ្មែរ​ស្គាល់។ រាល់​ឆ្នាំ​ខ្ញុំ​នៅ​លេង​នៅ​ទី​នោះ ឆ្នាំ​ទៅ​សប្បាយ ប៉ុន្តែ​សុំ​ឲ្យ​សន្តិសុខ​ឲ្យ​ល្អ។ ខ្ញុំ​មក​ពី​ខេត្ត​កំពង់ធំ មិន​ដែល​ឃើញ​ដល់​មក​រៀង​ទំនើប​សប្បាយ​នឹង​គេ​ដែរ»

មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​មន្ត្រី​ក្រសួង​អប់រំ បាន​ចូលរួម​ចំណែក​រៀបចំ​កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី កម្មវិធី​លែង​ល្បែង​ប្រជាប្រិយ​ចំនួន ១៦​មុខ មាន​ការ​ប្រគំ​តន្ត្រី​សម័យ ការ​តាំង​បង្ហាញ​ផ្ទះ​បុរាណ​ចំនួន ៤​ផ្ទះ និង​រាន​លក់​ដូរ​ចំនួន ៨​តូប និង​ក្រាល​កន្ទេល សម្ភារៈ​ប្រើប្រាស់​របស់​ពលរដ្ឋ​ខ្មែរ​តាំង​ពី​បរម​បុរាណ​សម្ដែង​របាំ​ត្រុដិ និង​ការ​តាំង​បង្ហាញ​ពី​របៀប​ធ្វើ​នំ​បង្អែម​ខ្មែរ​ដើម្បី​បង្ហាញ​ដល់​ពលរដ្ឋ ពិសេស​យុវជន​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles