ស្របពេលដែលតុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងក្តីឃាតកម្មបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម នៅថ្ងៃពុធ ទី១ មីនា ប្រជាពលរដ្ឋខ្លះនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អន្ទះសាចង់បានយុត្តិធម៌ដ៏ត្រឹមត្រូវមួយ។
ចំណែកឯភរិយារបស់ជនសង្ស័យក្នុងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី វិញហាក់ដូចជាមិនខ្វល់ខ្វាយ និងមិនចាប់អារម្មណ៍ចំពោះចំណាត់ការរបស់តុលាការទៅលើប្ដីរបស់គាត់ទេ។
ភរិយារបស់ជនសង្ស័យបានបង្ហាញភាពមិនខ្វល់ខ្វាយទៅលើចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ដែលគ្រោងនឹងបើកសវនាការជំនុំជម្រះទៅលើប្ដីរបស់គាត់ ជុំវិញករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយ និងសង្គម នៅថ្ងៃពុធ ទី១ មីនា នោះទេ។
លោកស្រី ហឿម ហ៊ត ជាភរិយារបស់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលកំពុងរស់នៅតែម្នាក់ឯងក្នុងភូមិនគរភាស ឃុំនគរភាស នៃស្រុកអង្គរជុំ ខេត្តសៀមរាប មានប្រសាសន៍កាលពីរាត្រីថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ ថា បច្ចុប្បន្ន លោកស្រីខ្វល់ខ្វាយតែពីរឿងរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះ មិនបានខ្វល់ខ្វាយរឿងប្ដីដែលជាប់សង្ស័យក្នុងការសម្លាប់លោកបណ្ឌិត កែម ឡី ដែលកំពុងតែជាប់ឃុំនៅពន្ធនាគារព្រៃស ឯទីក្រុងភ្នំពេញនោះទេ។
លោកស្រី ហឿម ហ៊ត បញ្ជាក់ទៀតថា គាត់ទើបតែរៀបការជាមួយនឹង អឿត អាង ហៅ ជួប សម្លាប់ បានរយៈពេល ២ខែប៉ុណ្ណោះ ហើយកាលពីប្ដីរស់នៅជាមួយ ក៏មិនដែលជួយរកស៊ីទេ មានតែដើរលេងល្បែងស៊ីសង។ ក្រោយពីប្ដីរបស់គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅឯទីក្រុងភ្នំពេញ ដោយសង្ស័យថាជាជនដៃដល់ក្នុងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមមក គឺលោកស្រីរស់នៅម្នាក់ឯងយ៉ាងលំបាក។
ស្ត្រីដដែលបញ្ជាក់ថា បើទោះបីជាតុលាការក្រុងភ្នំពេញ គ្រោងនឹងបើកសវនាការជំនុំជម្រះលើករណីប្ដីរបស់គាត់នៅថ្ងៃទី១ ខែមីនា ក៏ដោយ ក៏គាត់នឹងមិនធ្វើដំណើរទៅជួបមុខទេ៖ «អូយ! ស្រេចលើតុលាការ បើប្ដីរបស់ខ្ញុំខុស ក៏មិនដឹងធ្វើម៉េច! បើប្ដីខ្ញុំត្រូវ ស្រេចលើតុលាការកាត់សេចក្តីចុះ។ ខ្ញុំមិនបានទៅមើលគាត់ទេ ពីព្រោះខ្ញុំគ្មានលុយកាក់ ហើយមានជំងឺផង»។
លោកស្រី ហឿម ហ៊ត បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា បើសិនជាប្ដីរបស់គាត់ត្រូវតុលាការរកឃើញថាគ្មានជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយដោះលែងឲ្យមានសេរីភាពវិញ រួចមករួមរស់ជាមួយគាត់ជាថ្មីក៏ដោយ ក៏លោកស្រីមិនងាយទទួលយកប្ដីនោះវិញទេ ទាល់តែមានការជជែក និងធានាពីចាស់ៗឲ្យបានច្បាស់លាស់ជាមុន។
ចំណែកប្រជាពលរដ្ឋមួយចំនួននៅពេលដែលឮថា តុលាការក្រុងភ្នំពេញគ្រោងនឹងបើកសវនាការជំនុំជម្រះលើករណីឃាតកម្មលោកបណ្ឌិត កែម ឡី នោះ គឺពួកគេអន្ទះសាចង់បានយុត្តិធម៌យ៉ាងខ្លាំង។
អ្នកឃុំបេង នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លោក កើត ម៉ាប់ មានប្រសាសន៍ថា រូបគាត់មិនដែលបានជួបមុខលោកបណ្ឌិត កែម ឡី ផ្ទាល់ទេ ប៉ុន្តែគាត់ស្គាល់តាមរយៈការស្ដាប់វិទ្យុ និងមើលទូរទស្សន៍។ ទោះយ៉ាងណា លោកចង់ឲ្យតុលាការផ្ដល់យុត្តិធម៌ចំពោះលោកបណ្ឌិត កែម ឡី ព្រមទាំងកាត់ទោសជនដៃដល់ពិតប្រាកដ៖ «បើ ជួប សម្លាប់ ជាជនដៃដល់ពិតប្រាកដ សូមឲ្យតុលាការដាក់ទោស ប៉ុន្តែបើមិនមែនទេ សូមឲ្យរដ្ឋាភិបាលរកជនដៃដល់ពិតមកកាត់ទោស»។
ចំណែកលោកស្រី នួន ម៉ុន ជាជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឲ្យដឹងថា អ្នកភូមិរបស់គាត់បានស្គាល់លោកបណ្ឌិត កែម ឡី ច្បាស់ដោយសារតែធ្លាប់ទៅជួយដោះស្រាយរឿងដីធ្លី។ លោកស្រី នួន ម៉ុន ចង់ឃើញតុលាការផ្ដល់យុត្តិធម៌ពិតប្រាកដជូនលោកបណ្ឌិត កែម ឡី៖ «សោកស្ដាយណាស់ចំពោះលោកបណ្ឌិត កែម ឡី គាត់បានមកផ្សព្វផ្សាយអំពីច្បាប់ អំពីអី ពួកខ្ញុំស្រឡាញ់គាត់ណាស់»។
លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម ត្រូវឃាតកបាញ់សម្លាប់នៅក្នុងហាងស្តារម៉ាត (Star Mart) ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ បន្ទាប់ពីមានហេតុការណ៍បាញ់សម្លាប់មក សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដោយសមត្ថកិច្ចសង្ស័យថាជននោះអាចជាអ្នកដៃដល់ក្នុងអំពើឃាតកម្ម៕