ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ៨០នាក់ ភាគច្រើនជាស្ត្រី ត្រូវបានកងសន្តិសុខខណ្ឌមានជ័យ ជាច្រើននាក់ រារាំងពួកគាត់មិនឲ្យចេញតវ៉ារកដំណោះស្រាយនៅនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើរឿងដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ អស់ពេលជិត ១០ឆ្នាំមកនេះ។ នៅក្នុងហេតុការណ៍នៃការរុញច្រានគ្នារវាងកងសន្តិសុខ និងពលរដ្ឋបង្កឲ្យខាងពលរដ្ឋរងបួសបន្តិចបន្តួច។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្តកោះកុង លោកស្រី ផាវ ញ៉ឺង ថា ពួកគាត់ឡើងមកក្រុងភ្នំពេញ ដើម្បីរកដំណោះស្រាយរឿងដីធ្លីមិនមែនមកបង្កជម្លោះនឹងអាជ្ញាធរនោះទេ។ លោកស្រីស្នើឲ្យរដ្ឋាភិបាលពន្លឿនដំណោះស្រាយឲ្យបានឆាប់ ដើម្បីពួកគាត់បានវិលត្រឡប់ទៅស្រុកកំណើតវិញ៖ «ព្រឹកមិញ មានកងសន្តិសុខ គេមកច្រើនកកកុញនៅទីនេះ ហើយពេលដែលខ្ញុំចេញទៅទិញថ្នាំរាកលេប គេប្រាប់ថា បង ញ៉ឺង មកនេះ! កុំឲ្យហែទៅ ប្រយ័ត្នហែទៅគេវ៉ៃអ៊ីចឹង។ ពួកខ្ញុំថា អត់ខ្វល់គេវ៉ៃទៀតទេ បើសិនជានៅបន្តអត់ដោះស្រាយ វ៉ៃឲ្យងាប់ក៏វ៉ៃទៅ ដីផ្ទះខ្ញុំក៏ប្រឈមនឹងគេដេញ ដីចម្ការក៏ឧកញ៉ា លី យ៉ុងផាត់ ក៏យកបាត់ អ៊ីចឹងខ្លាចអីងាប់ទៀត។ បើពួកខ្ញុំខ្លាចងាប់មិនមែនខ្ញុំមកតវ៉ាទេ»។
ដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ ប្រជាពលរដ្ឋជិត ១០០នាក់ តំណាងឲ្យពលរដ្ឋ ១៧៥គ្រួសារ ប្រកាន់ជំហរថា ពួកគាត់ត្រូវការដីធ្លីរបស់ពួកគាត់មកវិញរួមនឹងប្រាក់សំណង។ សំណងដែលពួកគាត់ចង់បាន គឺមួយគ្រួសារៗ ត្រូវការដី ២ហិកតារដើម្បីប្រកបរបរកសិកម្ម និងប្រាក់សំណង ៤.៥០០ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែសំណងនេះ ត្រូវលោក ហេង ហ៊ុយ បដិសេធ។
ការឡើងមកតវ៉ានៅរាជធានីភ្នំពេញ ជាងពីរខែនេះ ក្រសួងបានរៀបចំឱ្យពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ ចំនួន ១៧គ្រួសារ បានជួបជជែកជាមួយតំណាងក្រុមហ៊ុនដើម្បីរកដំណោះស្រាយ កាលពីថ្ងៃទី២០ ខែមករា កន្លងទៅ តែពុំទទួលបានលទ្ធផល៕