Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ភូមិ​នៅ​ស្ទឹងត្រែង​រិះគន់​សេវា​សាធារណៈ​របស់​អាជ្ញាធរ​និង​បញ្ហា​ពុករលួយ

$
0
0

ពលរដ្ឋ​រស់​នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​អំពី​ផ្លូវ​លំបាក​ធ្វើ​ដំណើរ​នៅ​មូលដ្ឋាន​ទាំង​ប្រាំង និង​វស្សា ហើយ​ការ​អភិវឌ្ឍ​មូលដ្ឋាន​មាន​លក្ខណៈ​យឺតយ៉ាវ ជាពិសេស មេ​ឃុំ​អាណត្តិ​មុន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​លួច​កិបកេង​ប្រាក់​មូលនិធិ​ឃុំ​ច្រើន​លាន​រៀល ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ចេញ​ដោះស្រាយ។ កាលពី​ឆ្នាំ​២០១១ អតីត​មេឃុំ​កាំងចាម លោក ដន លួន រង​ការ​ចោទ​ថា បាន​កិបកេង​ប្រាក់​មូលនិធិ​ឃុំ​ជាង ១​ម៉ឺន​ដុល្លារ ឬ​ស្មើ​ជាង ៤០​លាន​រៀល ប្រើប្រាស់​ផ្ទាល់​ខ្លួន។

​ពលរដ្ឋ​រស់​នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចង់​ឃើញ​អាជ្ញាធរ​ខែត្រ​ស៊ើបអង្កេត​ពី​អំពើ​ពុករលួយ​របស់​អតីត​មេ​ឃុំ​កាំងចាម លោក ដន លួន និង​ស្មៀន​ឃុំ​ដែល​កិបកេង​ប្រាក់​កញ្ចប់​ថវិកា​ឃុំ​ជាង ១​ម៉ឺន​ដុល្លារ តាំង​ពី​ឆ្នាំ​២០១១ ហើយ​រហូត​មក​ទល់​ពេល​នេះ​សំណុំ​រឿង​នេះ​ហាក់​ដូចជា​ស្ងាត់ និង​ពុំ​ឃើញ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​នោះ​ទេ។

​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត រស់​នៅ​ឃុំ​កាំងចាម គឺ​លោក ឆេន ឆាយ រំឭក​ថា អតីត​មេ​ឃុំ លោក ដន លួន បាន​កិបកេង​ប្រាក់​មូលនិធិ​ឃុំ​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្បត់​ប្រជាពលរដ្ឋ​ដែល​ស្រេក​ឃ្លាន​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន ខណៈ​ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ និង​ស្ពាន​ឆ្លង​អូរ​ច្រើន​កន្លែង​នៅ​ឃុំ​កាំងចាម មាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំង។

លោក​កត់សម្គាល់​ថា អតីត​មេឃុំ​រូប​នោះ ធ្លាប់​ទទួល​ស្គាល់​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា ពិត​ជា​បាន​យក​ប្រាក់​កញ្ចប់​ថវិកា​ឃុំ​ប្រើប្រាស់​ដោយ​ទិញ​គោយន្ត ក៏ប៉ុន្តែ​លោក​ប្ដេជ្ញា​ថា នឹង​សង​ជួន​រដ្ឋបាល​ឃុំ​កាំងចាម វិញ តែ​រហូត​មក​ទល់​ពេល​នេះ​លោក​ពុំ​ឃើញ​មាន​ព័ត៌មាន​ស្ដីពី​ការ​សង​ប្រាក់​ទាំង​នោះ​ជូន​រដ្ឋ​ទេ ហើយ​សំណុំ​រឿង​នេះ​ហាក់​ដូច​ជា​ស្ងាត់ជ្រងំ។ លោក​ចាត់​ទុក​អំពើ​ពុករលួយ​ទាំង​នេះ​ថា ជះ​ឥទ្ធិពល​អាក្រក់​ដល់​ពលរដ្ឋ និង​សង្គម ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបបំបាត់៖ «ដោយ​តែ​ជាប់​លោក សុខា ជា​មេឃុំ នឹង​ធ្វើ​សាលា​មត្តេយ្យ​ឲ្យ​មួយ​សុទ្ធតែ​ថ្ម​ទាំង​អស់ តែ​គ្មាន​ពី​អ្នក​ធ្វើ​អី​ទេ! រហូត​ដល់​ពលរដ្ឋ​រៃអង្គាស​គ្នា ១​ម៉ឺន ៥​ពាន់​មួយ​គ្រួសារ​ដើម្បី​ថ្លៃ​ឈើ​មក​ធ្វើ​សាលា តែ​ឥឡូវ​លុយ​ទាំង​នោះ​បាត់​អស់»

​លោក ឆេន ឆាយ ត្អូញ​ថា ស្ថានភាព​ផ្លូវ​នៅ​ឃុំ​កាំងចាម យ៉ាប់​យ៉ឺន​ខ្លាំង ដោយ​ខែ​ប្រាំង​មាន​ដី​ហុយ ដល់​ខែវស្សា​មាន​ភក់​ជ្រៅ មិន​អាច​ធ្វើ​ដំណើរ​បាន  ត្បិត​តំបន់​នោះ​មាន​ស្ពាន​ឆ្លង​អូរ​ច្រើន​កន្លែង។ លោក​ថា អ្នក​ភូមិ​មួយ​ចំនួន​មាន​ជំងឺ បង្ខំ​ចិត្ត​ដេក​ស្លាប់​នៅ​ផ្ទះ ព្រោះ​គ្មាន​ថវិកា​ជួល​ទូក​មក​ទី​រួម​ខែត្រ ម្យ៉ាង​ផ្លូវ​មិន​អាច​ធ្វើ​ដំណើរ​ខែ​វស្សា​បាន រួម​ផ្សំ​តំបន់​នោះ​ពុំ​មាន​មណ្ឌល​សុខភាព​ផង៖ «ប្រជាពលរដ្ឋ​យើង​ចាស់​ជរា នៅ​ក្រោម​ប៉ុន្មាន​ខែ​មុន​ងាប់​អស់ មាន​ពី​ណា​យក​គាត់​ទៅ បើ​ភក់​យ៉ាង​នេះ ទុក​ងាប់​ឯង...»

ពលរដ្ឋ​ឃុំ​កាំងចាម ៨៥៥
ពលរដ្ឋ​នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ លោក ស្រី ភឿង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​របស់​អាជ្ញាធរ។ RFA/Men Sothyr RFA/Men Sothyr

ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោក ស្រី ភឿង ត្អូញ​ដែរ​ថា ផ្លូវ​នៅ​ឃុំ​កាំងចាម មួយ​ចំនួន​មិន​អាច​ធ្វើ​ដំណើរ​នៅ​ខែ​វស្សា បង្ក​ជា​ឧបសគ្គ​ដល់​កុមារ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​សាលារៀន ដែល​ជា​កត្តា​រុញច្រាន​ឲ្យ​ពួកគេ​មួយ​ចំនួន​បង្ខំ​ចិត្ត​ឈប់​រៀន។ លោក​រិះគន់​សមត្ថកិច្ច​មូលដ្ឋាន និង​អាជ្ញាធរ​ឃុំ​ថា ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នោះ​ទេ ពោល​បើ​ពលរដ្ឋ​មាន​បញ្ហា​ប្រឈម កម្រ​ឃើញ​អាជ្ញាធរ​ឃុំ ប្រឹក្សា​យោបល់​ជាមួយ​ពលរដ្ឋ​ផ្ទាល់ ហើយ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​សាលាឃុំ​ម្តងៗ ពេល​ខ្លះ​អត់​ជួប​មេ​ឃុំ ពេល​ខ្លះ​ជួប​តែ​មេ​ឃុំ​រវល់៖ «ខ្ញុំ​ចង់​បាន​មេ​ឃុំ​ស្វាហាប់ ឬ​រហ័ស​ក្នុង​ការ​គ្រប់គ្រង​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេល​វេលា ជួយ​ប្រជាពលរដ្ឋ​ពេល​ជួប​ការ​លំបាក និង​ទុក្ខ​ធុរៈ។ រឿង​ខ្ញុំ​គេ​ថា អត់​មួយ​រយ​ខ្មែរ... អញ​មាន​ក្របី​មួយ​ក្រោល បើ​ធ្វើ​ឈ្នះ​អញ គឺ​អញ​កោត»

​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ៣​អាណត្តិ​កន្លង​ទៅ មាន​គណបក្ស​នយោបាយ​ចំនួន​៣ ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត ក្នុង​នោះ​មាន​គណបក្ស សម រង្ស៊ី គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​កាំងចាម ទាំង ៣​អាណត្តិ​ដែល​មាន​លោក គឹម សុខា ជា​មេ​ឃុំ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាប់​ជា​ជំទប់​ទី​១ និង គណបក្ស សម រង្ស៊ី ជាប់​ជា​ជំទប់​ទី​២។

​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​អតីត​មេ​ឃុំ​កាំងចាម លោក ដន លួន ដើម្បី​សុំ​ការ​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ។ ចំណែក​មេ​ឃុំ​កាំងចាម លោក គឹម សុខា បាន​ផ្ដាច់​ទូរស័ព្ទ​ពេល​អាស៊ីសេរី សុំ​សម្ភាស។

ប្រធាន​រដ្ឋបាល​សាលាស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១១ លោក និង​អភិបាល​ស្រុក​ពុំ​ទាន់​បំពេញ​ភារកិច្ច​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ទេ ហេតុ​នេះ​លោក​ពុំ​បាន​ដឹង​ព័ត៌មាន​ស្ដីពី​ការ​កិបកេង​លុយ​របស់​មេ​ឃុំ​អាណត្តិ​មុន​ទេ។ លោក​ថា ក្រុម​ការងារ​ស្រុក​បាន​ចុះ​ទៅ​ប្រឹក្សា​ជាមួយ​សហគមន៍​មូលដ្ឋាន ដោយ​សហការ​ជាមួយ​សហគមន៍​អារ​ឈើ​ធ្វើ​ស្ពាន​បណ្ដោះអាសន្ន​សិន ទម្រាំ​អាជ្ញាធរ​ឃុំ​មាន​មូលនិធិ​ជួសជុល។

លោក​បន្ត​ថា កញ្ចប់​ថវិកា​មូលនិធិ​ឃុំ​កាល​ពី​ឆ្នាំ​២០១៥ និង ២០១៦ អាជ្ញាធរ​បាន​យក​ទៅ​អភិវឌ្ឍ​ផ្លូវ​ដែល​ប្រឈម​ខ្លាំង​គឺ​ឋិត​នៅ​ភូមិ​កេស និង​ភូមិ​ដូង ហើយ​ក្រោយ​ពី​អាជ្ញាធរ​កសាង​ផ្លូវ​នៅ​ភូមិ​ទាំង​នោះ​រួច អាជ្ញាធរ​នឹង​បង្វែរ​មក​អភិវឌ្ឍន៍​នៅ​ផ្លូវ​មាត់​ទន្លេ​វិញ៖ «យុទ្ធសាស្ត្រ​របស់​ស្រុក​ដែល​យើង​ប្រជុំ​ជាមួយ​ក្រុម​ការងារ​ជាមួយ​ឃុំ​ទាំង​អស់ ចង់​ឲ្យ​ក្រុម​ការងារ​ហ្នឹង​គាត់​ចូលរួម​ជាមួយ​សហគមន៍ ហើយ​ក្រុម​ការងារ​ជួយ​ជា​ប្រេង​ជា​អី សហគមន៍​គាត់​ទៅ​អារ​ឈើ គ្នា​គាត់​អាច​ប្រើប្រាស់​បាន​បណ្ដោះអាសន្ន»

​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ​កាំងចាម នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ចំនួន ១២០​លាន​រៀល ឬ​ស្មើ ៣​ម៉ឺន​ដុល្លារ​អាមេរិក។

​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មាន​កត្តា​បី​យ៉ាង​បណ្ដាល​ឲ្យ​សេវា​សាធារណៈ​មាន​បញ្ហា​ប្រឈម គឺ​ការ​អនុវត្ត​វិមជ្ឈការ​មាន​ចំណុច​ខ្វះខាត​ច្រើន ជាពិសេស ការ​ផ្ទេរ​ថវិកា​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​ឃុំ​នៅ​មាន​កម្រិត ពោល​ក្នុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ទម្លាក់​ថវិកា​សម្រាប់​មូលនិធិ​ឃុំ​នៅ​ទូទាំង​ប្រទេស​ចំនួន ២,៨​ភាគរយ ក្នុង​ចំណោម​ថវិកា​ជាតិ​សរុប​ជាង ៥​ពាន់​លាន​ដុល្លារ។ ទី​២ ការ​ជ្រើសរើស​បេក្ខភាព​មេ​ឃុំ​ហាក់​ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ទាំង​សមត្ថភាព ចំណេះ​ដឹង និង​ជំនាញ​ក្នុង​ការ​អនុវត្ត​ការងារ និង​ទី​៣ ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព។

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចាត់​ទុក​ការ​កិបកេង​ថវិកា​ឃុំ​របស់​អតីត​មេ​ឃុំ​កាំងចាម ថា ជា​ទម្រង់​នៃ​អំពើ​ពុករលួយ​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ខែត្រ​ត្រូវ​ចាត់​វិធានការ​រដ្ឋបាល និង​ត្រូវ​មាន​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ផង។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​អនុវត្ត​ច្បាប់​ដល់​អាជ្ញាធរ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ នឹង​បង្ក​ឲ្យ​ខាត​ប្រយោជន៍​សាធារណៈ និង​ពលរដ្ឋ។ លោក​កត់សម្គាល់​ថា គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ខ្វះ​ការ​ចូលរួម និង​ខ្វះ​ការ​តាមដាន​ការ​ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ បណ្ដាល​ឲ្យ​សេវា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​ជួប​ការ​លំបាក ហើយ​គុណភាព​អភិវឌ្ឍន៍​កាន់​តែ​ខ្សោយ៖ «សំខាន់​យើង​ចង់​ឲ្យ​មេ​ឃុំ​នៅ​អាណត្តិ​ក្រោយ​ជា​មេ​ឃុំ​ដែល​មាន​ថាមពល​ជាង​មុន ហើយ​ប្រព័ន្ធ​គ្រប់គ្រង​ឃុំ​សង្កាត់​ត្រូវ​តែ​មាន​ការ​គ្រប់គ្រង​ល្អ រៀបចំ​ឲ្យ​មាន​សេវាកម្ម​ល្អ ហើយ​ប្រព័ន្ធ​គ្រប់គ្រង​ការងារ​លុយ​កាក់​ឲ្យ​គ្រាន់​បើ​ជាង​មុន»

​លោក សន ជ័យ ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​នីមួយៗ ត្រូវ​ពិនិត្យ​មើល​សមភាព​របស់​បេក្ខភាព​មេ​ឃុំ ឬ​ចៅសង្កាត់ ខណៈ​មេ​ឃុំ និង​ចៅ​សង្កាត់​ខ្លះ​បម្រើ​ពលរដ្ឋ​ច្រើន​អាណត្តិ​មក​ហើយ ខ្វះ​ថាមពល​ដឹក​នាំ និង​មិន​រីក​ចម្រើន បណ្ដាល​ឲ្យ​ពលរដ្ឋ​ច្រើន​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល ឬ​គណបក្ស​នយោបាយ​ណា​ដែល​បញ្ជូន​បេក្ខភាព​មេ​ឃុំ​មក​បម្រើ​ពលរដ្ឋ​មិន​បាន​ល្អ។

លោក​ថា គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ គឺ​ធ្វើ​ឡើង​តាម​រយៈ​ឃុំ តែ​បើ​មេ​ឃុំ​អសកម្ម​ហើយ លោក​មិន​សង្ឃឹម​ថា ពលរដ្ឋ​នឹង​បាន​ទទួល​ផល​អភិវឌ្ឍន៍​មូលដ្ឋាន​ទេ។ លោក​បញ្ជាក់​ថា មេ​ឃុំ ឬ​ចៅសង្កាត់​ត្រូវ​តែ​សកម្ម​ក្នុង​ការ​ធ្វើ​ផែនការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ និង​ផ្ដល់​ដំណឹង​ទៅ​ពលរដ្ឋ​ពី​ចំនួន​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំៗ។

​ឃុំ​កាំងចាម ឋិត​នៅ​ទិស​ខាង​លិច​នៃ​ទី​រួម​ខែត្រ​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខែត្រ​ជាង ៣០​គីឡូម៉ែត្រ។ ឃុំ​នេះ​មាន ៥​ភូមិ រួម​មាន​ភូមិ​កាំងចាម កាំងក្ងោក កំពង់ប៉ាង និង​ភូមិ​កែស។ ភូមិ​ទាំង​នោះ​មាន​ពលរដ្ឋ​រស់​នៅ ៩៨៣​គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ចំនួន​ជាង ៤.៣០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles