សម្រាប់ឆ្នាំថ្មី ឆ្នាំរកា នេះ ដែលចូលឆ្នាំចំថ្ងៃសុក្រ តាមក្បួនតម្រា មហាសង្ក្រាន្ត គឺត្រូវវេនទេពធីតាព្រះនាម កិមិរាទេវី យាងមកទទួលតំណែងបន្តពីទេវតាឆ្នាំចាស់។ រីឯអ្នកហោរាសាស្ត្របានទស្សន៍ទាយនៅក្នុងឆ្នាំថ្មីនេះថា ការធ្វើស្រែរបស់ពលរដ្ឋនឹងរងការខូចខាតពាក់កណ្ដាល ដោយសារសត្វល្អិតបំផ្លាញ។
ជារៀងរាល់ឆ្នាំ បុត្រីទាំង ៧អង្គ របស់កបិលមហាព្រហ្ម រួមមានព្រះនាង ទុង្សាទេវី ឬ ធង្សៈទេវី ជាបុត្រីច្បង បន្ទាប់មកគឺព្រះនាង គោរាគទេវី រាក្យៈសាទេវី មណ្ឌាទេវី កិរិណីទេវី កិមិរាទេវី និងមហោទរាទេវី តែងប្ដូរវេនគ្នាមកដង្ហែព្រះសិរសាកបិលមហាព្រហ្មជាបិតាក្នុង១ឆ្នាំម្ដង ហើយឆ្នាំថ្មីនេះ បុត្រីទី៦ ឈ្មោះ កិមិរាទេវី នឹងដល់វេនទៅដង្ហែព្រះសិរសារបស់បិតាខ្លួនតាមកិច្ចវដ្ដ។
សៀវភៅ "មហាសង្ក្រាន្ត" និពន្ធដោយលោក អ៊ឹម បុរិន្ទ នាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យដឹងថា ព្រះនាង កិមិរាទេវី ដែលស្លៀកដណ្ដប់ពណ៌ស ព្រះហស្ថស្ដាំកាន់ព្រះខ័ន្ធ ព្រះហស្ថឆ្វេងកាន់ពិណ និងគង់ផ្ទំបិទភ្នែកលើខ្នងក្របី នឹងយាងចុះនៅម៉ោង ៣:១២នាទី ទៀបភ្លឺនៃថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧។ រីឯរណ្ដាប់ត្រូវទទួលទេវតាឆ្នាំថ្មីនេះ ត្រូវក្រាលសំពត់ពណ៌ស ហើយត្រូវរៀបចំគ្រឿងសក្ការបូជាផ្សេងៗ មានដូចជា បាយសី ៩ថ្នាក់ ៧ថ្នាក់ ៥ថ្នាក់ និង ៣ថ្នាក់ ឱ្យបានមួយគូៗ រីឯទឹកអប់ ទៀន ធូប កម្រផ្កា ជាពិសេសផ្លែចេកណាំវ៉ា និងផ្លែឈើចំនួន ១១មុខផ្សេងទៀត ត្រូវរៀបចំទុកដាក់លើជើងពានឱ្យបានមួយគូៗ។
ចំណែកទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងអ្នកជំនាញវប្បធម៌ទំនៀមទម្លាប់ប្រពៃជាតិ លោកអាចារ្យ វ៉ាយ វិបុល ថ្លែងថា ដំបូងឡើយ ពិធីបុណ្យចូលឆ្នាំដើម្បីទទួលទេវតាឆ្នាំថ្មី គេប្រារព្ធធ្វើឡើងនៅក្នុងខែមិគសិរ ដែលត្រូវក្នុងខែវិច្ឆិកា ឬខែធ្នូ ប៉ុន្តែដោយសារកាលនោះពលរដ្ឋមានភាពមមាញឹកទៅច្រូតកាត់នៅឡើយ និងមានទឹកភ្លៀងធ្លាក់ជោកជាំ ទើបអ្នកប្រាជ្ញបុរាណលើកពេលមកធ្វើពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខែចែត្រ ត្រូវនឹងខែមេសា វិញ ព្រោះជាពេលរួចដៃពីការបង្កបង្កើតផលផង ហើយអាចឱ្យពិធីចូលឆ្នាំថ្មីធ្វើឡើងឱ្យបានអធិកអធមផង។ អាចារ្យរូបនេះបន្តថា មតិអ្នកប្រាជ្ញខ្លះទៀត លើកឡើងថា ការលើកពេលមកធ្វើពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងចែត្រនេះ ដោយសារមានការរំកិលថ្ងៃ៖ «»។
រីឯការរៀបចំរណ្ដាប់ទទួលឆ្នាំថ្មីវិញ លោកអាចារ្យ វ៉ាយ វិបុស ថ្លែងថា អាចរៀបចំរណ្ដាប់ទទួលទេវតាឆ្នាំថ្មីតាមលទ្ធភាពរបស់ខ្លួនដោយមិនប្រកាន់អ្វីឡើយ។
លោកអាចារ្យពន្យល់ថា ការរៀបចំបាយសី ផ្លែឈើ និងផ្កាភ្ញី ព្រមទាំងការធ្វើបទនមស្សការ ដើម្បីទទួលទេវតាឆ្នាំថ្មីនៅពេលទេពធីតាចុះ គឺធ្វើឡើងតាមបែបព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រោះពលរដ្ឋខ្មែរមានជំនឿថា ពិតជាមានទេវតាចុះមកផ្លាស់ប្ដូរគ្នាក្នុងមួយឆ្នាំម្ដង ដើម្បីថែរក្សាសត្វលោក និងទេវតាឱ្យមានសេចក្ដីសុខ៖ «»។
តាមក្បួនហោរាសាស្ត្របន្ថែមថា ទេពធីតាកិមិរាទេវី នាំទេវបុត្តទេពធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ជាព្រះរាជបិតា ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន ៦០នាទី ទើបដង្ហែទៅដាក់កន្លែងដើមវិញ។
បន្ថែមពីលើនេះ លោកអាចារ្យ វ៉ាយ វិបុល បញ្ជាក់ថា អត្ថន័យរៀបចំបុណ្យចូលឆ្នាំថ្មី ព្រោះតាំងពីបុរាណកាលមក ពលរដ្ឋខ្មែរគោរពស្រលាញ់សាសនាព្រហ្មញ្ញដែលមានជំនឿលើក្បួនហោរាសាស្ត្រ និងការផ្លាស់ប្ដូរទេវតាឆ្នាំថ្មី ហើយទេវតាឆ្នាំថ្មី នាំឱ្យពួកគេមានលាភជ័យ និងសុខទុក្ខតាមជំនឿឆ្នាំនីមួយៗ។
ខាងហោរាសាស្ត្រក៏បានទស្សន៍ទាយថា នៅក្នុងឆ្នាំរកានេះ នឹងមានទឹកភ្លៀង ៣០០ មេ បែងចែកទៅចក្រវាលចំនួន ១២០មេ ព្រៃហេមពាន្តចំនួន ៩០មេ មហាសមុទ្រចំនួន ៦០មេ និងជម្ពូទ្វីបមនុស្សលោកចំនួន ៣០មេ ដែលធ្លាក់នៅដើមឆ្នាំតិច កណ្ដាលឆ្នាំមធ្យម និងចុងឆ្នាំច្រើន។ ទំនាយឱ្យដឹងទៀតថា ជំនាន់ទឹកតាមទន្លេបឹងបួ ដោយសារទឹកភ្លៀងនឹងមានចំនួនច្រើនលើសអស់ឆ្នាំទាំងពួង រីឯសត្វល្អិតនឹងបំផ្លាញសំណាប ស្រែចម្ការ ខូចខាតពាក់កណ្ដាល។
លោកអាចារ្យ វ៉ាយ វិបុល ថ្លែងថា ចូលឆ្នាំថ្មីរយៈពេលចំនួន ៣ថ្ងៃ គឺនៅថ្ងៃមហាសង្ក្រាន្តដែលជាថ្ងៃទី១ ជាពេលទទួលទេវតាឆ្នាំថ្មី ថ្ងៃទី២ ជាថ្ងៃវារៈវ័នប័ត គឺពូនភ្នំខ្សាច់រំដោះកម្មវេរា និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក គឺជាពេលដែលកូនចៅប្រុសស្រីធ្វើពិធីស្រង់ព្រះ និងឪពុកម្ដាយរបស់ខ្លួន ដើម្បីជម្រះចោលនូវគ្រឿងសៅហ្មងផ្សេងៗ។
ក្រៅពីពិធីតាមបែបសាសនាទាំងនេះ គេតែងនាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ នៅតាមវត្ត និងតាមភូមិ មានដូចជាល្បែងទាញព្រ័ត្រ លាក់កូនកន្សែង ចោលឈូង និងបោះអង្គញ់ជាដើម ដែលល្បែងប្រជាប្រិយទាំងនេះបង្កប់នូវអត្ថន័យអប់រំមនុស្សឱ្យចេះសាមគ្គីគ្នានៅក្នុងសង្គម៖ «»។
អ្នកជំនាញហោរាសាស្ត្របញ្ជាក់ថា ប្រសិនបើបុគ្គលណាតាំងចិត្តធ្វើតែអំពើល្អ និងរក្សាសីល ព្រមទាំងប្រកបដោយមេតា ករុណា មុទិតា ឧបេក្ខា នោះទេវតាឆ្នាំថ្មីនឹងតាមថែរក្សាឱ្យជួបតែសេចក្ដីសុខ សុភមង្គលគ្រប់វេលា៕