ស្លាធម៌កូនចេកឋិតក្នុងចំណោមគ្រឿងរណ្ដាប់ដែលពលរដ្ឋតែងប្រើប្រាស់ក្នុងពិធីផ្សេងៗ ក្នុងព្រះពុទ្ធសាសនា។ ស្លាធម៌កូនចេកដែលឃើញញឹកញាប់ និងមានចំនួនច្រើន ពោលគឺពលរដ្ឋធ្វើស្របៗ គ្នាក្នុងពេលតែមួយគឺស្លាធម៌ជារណ្ដាប់ក្នុងគ្រឿងសក្ការបូជាទទួលទេវតាឆ្នាំថ្មី។
តើអ្វីជាស្លាធម៌កូនចេក? តើគេប្រើស្លាធម៌នេះក្នុងពិធីអ្វីខ្លះ? តើស្លាធម៌នេះមានអត្ថន័យយ៉ាងណា?
នៅពេលដែលទំនៀមទម្លាប់តម្រូវបែបនេះ អាជីវកម្មកូនចេកបានកើតឡើងដែរ ជាពិសេសនៅពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។
អ្នកដាំចេកនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោកស្រី ឡន សុតថានី មានប្រសាសន៍ថា ស្លាធម៌កូនចេក ត្រូវពលរដ្ឋខ្មែរត្រៀមរៀបចំជាស្រេចរួមគ្នានឹងរណ្ដាប់ផ្សេងទៀតសម្រាប់ទទួលទេវតាឆ្នាំថ្មីជារៀងរាល់ឆ្នាំ។
លោកស្រីបន្តថា កូនចេកដែលល្អគឺកូនចេកដែលត្រួយចេកនៅរមូរ ដោយមានស្លឹកតូចៗស្រួចៗ៖ «ល្អគឺវាមានស្លឹកស្រួចៗ វែងៗ អត់អោយទាន់លាធាងទេ បើលាធាងអត់ល្អទេ គេអត់ចង់បាន»។
ក្នុងមួយរដូវនៃពិធីបុណ្យអបអរឆ្នាំថ្មីម្ដងៗ គ្រួសារលោកស្រីដែលមានចម្ការចេកជាង ១ហិកតារ ឬចម្ការចេកលក្ខណៈគ្រួសារអាចលក់កូនចេកបានពី ១០០ ទៅ ២០០ដើមទៅអោយឈ្មួញដែលគេប្រមូលទិញកូនចេកតាមភូមិ។
ក្នុងឆ្នាំថ្មីនេះរណ្ដាប់ទទួលទេវតាក៏មិនខុសប្លែកគ្នាពីរៀងរាល់ឆ្នាំដែរ។ ក្នុងសៀវភៅមហាសង្ក្រាន្តដែលរៀបរៀងដោយលោក អ៊ឹម បូរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរបញ្ជក់ថា រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងមកគឺត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍បាយសី ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើដូងឡៅមួយគូ និងទឹកស្អាតមួយកែវ។ ក្នុងនោះបានបញ្ជាក់ដែរថា បាយសី ៩ថ្នាក់ និង ៧ថ្នាក់មានអនុវត្តក្នុងព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹមបាយសី ៥ថ្នាក់ ៣ថ្នាក់ និងបាយសីប៉ាកឆាម ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន ៥ ធូប ៥ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។
អាចារ្យនៅវត្តជោតរតនសីលា ហៅវត្តកោះនរា លោក ជាតិ សង មានប្រសាសន៍ថា ពលរដ្ឋសាមញ្ញតែងហៅស្លាធម៌កូនចេកនោះថា កន្ទុយប្រើស ប៉ុន្តែពាក្យដែលត្រឹមត្រូវគឺត្រចៀកប្រើស។ លោកថា ស្លាធម៌បែបនេះហៅម្យ៉ាងទៀតថា ស្លាធម៌ទ្រង់គ្រឿង៖ «កូនចេកដែលមានស្លឹក ៣ ដុះចេញតូចៗ ២ និងស្លឹកកំពូលមួយទៀត គេច្រើនយកអ៊ីចឹង ឬក៏បើមិនមានទេ គេយកប្រាំតែម្ដង ហើយជាពិសេសទៅទៀតហ្នឹងគេច្រើនជ្រើសរើសយកកូនចេកណាំវ៉ា»។
លោកអាចារ្យ ជាតិ សង បានរៀបរាប់ដែរថា ស្លាធម៌កូនចេក ឬត្រចៀកប្រើសនេះ ត្រូវប្រើប្រាស់ក្នុងពិធីសាសនាមួយចំនួន៖ «គេច្រើនប្រើនៅក្នុងពិធីចម្រើនព្រះបរិត្ត ក្នុងពិធីផ្សេងៗមានរំដោះគ្រោះអីជាដើម ដូចជាស្មាព្រំជាដើម គេប្រើដល់ទៅ ៤ទិស ដើម្បីធ្វើពិធីហ្នឹងរំដោះគ្រោះធំ»។
នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត បានពន្យល់ថា ស្លាធម៌គឺជាប្រដាប់ធ្វើដោយកំណាត់ធាងចេក ឬកូនចេកតូច មានជើង មានដោតម្លូស្លា និងផ្កាសម្រាប់ប្រើជាគ្រឿងបូជា ឬជាលម្អក្នុងវេលានិមន្តព្រះភិក្ខុសង្ឃសូត្រព្រះបរិត្ត។ ស្លាធម៌ដូង ឬដូងទុំដែលរចនាធ្វើជាស្លាធម៌។
ចំណែកត្រចៀកប្រើសគឺជាពាក្យសម្រាប់ហៅកូនចេកតូចៗ ដែលទើបបែកស្លឹកត្រង់ៗទៅលើ ដោយដំណើរប្រៀបប្រដូចនឹងត្រចៀកប្រើស (កូនចេកត្រចៀកប្រើស)។
នៅពេលនិយាយដល់មូលហេតុដែលនាំអោយប្រើប្រាស់កូនចេកជាគ្រឿងបូជានេះ លោកអាចារ្យពន្យល់ថា វាអាចជាគ្រឿងលម្អអោយគ្រឿងរណ្ដាប់មានសម្រស់ ស្របពេលដែលមានការពន្យល់ផ្សេងទៀតផងដែរ៖ «យើងតុបតែងជាស្លាធម៌ទ្រង់គ្រឿង ជាទៀន ៥ ធូប ៥ អ៊ីចឹងទៅវាញ៉ាំងចិត្តអោយជ្រះថ្លា។ ព្រឹទ្ធាចារ្យខ្លះលោកថា ស្លាធម៌ដែលមានជើង ៣តំណាងទោសៈ មោហៈ ហើយស្លាធម៌ដែលមាន៤ គឺតំណាងទ្វីបទាំង៤ ហើយមានដុតទៀននៅខាងលើជាតំណាងប្រទីបបំភ្លឺផ្លូវអោយកុសលចេតនាអោយភ្លឺដូចប្រទីប»។
លោកថា មានការពន្យល់ម្យ៉ាងទៀតថា កូនចេកនេះជាការរំលឹកដល់កាលដែលព្រះពុទ្ធអង្គនិមន្តទៅធ្វើធម្មទេសនានៅឯស្ថានត្រៃត្រិង្ស៖ «នៅកន្លែងដែលព្រះឥន្ទ្រគង់ព្រះពុទ្ធគ្រប់ព្រះអង្គទាំងអស់ដែលបានត្រាស់ដឹងឡើងក្នុងលោក ព្រះអង្គតែងទៅសម្ដែងធម៌នៅក្រោយដើមបារិជាតព្រឹក្ស ដើម្បីប្រោះព្រះពុទ្ធមាតានៅទីនោះ»។
នៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត បានលើកឡើងនូវឈ្មោះបារិជាតព្រឹក្ស ដែលសំដៅដល់ឈ្មោះឈើទេវតាក្នុងឋានត្រៃត្រិង្ស។
ទាក់ទិននឹងការប្រើប្រាស់ដើមរុក្ខជាតិក្នុងគ្រឿងសក្ការបូជានេះ អ្នកស្រាវជ្រាវផ្នែកប្រព័ន្ធជំនឿខ្មែរ លោកបណ្ឌិត អាំង ជូលាន លើកឡើងថា ជំនឿចំពោះកូនចេក ឬដើមចេក ឋិតក្នុងចំណោមជំនឿលើដើមរុក្ខជាតិ ដែលជាប្រភេទជំនឿមានពីដំបូងៗក្នុងសកលលោកនេះ ដែលថា អ្វីដែលមាននៅលើផែនដីនេះមុនគេ គឺដើមឈើមួយដើម៖ «ជាជំនឿទូទៅដែលគេមាននៅប្រទេស តាមជាតិដទៃផ្សេងៗទៀតដែលថា ដើមឡើយលោកយើងនេះកកើតវាមានដើមឈើមួយដើម វាមានមិនមែនតែយើងទេ។ យើងហ្នឹងវាមកជានគរគោកធ្លកទៅ ឯគេមានអ្វីរបស់គេតទៅទៀត។ ដូចនៅឥណ្ឌា នៅអីគេជឿលើដើមឈើច្រើនណាស់ គឺឃើញគេទៅបន់ដើមឈើតែម្ដង»។
លោកបណ្ឌិត អាំង ជូលាន លើកឡើងទៀតថា ពុំមានការពន្យល់ជាក់លាក់ពីរឿងកូនចេកនេះទេ ប៉ុន្តែខ្មែរប្រើប្រាស់ដើមចេកទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងជំនឿ៖ «យើងឃើញថា នៅក្នុងកិច្ចពិធីអីវាមានចេក ដែលគេយកទៅប្រើដែរ ដើមចេកនោះគឺមិនបាច់និយាយទេ គឺវាសំខាន់ខ្លាំងណាស់យកទៅធ្វើពែ ក៏ដើមចេកយកទៅធ្វើស្លាធម៌ បាយសីក៏ដើមចេក។ យើងអាចគិតថា ដើមចេកវាស្រួល គ្រាន់តែយកកាំបិតទៅកាប់មិនត្រូវការអារអីជាការធំដុំទេ គឺគ្រាន់តែចាំងៗអាចប្រើបានយើងថា អ៊ីចឹងក៏បាន»។
លោក អាំង ជូលាន លើកឡើងដែរថា ក្នុងបូរាណកាលខ្មែរធ្លាប់មានជំនឿថា ទឹកដីខ្មែរកកើតឡើងដំបូងគឺមានដើមឈើមួយដើមឈ្មោះថា ដើមធ្លកដែលនាំទៅហៅទឹកដីនេះថា គោកធ្លក។ បើទោះជាយ៉ាងណា លោក អាំង ជូលាន សង្ស័យដែរថា ជំនឿនានាទាក់ទងនឹងដើមចេក ក៏ជាប់ទាក់ទងនឹងការកកើតទឹកដីនេះដែរ ប៉ុន្តែដោយបានកន្លងទៅច្រើនជំនាន់មនុស្សមកហើយទើបនាំអោយភ្លាំងភ្លេចបាត់ទៅហើយ។
មិនខុសគ្នានេះទេ ពលរដ្ឋដែលប្រើប្រាស់ដើមចេក ឬកូនចេកនៅក្នុងរណ្ដាប់សម្រាប់ពិធីផ្សេងៗបានអះអាងថា ពួកគាត់បានត្រឹមចេះចាំ និងធ្វើតាមតៗគ្នា ដោយពុំបានដឹងពីប្រភព និងអត្ថន័យពិតប្រាកដឡើយ៕