Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​មាន​អង្គភាព​ព្រះរាជអាជ្ញា​ពិសេស​សម្រាប់​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​ចាស់ៗ

$
0
0

ក្រុម​អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​អង្គភាព​ពិសេស​មួយ​សម្រាប់​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​ចាស់ៗ ដែល​កប់​បាត់​ជា​យូរ​មក​ហើយ​នោះ ដើម្បី​វែក​មុខ​អ្នក​បញ្ជា ឬ​អ្នក​សម​គំនិត​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​អះអាង​ថា យន្តការ​នេះ​នឹង​មិន​អាច​អនុវត្ត​នៅ​កម្ពុជា ទៅ​រួច​នោះ​ទេ។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា គួរ​តែ​បង្កើត​អង្គភាព​ព្រះរាជអាជ្ញា​ពិសេស​មួយ​ដើម្បី​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​យ៉ាង​ប្រសិទ្ធភាព​លើ​ឃាតកម្ម​ខ្នាត​ធំ​ជា​ច្រើន​ករណី ហើយ​បន្ទាប់​មក​បញ្ជូន​សំណុំរឿង​ពី​ការ​ស៊ើប​អង្កេត​នោះ​ទៅ​តុលាការ​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «គឺ​ត្រូវ​មាន​ច្បាប់​មួយ​ដើម្បី​បង្កើត​ព្រះរាជអាជ្ញា​ពិសេស​មាន​មុខ​នាទី​ស៊ើប​អង្កេត​រឿង​ចាស់ៗ​ទាំង​អស់។ គ្រាន់​តែ​ស៊ើបអង្កេត​ទេ តែ​ប្រើ​តុលាការ​ដដែល។ មាន​ករណី​ពិសេសៗ ពិបាក ហើយ​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ ហើយ​ជាពិសេស​រឿង​អំណាច​រឿង​អី​ហ្នឹង ​គេ​ធ្វើ​ច្បាប់​មួយ​ទូទៅ​តែម្ដង។ ពេល​គេ​បង្កើត​ហ្នឹង​អ្នក​ណា​មាន​ភារកិច្ច​ត្រូវ​ធ្វើ​អី​ខ្លះ អ្នក​ណា​ជា​អ្នក​សម្រេច ហើយ​កាលៈទេសៈ​យ៉ាង​ម៉េច ហើយ​អ្នក​ណា​អាច​សម្រេច​តែងតាំង​ព្រះរាជអាជ្ញា​ហ្នឹង​បាន»

​លោក​បន្ត​ថា ទស្សនៈ​វិស័យ​ក្នុង​ការ​បង្កើត​អង្គភាព​ព្រះរាជអាជ្ញា ពិសេស​នេះ​គឺ​ជា​ការ​ចម្លង​ពី​ស្តង់ដារ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​លោក​បាន​សិក្សា​ស្រាវជ្រាវ​កន្លង​មក ហើយ​ថា យន្តការ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ស្វែង​រក​ពន្លឺ​យុត្តិធម៌​ដែល​តែង​កប់​បាត់​ក្នុង​ភព​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នោះ។

នីតិវិធី​ក្នុង​ការ​បង្កើត​អង្គភាព​ព្រះរាជអាជ្ញា​ពិសេស​នេះ គឺ​កើត​ចេញ​ពី​ការ​ជ្រើសតាំង​របស់​រដ្ឋ​សភា​ក្នុង​ការ​ស្វែង​រក​បុគ្គល​ណា​ដែល​មាន​បុគ្គលិក​លក្ខណៈ​ជា​មនុស្ស​គ្មាន​និន្នាការ​នយោបាយ​ជា​មនុស្ស​ឯករាជ្យ ហើយ​ជា​មនុស្ស​ធ្លាប់​មាន​បទពិសោធន៍​ខ្លាំង​ខាង​កិច្ចការ​ព្រះរាជអាជ្ញា ឬ​ចៅក្រម​ក្នុង​ប្រព័ន្ធ​តុលាការ។

​ក្រោយ​ពី​រដ្ឋសភា​ជ្រើសរើស ឬ​តែងតាំង ព្រះរាជអាជ្ញា​ពិសេស​នេះ ហើយ​ព្រះរាជអាជ្ញា​រូប​នោះ​មាន​អំណាច​អាច​ជ្រើសរើស​អ្នក​ជំនាញ​ខាង​ច្បាប់​ផ្សេងៗ​ទៀត​រួម​មាន​មេធាវី ចៅក្រម ឬ​ព្រះរាជអាជ្ញា​ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​លើ​ស៊ើបអង្កេត​រឿង​ក្តី​នីមួយៗ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា អង្គភាព​នេះ​មាន​តួនាទី​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ទៅ​លើ​ករណី​ឧក្រិដ្ឋកម្ម​ដែល​ស្មុគស្មាញ ឬ​ជា​ករណី​រសើប​ពាក់ព័ន្ធ​ជាមួយ​អ្នក​មាន​អំណាច។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រានចោល​ទស្សនៈ​នេះ។ លោក​អះអាង​ថា កម្ពុជា​មិន​អាច​យក​ស្តង់ដារ​ច្បាប់​ប្រទេស​ផ្សេង​មក​អនុវត្ត​នៅ​កម្ពុជា បាន​ទេ ដោយសារ​តែ​ប្រទេស​នីមួយៗ​មាន​ស្ថានការណ៍​នយោបាយ​ខុសៗ​គ្នា៖ «ខ្ញុំ​យល់​ថា ការ​អនុម័ត​បាន ឬ​មិន​បាន​ហ្នឹង គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​បរិបទ​កម្ពុជា។ យើង​មិន​មែន​ឃើញ​ប្រទេស​គេ​ធ្វើ​បាន ហើយ​ថា យើង​ធ្វើ​បាន​​នោះ​ទេ។ លក្ខណៈ ពិសេស​របស់​ប្រទេស​យើង និង​ប្រទេស​គេ​មាន​ភាព​ខុស​គ្នា​ដោយ​ឡែក​មិន​អាច​ដូចគ្នា​ទាំង​ស្រុង​នោះ​ទេ»

ប៉ុន្តែ​កន្លង​មក​កម្ពុជា បាន​ចម្លង​ច្បាប់​របស់​ខ្លួន​ជា​ច្រើន​ពី​បរទេស។ ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​កម្ពុជា ទាំង​មូល​ភាគ​ច្រើន​ជា​ប្រព័ន្ធ​ច្បាប់​ស៊ីវិល​ដែល​ចម្លង​ចេញ​ពី​ប្រទេស​បារាំង ឬ​ហៅ​ថា Civil Law។ ជាក់​ស្ដែង​ច្បាប់​ព្រហ្មទណ្ឌ​របស់​ខ្មែរ​បាន​ចម្លង​ចេញ​ពី​ប្រទេស​បារាំង ហើយ​ចំណែក​ឯ​ច្បាប់​រដ្ឋប្បវេណី​ភាគ​ច្រើន​បាន​ចម្លង​ចេញ​ពី​ប្រទេស​ជប៉ុន។

ជុំវិញ​គំនិត​ផ្ដួចផ្ដើម​ក្នុង​បំណង​បង្កើត​អង្គភាព​ព្រះរាជអាជ្ញា​ពិសេស ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ខ្នាត​ធំៗ​នេះ​ដែរ អ្នក​ឃ្លាំមើល​សង្គម លោក​បណ្ឌិត មាស នី អះអាង​អង្គភាព​នេះ​នឹង​មិន​អាច​បង្កើត​ទៅ​រួច​ទេ ដរាបណា​រដ្ឋាភិបាល​គ្មាន​សុ​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ៖ «ករណី​ច្រើន​ណាស់​ដែល​ត្រូវ​បាន​គេ​កប់​ទុក។ មិន​ដឹង​ថា តុលាការ​ហ្នឹង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត ឬ​មួយ​មាន​ឥទ្ធិពល​ពី​អ្នក​នយោបាយ​ដែល​ធ្វើ​ឲ្យ​ករណី​ទាំង​អស់​ហ្នឹង​ចេះ​តែ​ទុក​ស្ងាត់​ទៅៗ។ ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ថា វា​នឹង​តឹង​បន្តិច​ប្រសិនបើ​គ្មាន​ឆន្ទៈ​ពី​រដ្ឋាភិបាល»

លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយកន្តើយ​បណ្ដែតបណ្ដោយ​ឲ្យ​ឧក្រិដ្ឋកម្ម​លើ​ក្រុម​អ្នក​រិះគន់​បន្ត​កើត​មាន​ទៀត នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​លើក​ទឹក​ចិត្ត​អោយ​អ្នក​ប្រព្រឹត្ត​អយុត្តិធម៌​អាច​សម្លាប់​មនុស្ស​តាម​អំពើ​ចិត្ត ហើយ​កម្ពុជា​នៅ​តែ​មិន​គេច​ផុត​ពី​ការ​ដាក់​ឈ្មោះ​ថា ជា​ប្រទេស​និទណ្ឌភាព ឬ​គ្មាន​ទោសពៃរ៍ ហើយ​ល្បី​ខាង​អាក្រក់​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ​ដដែល។

រហូត​មក​ទល់​ពេល​នេះ យុត្តិធម៌​ពី​ឧក្រិដ្ឋកម្ម​ខ្នាត​ធំ​ជា​ច្រើន​ករណី​នៅ​តែ​គ្មាន​ពន្លឺ ហើយ​គ្មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ និង​គ្មាន​ការ​ជឿជាក់​ពី​មហាជន។ ឃាតកម្ម​ទាំង​នោះ​រួម​មាន​ករណី​អ្នក​វិភាគ​សង្គម លោក​បណ្ឌិត កែម ឡី អ្នក​ឃ្លាំមើល​បរិស្ថាន លោក ឈុត វុទ្ធី ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី លោក រស់ សុវណ្ណារ៉េត ករណី​តារាភាពយន្ត​អ្នកស្រី ពិសិដ្ឋ ពិលីកា កញ្ញា ទូច ស៊ុននិច កញ្ញា តាត ម៉ារីណា និង​កញ្ញា ពៅ បញ្ញាពេជ្រ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។ អ្នក​បញ្ជា​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ទាំង​នេះ កំពុង​រស់​នៅ​មាន​សេរីភាព​ក្នុង​ប្រទេស​អច្ឆរិយៈ ខាង​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​មួយ​នេះ​យ៉ាង​សុខសាន្ត។

​ក្រៅពី​ឧក្រិដ្ឋកម្ម​ខ្នាត​ធំ​ទាំង​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ រក​យុត្តិធម៌​នោះ គេ​នៅ​មិន​ទាន់​ភ្លេច​នៅ​ឡើយ​ទេ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​មួយ​ជ្រុង​ទៀត កាល​ពី​ទសវត្ស​ឆ្នាំ​១៩៩០ ដែល​ពេល​នោះ កងទ័ព​របស់​លោក ហ៊ុន សែន នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​សម្លាប់​កងទ័ព​រាជា​និយម​រាប់​រយ​នាក់​ក្នុង​រដ្ឋប្រហារ​បង្ហូរ​ឈាម និង​ការ​បោក​គ្រាប់បែក​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​ដែល​សម្លាប់​ជីវិត​មនុស្ស ១៦​នាក់ ការ​សម្លាប់​សិស្ស និស្សិត និង​ព្រះសង្ឃ​ក្នុង​មហា​បាតុកម្ម​ឆ្នាំ​១៩៩៨ និង​ការ​សម្លាប់​លោក ឱម រដ្ឋសាឌី សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាល​ពី​ឆ្នាំ​២០០៣ ផង​នោះ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បើក​ដំណើរការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​វែក​មុខ​អ្នក​បញ្ជា​យក​មក​ផ្ដន្ទាទោស​នោះ​ដែរ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃរ៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាមស៍ (Brad Adams) បាន​គាំទ្រ​រាល់​យន្តការ​ទាំង​ឡាយ​ណា​ដែល​បើក​ដំណើរ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​រាល់​ករណី​ឧក្រិដ្ឋកម្ម​ធំៗ​ទាំង​ឡាយ​ឡើង​វិញ៖ «បទល្មើស​ទាំង​ប្រាំ​កំពូលៗ​ដែល​ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឡើង​វិញ​នោះ​រួម​មាន ទី​១ គឺ​ការ​បោក​គ្រាប់​បែកដៃ​កាល​ពី​ឆ្នាំ​១៩៩៧ ទី​២ គឺ​រាល់​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ទាំង​ឡាយ​នៅ​អំឡុង និង​ក្រោយ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​កាល​ពី​ឆ្នាំ​១៩៩៧ ទី​៣ គឺ​ការ​សម្លាប់​ព្រះសង្ឃ កាល​ពី​អំឡុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ទី​៤ គឺ​ការ​សម្លាប់​អ្នក​សារព័ត៌មាន​ជា​ច្រើន ហើយ​ទី​៥ គឺ​ការ​សម្លាប់​លោក ឱម រដ្ឋសាឌី»

​លោក​បន្ត​ថា ឧក្រិដ្ឋកម្ម​បោក​គ្រាប់​បែក​គឺ​ជា​ការ​បំភ័យ​ដល់​ប្រជាពលរដ្ឋ​មិន​អោយ​ចូលរួម​ក្នុង​ឆាក​នយោបាយ។ ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈម​គឺ​ជា​ការ​បញ្ចប់​ដំណើរការ​ប្រជាធិបតេយ្យ។ ការ​សម្លាប់​និស្សិត និង​ព្រះសង្ឃ​កាល​ពី​ឆ្នាំ​១៩៩៨ ហើយ​បណ្ដែត​សាកសព​ក្នុង​ទឹក​ទន្លេ​នោះ គឺ​ជា​ការ​គំរាម​ដល់​ការ​ហ៊ាន​រិះគន់​លទ្ធផល​ឆ្នោត​ដែល​មាន​ការ​លួច​បន្លំ។ ចំណែក​ការ​សម្លាប់​ក្រុម​អ្នក​កាសែត​គឺ​ជា​ការ​ព្យាយាម​បិទ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles