Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មនុស្ស​ជាង​១០០​នាក់​នឹង​ចូលរួម​កីឡា​ម៉ារ៉ាតុង​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ខេត្ត​រតនគិរី

$
0
0

អាជ្ញាធរ​ខេត្ត​រតនគិរី នឹង​ចាប់​ផ្ដើម​ប្រកួត​កីឡា​ម៉ារ៉ាតុង អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្រុង​បានលុង ​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ដើម្បី​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​លើក​ដំបូង​ជូន​ប្រជាពលរដ្ឋ និង​ទេសចរ​ដែល​មក​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ​ក្នុង​ខេត្ត​នេះ។

​មនុស្ស​ជាង ១០០​នាក់ នឹង​ចូលរួម​រត់​ម៉ារ៉ាតុង លើក​ដំបូង​នៅ​ក្រុង​បានលុង ដើម្បី​ផ្តល់​ភាព​រីករាយ និង​សាមគ្គីភាព​ជូន​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ​ដែល​បាន​មក​ចូលរួម​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​ខេត្ត​រតនគិរី ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។

អភិបាល​ក្រុង​បានលុង និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​ខេត្ត​រតនគិរី លោក ងិន ណែល បញ្ជាក់​ថា កីឡាករ​ប្រមាណ ៨០​ភាគរយ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​រួម​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​នគរបាល​កង​រាជ​អាវុធហត្ថ និង​យោធា​ជាង ២០​ភាគរយ​ទៀត​បាន​ត្រៀម​លក្ខណៈ​ចូលរួម​រត់​ម៉ារ៉ាតុង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា។ លោក​ថា រង្វាន់​សម្រាប់​ជយលាភី​ពី​លេខ​១ ដល់​លេខ​៥ គឺ​មាន​ទឹក​ប្រាក់​ពី ៤០​ម៉ឺន​រៀល រហូត ៣០​ម៉ឺន​រៀល៖ «គ្រោង​ប្រហែល ១០០​នាក់​ជាង។ រង្វាន់​ធំ​ប្រហែល ៤០​ម៉ឺន​រៀល តាម​មក ២០​ម៉ឺន​រៀល ១០​ម៉ឺន​រៀល មាន​ប្រាំ​រង្វាន់ ជា​មន្ត្រី​រាជការ ជា​នគរបាល យោធា អង្គការ​ដូច​ឃើញ​តិចតួច។ ខេត្ត​រតនគិរី យើង​មាន​ការ​រីកចម្រើន​ច្រើន»

អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​បុគ្គលិក​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រញាប់​ដាក់​ពាក្យ​ស្នើ​សុំ​ចូលរួម​រត់​ប្រណាំង​ម៉ារ៉ាតុង នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​​បុណ្យ​ចូល​ឆ្នាំ។ ការ​រត់​ម៉ារ៉ាតុង នេះ​ចាប់​ផ្ដើម​ចេញ​ពី​មន្ទីរ​វប្បធម៌​ខេត្ត​រត់​ជុំវិញ​មាត់​បឹង​កន្សែង​ចម្ងាយ ៥​គីឡូម៉ែត្រ ទើប​ត្រឡប់​ចូល​ទៅ​មន្ទីរ​វប្បធម៌​ដើម្បី​ធ្វើ​ពិធី​ប្រគល់​រង្វាន់។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត ពិទូ បញ្ជាក់​ដែរ​ថា កីឡាករ​ទាំង​អស់​នឹង​ទទួល​បាន​អាវ​យឺត​ម្នាក់​១ សម្រាប់​ពាក់​រត់​ម៉ារ៉ាតុង​នេះ។ លោក​បន្ត​ថា ការ​ដាក់​បញ្ចូល​កីឡា​ម៉ារ៉ាតុង ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​លើក​ដំបូង​ក្នុង​ខេត្ត​រតនគិរី នេះ ក្នុង​គោលបំណង​បំផុស​សកម្មភាព​កម្សាន្ត​សប្បាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ រួម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ទេសចរ​ចាប់​អារម្មណ៍​ទៅ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ដែល​សម្បូរ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​ស្រស់​ត្រកាល​សម្រាប់​ការ​កម្សាន្ត​របស់​ពួកគេ៖ «យើង​រៀបចំ​អស់​ហើយ យើង​ត្រៀម​អស់​ហើយ យើង​បាន​បោះ​ពុម្ព​អាវ​យឺត អាវ​យឺត​ហ្នឹង​ត្រូវ​លក់​ទេ ប៉ុន្តែ​ឆ្នាំ​ទី​១ យើង​ធ្វើ​យក​បទពិសោធន៍​សិន ធ្វើ​ម៉េច​បំផុស​ឲ្យ​មាន​ចលនា​ហ្នឹង​សិន ឲ្យ​ប្រជាជន​គាត់​មក​លេង​កម្សាន្ត​សប្បាយ​បី​ថ្ងៃ​ចូល​ឆ្នាំ​នេះ»

​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​អាជ្ញាធរ​ខត្ត​រតនគិរី បាន​រៀបចំ​លេងល្បែង​ប្រជាប្រិយ​រួម​មាន ល្បែង​ចោល​ឈូង ទាញព្រ័ត្រ បោះ​អង្គញ់ ល្បែង​ជិះ​កង់​យឺត ការ​សម្ដែង​ក្បាច់​ដាវ ការ​ប្រគំ​មន្ត្រី និង​ដាក់​តាំង​ពិព័រណ៍​ម្ហូប​អាហារ​ប្រជាពលរដ្ឋ​តំបន់​ឦសាន រួម​ទាំង​រៀបចំ​កម្មវិធី​បាញ់​​កាំជ្រួច​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។

មន្ត្រី​ទេសចរណ៍​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា មក​ទល់​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា នេះ ចំនួន​អ្នក​ទេសចរ​ដែល​បាន​​កក់​បន្ទប់​សណ្ឋាគារ ផ្ទះ​សំណាក់​មាន​ចំនួន​កើន​ឡើង​ជាង ៤០​ភាគរយ ប្រៀបធៀប​តួលេខ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ថ្ងៃ​ចូល​ឆ្នាំ​២០១៦។ តួលេខ​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា បរិមាណ​អ្នក​ទេសចរ​ដែល​គ្រោង​មក​កម្សាន្ត​នៅ​ខេត្ត​រតនគិរី នា​បុណ្យ​ចូល​ឆ្នាំ​អាច​នឹង​កើន​ច្រើន​ជា​ឆ្នាំ​មុនៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles