អ្នកនយោបាយយល់ឃើញខុសៗគ្នា ជាពិសេសគណបក្សដែលមានអាសនៈទាំងពីរនៅក្នុងរដ្ឋសភា។ ពីខាងគណបក្សប្រឆាំង មិនចង់ឃើញតទៅទៀតការធ្វើនយោបាយដែលបង្កើតទៅជារឿងបង្ហូរឈាម និងបំបិទសេរីភាព។ ផ្ទុយពីនេះវិញ គណបក្សដែលគ្រប់គ្រងអំណាច មើលឃើញថា ដោយសារភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល មានភាពរីកចម្រើនគ្រប់វិស័យ រួមទាំងការគោរពសិទ្ធិមនុស្សជាដើមផង ទើបធ្វើឲ្យពលរដ្ឋនៅតែមានការគាំទ្រ។
ថ្វីបើនេះជារបៀបសារជូនពររបស់អ្នកនយោបាយសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិក៏ពិតមែន គណបក្សនយោបាយដែលមានអាសនៈទាំងពីរនៅអាចឆ្លៀតឃោសនារកសំឡេងគាំទ្រតែរៀងៗខ្លួន ខណៈយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់ណាស់ទៅហើយ។
សារលិខិតរបស់គណបក្សប្រឆាំងដែលចុះហត្ថលេខាដោយលោក កឹម សុខា នៅថ្ងៃទី១២ មេសា បានសរសេរថា នៅក្នុងពិធីចូលឆ្នាំដ៏មានសារសំខាន់នេះ សូមឲ្យពលរដ្ឋ និងមន្ត្រីរាជការទទួលបានពរជ័យពីទេវតាឆ្នាំថ្មី។ បន្ថែមពីលើនេះ គណបក្សប្រឆាំងមិនចង់ឃើញមានការបង្ហូរឈាម និងបំពានសិទ្ធិសេរីភាពគ្នា។ បើទោះជាបែបណា បក្សប្រឆាំងរំពឹងថា លទ្ធផលឆ្នោតដែលនឹងចេញក្នុងពេលខាងមុខនេះ នឹងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។ ក្រៅពីនេះ បក្សប្រឆាំងមានសុទិដ្ឋិនិយមថា ការប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតខាងមុខ ឃោសនាមិនដៀមដាមគ្នា ពោលផ្ដោតទៅលើតែកម្មវិធីនយោបាយរៀងៗខ្លួន។
ដោយឡែកសារនយោបាយពីខាងបក្សកាន់អំណាចវិញ ដែលចេញក្នុងថ្ងៃតែមួយដែរនោះ បានសរសេរថា ពិធីចូលឆ្នាំលើកនេះចំថ្ងៃដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ សារជូនពរដែលមានកម្រាស់ ៦ទំព័រ ចុះថ្ងៃទី១២ មេសា របស់លោក ហ៊ុន សែន មានជំនឿថា ពលរដ្ឋនៅតែគាំទ្របក្សកាន់អំណាចមិនងាករេឡើយ បើទោះជាត្រូវប្រឈមបញ្ហាគ្រប់បែបយ៉ាងទាំងក្នុង និងក្រៅប្រទេសក៏ដោយ។
គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលប្រមាណ ៣០ឆ្នាំមកហើយនេះ មានមោទនភាពថា ដោយសាររដ្ឋាភិបាលដើរលើផ្លូវត្រូវ ដូចជាការធានាបាននូវសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសកំណើនសេដ្ឋកិច្ចនៅតែអាចរក្សាបានក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ។ ទាំងនេះជាអ្វីដែលពលរដ្ឋចង់បាន។
ទាក់ទិនរឿងនេះ អ្នកវិភាគនយោបាយមើលឃើញថា នេះអាចជាការយកប្រៀបលើដៃគូប្រកួតរៀងៗខ្លួន ហើយចង់បង្ហាញឲ្យអ្នកគាំទ្រមើលឃើញពីភាពខ្លាំងរបស់ខ្លួន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម សង្កេតឃើញថា នេះវាមិនមែនជាការទាស់ខុស និងជារឿងដែលចម្លែកអ្វីឡើយ។ សំខាន់ជាងនេះ នេះអាចជារបៀបអួតតាមបែបនយោបាយ ដើម្បីស្វែងរកការគាំទ្រនៅមុនការបោះឆ្នោតមកដល់ប៉ុណ្ណោះ។ លោកបន្តថា «ខាងគណបក្សប្រជាជន គេសង្កត់ទៅលើសមិទ្ធផល ហើយជាពិសេសផ្នែកសេដ្ឋកិច្ច។ នេះជាចំណុចខ្លាំងហើយ។ ចំណែកខាងគណបក្សសង្គ្រោះជាតិ ចំណុចខ្លាំងត្រង់ធ្វើឲ្យមានការប្រែប្រួល ហើយប្រែប្រួលទៅរកចំណុចល្អ។ មួយទៀតជួយបណ្ដុះបណ្ដាល និងពង្រឹងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ សង្គមស៊ីវិលដែលធ្វើការលើប្រព័ន្ធបោះឆ្នោត រកឃើញថា បញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ គឺមានភាពសុក្រឹត និងជឿជាក់បានស្ទើរ ១០០ភាគរយ៕