ក្រុមយុវជន សិស្សនិស្សិត និងក្រុមកាយរឹទ្ធិនៅខែត្រស្ទឹងត្រែង បានរួមគ្នាផ្ដើមប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តស្រុកខ្ញុំឆ្នាំនេះ ដោយមានលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តបែបប្រពៃណីខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។ ការប្រារព្ធពិធីនេះ ដើម្បីអភិរក្សវប្បធម៌ប្រពៃណីជាតិ និងជំរុញឲ្យយុវជនចាប់អារម្មណ៍លេងល្បែងប្រជាប្រិយ ជំនួសដោយការផឹកស៊ី។
ក្រុមយុវជន ភាគច្រើនមានស្រុកកំណើតនៅខែត្រស្ទឹងត្រែង ហើយយុវជនខ្លះទៀតដែលវិលត្រឡប់ពីខែត្រនានា និងរាជធានីភ្នំពេញ បាននាំគ្នាមកលេងស្រុកកំណើតនៅខែត្រស្ទឹងត្រែង ឆ្នាំនេះ បានមូលមតិគ្នាប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តស្រុកខ្ញុំ ដើម្បីអបអរសាទរឆ្នាំថ្មី។ ពួកគេរៀបចំធុងបាសរាំកម្សាន្ត ប្រក់ស្តង់ និងលើកស្លាកសញ្ញាសង្ក្រាន្តស្រុកខ្ញុំ នៅខ្លោងទ្វារវិទ្យាល័យព្រះរាជបូជនីយកិច្ច ក្រុងស្ទឹងត្រែង។
តំណាងក្រុមយុវជនរស់នៅក្រុងស្ទឹងត្រែង លោក បាន វណ្ណថន មានចំណាប់អារម្មណ៍ថា ការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តដើម្បីប្រមូលយុវជន និងពលរដ្ឋខ្មែរឲ្យងាកមកចាប់អារម្មណ៍ល្បែងប្រជាប្រិយខ្មែរ បំណងលើកកម្ពស់វប្បធម៌ជាតិ។ លោកថា គោលបំណងនៃកម្មវិធីនេះ ដើម្បីបង្កើនភាពជួបជុំ ស្និទ្ធស្នាល កាត់បន្ថយការធ្វើដំណើរទៅឆ្ងាយប្រឈមគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយការសេពគ្រឿងស្រវឹង។
លោកថា ក្រុមយុវជននឹងលេងល្បែងប្រជាប្រិយដូចជា ចោលឈូង ទាញព្រ័ត្រ និងដណ្ដើមស្លឹកឈើ ជាដើម៖ «គោលបំណងកម្មវិធីបង្កើតឡើង គ្រាន់តែចង់ឲ្យខែត្ររបស់យើងកុំឲ្យស្ងាត់នៅពេលចូលឆ្នាំ មានតែភាពអវិជ្ជមាន ដូចជាការដើរលេងបង្កគ្រោះថ្នាក់ ហើយមានការចលាចលដូចជាការផឹកស៊ី គ្រោះថ្នាក់ស្រវឹងអ៊ីចឹង យើងចង់ថែរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើងឲ្យពួកគាត់ស្គាល់ និងយល់ និងបង្កើតភាពរីករាយជាមហាគ្រួសារខ្មែរ»។
លោក បាន វណ្ណថន បន្ថែមថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះមានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី១៣ មេសា ដោយសារតែថវិកាមានកម្រិត។ លោកអំពាវនាវឲ្យពលរដ្ឋខ្មែរ ជាពិសេសយុវជនរួមគ្នាអភិរក្សវប្បធម៌ខ្មែរកុំឲ្យបាត់បង់ ដោយនាំគ្នាលេងល្បែងប្រជាប្រិយ ជំនួសដោយការផឹកស៊ី។
នេះជាលើកទី១ ដែលក្រុមយុវជននាំគ្នាប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តនៅខែត្រស្ទឹងត្រែង ដើម្បីដាស់ស្មារតីឲ្យយុវជននាំគ្នាលេងល្បែងប្រជាប្រិយអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលផ្ទុយពីឆ្នាំមុនៗ យុវជនភាគច្រើននាំគ្នាផឹកស៊ី រាំធុងបាស និងធ្វើដំណើរឆ្ងាយពីលំនៅឋាន ប្រឈមគ្រោះថ្នាក់ចរាចរណ៍នៅគ្រាពួកគេបានទទួលទានគ្រឿងស្រវឹងផង។
អភិបាលក្រុងស្ទឹងត្រែង លោក ប៊ុន ណារី សម្ដែងការគាំទ្រការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តរបស់ក្រុមយុវជន។ លោកថា អាជ្ញាធរក្រុងមានផែនការច្បាស់លាស់ រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តនៅខែត្រនេះ៖ «ពាក់ព័ន្ធកម្លាំងសន្តិសុខ យើងមានកម្លាំងការពារពីស្នងការ អាវុធហត្ថខែត្រ មានអស់ហើយ។ ទាំងកម្លាំងស្នងការខែត្រ ទាំងកម្លាំងអាវុធហត្ថខែត្រក្រុងអីហ្នឹង គឺសុទ្ធតែមានផែនការអស់ហើយរឿងកម្លាំងការពារ»។
ចំណែកប្រធានមន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បញ្ជាក់ដែរថា ក្រុមយុវជន និងស្ថាប័នពាក់ព័ន្ធ បានរួមគ្នាប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តខែត្រស្ទឹងត្រែង។ លោករំពឹងថា កំណើនអ្នកទេសចរនឹងកើននៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ លោកមើលឃើញថា សន្ទុះយុវជនចាប់អារម្មណ៍លេងល្បែងប្រជាប្រិយមានភាគរយខ្ពស់ជាងឆ្នាំកន្លងទៅ៖ «ការរៀបចំកម្មវិធីល្បែងប្រជាប្រិយអីហ្នឹង វាការចូលរួមចំណែកអភិរក្សនូវល្បែងប្រជាប្រិយខ្មែរយើងផង កុំឲ្យបាត់បង់ពីមួយឆ្នាំទៅមួយឆ្នាំ»។
ពួកគេរំពឹងថា នឹងមានអ្នកចូលរួមពិធីព្រឹត្តិការណ៍សង្ក្រាន្តនៅខែត្រស្ទឹងត្រែង ជាង ៥០០នាក់ ក្នុងនោះភាគច្រើនជាយុវជននៅខែត្រស្ទឹងត្រែង៕