Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រោងចក្រ​ហាដឌីស​នៅ​ប៉ោយប៉ែត​ផ្អាក​ដំណើរការ​ក្រោយ​ផ្ទុះ​ធុង​ហ្គាស៍​និង​របួស​មនុស្ស​៧​នាក់

$
0
0

មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឲ្យ​រោងចក្រ​ផលិត​ហាដឌីស (Hard Disk) កុំព្យូទ័រ​ឈ្មោះ អេសស៊ី វ៉ាដូ ខឹមផូណិន (SC WADO COMPONENT) នៅ​ក្រុង​ប៉ោយប៉ែត ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន។ កាល​ពី​យប់​ថ្ងៃ​ទី​១១ មេសា ធុង​ហ្គាស៍​នៅ​ក្នុង​រោងចក្រ​នេះ​បាន​ផ្ទុះ​ធ្វើ​ឲ្យ​ចំហាយ​ទៅ​ប៉ះ​បុគ្គលិក បណ្ដាល​ឲ្យ​មនុស្ស ៧​នាក់​រង​របួស​ធ្ងន់ និង​ស្រាល។

មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មេសា បាន​ចុះ​ស្រាវជ្រាវ​ដល់​ទីកន្លែង​ភ្លាមៗ​ក្រោយ​ពី​ទទួល​ដំណឹង​ផ្ទុះ​ធុង​ហ្គាស៍​នៅ​រោងចក្រ​ផលិត​ហាដឌីស​កុំព្យូទ័រ​ឈ្មោះ អេសស៊ី វ៉ាដូ ខឹមផូណិន បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ជាច្រើន​នាក់។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ លោក រស់ សារុំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មេសា ថា ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ពេញ​មួយ​ព្រឹក រក​ឃើញ​ថា រោងចក្រ​មួយ​នេះ​បាន​ធ្លាយ​ធុង​ហ្គាស៍​មួយ​កន្លែង​ចេញ​ពី​ឡ ហើយ​ចំហាយ​ហ្គាស៍​បាន​ជះ​ទៅ​ចំ​បុគ្គលិក​ក្នុង​រោងចក្រ បណ្ដាល​ឲ្យ​រលាក​រង​របួស​ធ្ងន់​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ឥណ្ឌា ម្នាក់ និង​របួស​ស្រាល ៣​នាក់ កាល​ពី​វេលា​ម៉ោង​ប្រមាណ ៨​យប់​ថ្ងៃ​ទី​១១ មេសា។

លោក​បន្ថែម​ថា ខាង​មន្ទីរ​ការងារ​ខេត្ត បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ផ្អាក​ដំណើរការ​មួយ​រយៈពេល ដើម្បី​ជួសជុល​សម្ភារ​ខូចខាត​ឲ្យ​បាន​ល្អ និង​ធានា​គុណភាព ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ«ព្រោះ​យើង​ខ្លាច​ប៉ះពាល់​អាយុ​របស់​ប្អូន​យើង ហើយ​យើង​មិន​អាច​ប្រហែស​បាន​ទេ។ គាត់​លើក​ឡើង​ដោយ​គិត​ថា ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ព្រោះ​ពួក​បច្ចេកទេស​ខាង​វិស្វករ​របស់​ជនជាតិ​ជប៉ុន គេ​ខ្លាំងៗ​ណាស់ ប៉ុន្តែ​វា​ហាក់​ដូចជា​ចៃដន្យ​យ៉ាង​ម៉េច​មិន​ដឹង។ យើង​អាច​គិត​ថា​មក​ពី​កម្ដៅ​ព្រះអាទិត្យ​វា​ខ្លាំង​ផង ឬ​ក៏​វា​បូក​ផ្សំ​ធាតុ​អាកាស​កម្ដៅ​ឡ​លាយ​ជាតិ​លោហៈ​ក៏​មិន​ដឹង»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អេសស៊ី វ៉ាដូ ខឹមផូណិន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២ មេសា ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​អនុញ្ញាត​ឲ្យ​រោងចក្រ​ដំណើរការ​ដោយ​មិន​បាន​ត្រួត​ពិនិត្យ​ឧបករណ៍​ប្រើប្រាស់​ក្នុង​រោងចក្រ​ឲ្យ​បាន​ត្រឹមត្រូវ«អ៊ីចឹង​រាល់​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ដែនដី​របស់​ខ្លួន អាជ្ញាធរ​ត្រូវ​តែ​ដឹង​ទាំងអស់ ព្រោះ​ដោយសារ​អ្នក​ដែល​ទាក់ទង​នឹង​ហ្គាស៍​ផ្ទុះ និង​ទៅ​លើ​គុណភាព​ទាំងឡាយ​នោះ គឺ​ខ្លួន​ព្រួយ​បារម្ភ​ភ័យ​ខ្លាច​ប៉ះពាល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ខ្លាច​ការ​នាំ​ចូល​គ្មាន​គុណភាព គ្មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់​អី​ជាដើម​នោះ គឺ​អាជ្ញាធរ​ត្រូវ​តែ​ដឹង»

បច្ចុប្បន្ន អ្នក​រង​របួស ៧​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អ៊ិមមើជេនស៊ី (Emergency) ខេត្ត​បាត់ដំបង។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ លោក រស់ សារុំ អះអាង​ថា ខាង​ក្រុមហ៊ុន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ចំណាយ​ថវិកា​ព្យាបាល​អ្នក​រង​របួស​រហូត​ជាសះស្បើយ ហើយ​លោក​ថា ខាង​មន្ទីរ​បាន​បញ្ជូន​ក្រុម​ការងារ​របស់​ខ្លួន​ចុះ​តាមដាន​នៅ​ជាប់​ជាមួយ​អ្នក​ជំងឺ​ដល់​ទីកន្លែង។ រោងចក្រ​របស់​ជប៉ុន មួយ​នេះ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បាន​បើក​ដំណើរការ​របស់​ខ្លួន​ជិត ៤​ឆ្នាំ​ហើយ និង​មាន​កម្មករ​ជាង ៦០០​នាក់​កំពុង​បម្រើ​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles