ប្រជាសហគមន៍ការពារព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បារម្ភថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាពេលវេលាមន្ត្រីរាជការ មន្ត្រីជំនាញ និងសហគមន៍សម្រាក ហើយក៏ជាឱកាសល្អសម្រាប់ក្រុមជនល្មើសធ្វើសកម្មភាពកាប់ឈើដែរ។ សហគមន៍កត់សម្គាល់ថា រាល់ពេលមានពិធីបុណ្យជាតិធំៗ ជនល្មើសតែងឆក់ឱកាសកាប់ និងដឹកជញ្ជូនឈើនៅតំបន់ព្រៃការពារ។
ប្រជាសហគមន៍ស្នើឲ្យអាជ្ញាធរខេត្ត ពិសេសមន្ត្រីជំនាញ គប្បីមានវិធានការទប់ស្កាត់បទល្មើសកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារ ដែលនឹងអាចកើតឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
បណ្ដាញស្នូលការពារព្រៃឡង់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា បទល្មើសព្រៃឈើនៅតំបន់ព្រៃអភិរក្សក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅតែមានសភាពស្ងប់ស្ងាត់នៅឡើយ។ ការបញ្ជាក់ដូច្នេះ បន្ទាប់ពីប្រជាសហគមន៍ព្រៃឡង់នាំគ្នាចុះល្បាតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ មេសា ដល់ថ្ងៃទី១០ មេសា។ ការចុះល្បាតប្រចាំខែមេសា គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ប៉ុន្តែខាងសហគមន៍រឹបអូសបានរណារយន្តមួយគ្រឿង ឧបករណ៍ឆក់ត្រីមួយគ្រឿង និងឮសំឡេងម៉ាស៊ីនអារឈើក្នុងព្រៃមួយចំនួន ដោយមិនអាចបង្ក្រាបបាន ព្រមទាំងករណីរានដីព្រៃថ្មីខ្លះដែរ។
លោកបន្ថែមថា ដ្បិតតែស្ថានភាពបទល្មើសមិនសូវមានច្រើនក្តី ប៉ុន្តែសហគមន៍បារម្ភថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រុមជនល្មើសនឹងធ្វើសកម្មភាពកាន់តែច្រើនជាក់ជាមិនខាន៖ «កម្មវិធីធំៗទាំងអស់នោះ គឺជាកម្មវិធីដែលធ្វើឲ្យមានការប្រឈមនឹងការកាប់បំផ្លាញព្រៃឈើ ព្រោះជាឱកាសរបស់អ្នកដែលរង់ចាំបំផ្លាញព្រៃឈើ»។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលប្រកាសបង្កើតតំបន់ព្រៃឡង់ជាតំបន់ដែនជម្រកសត្វព្រៃ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) គ្របដណ្ដប់លើខេត្តចំនួន ៤ រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានកាតព្វកិច្ចធានាគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់មួយនេះ ហើយត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍នៅថ្ងៃទី១២ មេសា ថា ការព្រួយបារម្ភរបស់សហគមន៍ គឺជារឿងត្រឹមត្រូវម្យ៉ាង ប៉ុន្តែមន្ត្រីជំនាញបានរៀបចំផែនការ និងបែងចែកកម្លាំងដើម្បីឃ្លាំមើលសកម្មភាពបទល្មើសរួចទៅហើយ។ លោកបន្តថា ស្ថានភាពបទល្មើសនៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ គឺស្ងប់ស្ងាត់ដដែល មិនមានអ្វីគួរឲ្យបារម្ភទេ។ លោក តុប កក្កដា ចង់ឲ្យមានកិច្ចសហការល្អជាមួយសហគមន៍បន្តទៀត ដោយផ្តល់ព័ត៌មានពិតជាក់ស្តែង មិនបំភ្លៃការពិត និងមិនត្រូវលាបពណ៌គ្នានោះឡើយ៖ «ប្រជុំបានដាក់ផែនការហើយ គឺយើងមកផ្លាស់វេនគ្នា គឺមួយកន្លែងនៅប្រចាំនៅស្នាក់ការហ្នឹងបីនាក់។ គឺយើងមិនឲ្យគាត់មកទាំងអស់ទេ។ អ៊ីចឹងការងារបង្ក្រាបនៅដដែលទេ»។
ព្រៃឡង់ក្រោយពេលដាក់ជាតំបន់ព្រៃអភិរក្ស ជម្រកសត្វ បទល្មើសគឺថយចុះច្រើននៅតំបន់ខ្លះ ដូចជានៅខេត្តកំពង់ធំ ជាដើម ប៉ុន្តែនៅខេត្តផ្សេងទៀត បទល្មើសនៅតែកើតឡើងច្រើនដដែល។
អ្នកសម្របសម្រួលបណ្ដាញការពារព្រៃឡង់ទាំងបួនខេត្ត លោក សេង សុខហេង កត់សម្គាល់ថា មិនត្រឹមតែរដូវកាលបុណ្យទានធំៗប៉ុណ្ណោះទេ សូម្បីក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន ជនល្មើសតែងឆក់ឱកាសកាប់ និងដឹកជញ្ជូនឈើបានដដែល។ លោកថា ក្រុមជនល្មើសមិនខ្វល់រឿងបុណ្យទានទេ ព្រោះតម្លៃខ្លួនចូលទៅកាប់ឈើក្នុងឱកាសបុណ្យទានកាន់តែខ្ពស់ជាងថ្ងៃធម្មតា ម្យ៉ាងមន្ត្រីពាក់ព័ន្ធ ឬសហគមន៍ត្រូវការសម្រាកជួបជុំក្រុមគ្រួសារ៖ «នៅក្នុងតំបន់នោះតិចតួចទេ ហើយអ្នកនៅខាងក្រៅដែលគាត់មិនបាននេះ គឺគាត់ចូលទៅកាប់ ដោយមានកម្រៃខ្ពស់ជាងថ្ងៃធម្មតា និងទី២ គឺជនជាតិវៀតណាម ក៏សំខាន់ដែលចូលរួមចំណែកក្នុងការកាប់បំផ្លាញព្រៃឈើខ្លាំងមែនទែននៅប្រទេសកម្ពុជា»។
លោកយល់ថា រាជរដ្ឋាភិបាលគប្បីផ្តល់ប្រាក់ ឬពានរង្វាន់លើកទឹកចិត្តដល់មន្ត្រីជំនាញ និងប្រជាសហគមន៍ដែលលះបង់ពេលវេលាសម្រាកផ្ទាល់ខ្លួនក្នុងរដូវបុណ្យទាន មកជួយការពារព្រៃឈើ។ ក្រៅពីនេះ អាជ្ញាធរត្រូវរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត និងស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់៕