Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ឯកទេស​ថា​ការ​ចេះ​ជំនាញ​មុជ​ទឹក​បាត​សមុទ្រ​ផ្តល់​ផល​ប្រយោជន៍​ច្រើន

$
0
0

អ្នក​ជំនាញ​មុជ​ទឹក​បាត​សមុទ្រ​កម្ពុជា ខេត្ត​ព្រះសីហនុ បង្ហាញ​ប្រយោជន៍​ច្រើន​យ៉ាង​ដែល​ទទួល​បាន​ពី​ការ​រៀន​ចេះ​ជំនាញ​មុជ​ទឹក​សមុទ្រ ដោយ​អះអាង​ថា អាច​ជួយ​កាត់​បន្ថយ​ទុក្ខ​កង្វល់ និង​ជា​កីឡា​មួយ​ប្រភេទ​ជួយ​ថែរក្សា​ជីវចម្រុះ ឬ​ធនធាន​ធម្មជាតិ​ក្នុង​បាត​សមុទ្រ​កម្ពុជា ឲ្យ​គង់វង្ស។

អ្នក​ឯកទេស​មុជ​ទឹក​សមុទ្រ និង​ជា​ប្រធាន​ក្រុមហ៊ុន​មុជ​ទឹក​បាត​សមុទ្រ​កម្ពុជា លោក កាន់ ភារៈ ផ្តល់​សម្ភាស​ឲ្យ​អាស៊ីសេរី​ថា មនុស្ស​គ្រប់ៗ​រូប​ដែល​មាន​កាយសម្បទា​រឹងមាំ គួរ​រៀន​ឲ្យ​ចេះ​ជំនាញ​មុជ​ទឹក​សមុទ្រ ដើម្បី​មាន​ឱកាស​ចុះ​ទៅ​បាត​សមុទ្រ​មើល​ធនធាន​ធម្មជាតិ​ក្នុង​បាត​សមុទ្រ​កម្ពុជា មាន​ដូចជា ត្រី​សមុទ្រ​ជាច្រើន​ប្រភេទ និង​ផ្កា​ថ្ម​ចម្រុះ​ពណ៌ ជាដើម។

អ្នក​ឯកទេស​មុជ​ទឹក​សមុទ្រ​ប្រចាំ​ខេត្ត​ព្រះសីហនុ លោក កាន់ ភារៈ បាន​អះអាង​ថា ជំនាញ​មុជ​ទឹក គឺ​ជា​កីឡា​មួយ​ប្រភេទ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​ទាំង​ពីរ​ភេទ​ពេញ​និយម ហើយ​តែង​មក​ទទួល​ការ​បណ្តុះបណ្តាល​នេះ​ពី​ក្រុមហ៊ុន​មុជ​ទឹក​បាត​សមុទ្រ​កម្ពុជា ជា​បន្តបន្ទាប់។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោក​ចាប់​អារម្មណ៍​ថា មាន​ភ្ញៀវ​ទេសចរ​ជាតិ ពិសេស​មន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ក៏​បាន​ចាប់​អារម្មណ៍ និង​រៀន​ជំនាញ​មុជ​ទឹក​សមុទ្រ មាន​ចំនួន​ច្រើន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក កាន់ ភារៈ បង្ហាញ​ប្រយោជន៍​ទទួល​បាន​ពី​ការ​ចេះ​ជំនាញ​មុជ​ទឹក​ក្នុង​បាត​សមុទ្រ​ថា អ្នក​ចេះ​ជំនាញ​នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​រីករាយ ឈាន​ដល់​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ នៅ​ពេល​ពួក​គេ​ចុះ​មុជ​ទឹក​មើល​ជីវចម្រុះ​ក្នុង​បាត​សមុទ្រ​រួម​មាន ផ្កា​ថ្ម​ជាច្រើន​ប្រភេទ ឬ​ភាព​សម្បូរ​បែប​នៃ​ត្រី​សមុទ្រ​ប្លែកៗ​នៅ​ក្នុង​ទឹក​សមុទ្រ«ការ​មុជ​ទឹក​នេះ មិន​ត្រឹម​តែ​ជា​កីឡា​មួយ​ធ្វើ​ឲ្យ​មាន​ភាព​រីករាយ​សប្បាយ​ក្នុង​ការ​មុជ​ទឹក​សម្រាក​ខួរ​ក្បាល​នោះ​ទេ ប៉ុន្តែ​វា​ជា​កីឡា​មួយ​ប្រភេទ​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ស្ត្រែស ឬ​ជំងឺ​តានតឹង​ក្នុង​អារម្មណ៍​បាន​មួយ​ចំណែក​ដែរ។ ទន្ទឹម​គ្នា​នេះ កីឡា​មុជ​ទឹក​ក្រោម​បាត​សមុទ្រ​នេះ ក៏​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ និង​យុវជន​មួយ​ចំនួន​ធំ ពួក​គេ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវចម្រុះ មាន​នៅ​ក្នុង​បាត​សមុទ្រ​ប្រទេស​កម្ពុជា យើង នៅ​គ្រា​ប្រទេស​យើង​បាន​ទើប​បើក​ទូលំទូលាយ​ខាង​ផ្នែក​ទេសចរណ៍ ទាក់ទង​ប្រភេទ​កីឡា​មុជ​ទឹក​ក្រោម​បាត​សមុទ្រ​នេះ​តែ​ម្តង»

អ្នក​ជំនាញ​មុជ​ទឹក​សមុទ្រ​ដែល​ឆ្លង​កាត់​ការ​សិក្សា​មក​ពី​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក និង​មាន​ជំនាញ​បង្រៀន​មុជ​ទឹក​សមុទ្រ​ជិត ១០​ឆ្នាំ លោក កាន់ ភារៈ ឲ្យ​ដឹង​ថា បើ​កាលណា​មនុស្ស​ម្នាក់ៗ​រៀន​ចេះ​ជំនាញ​មុជ​ទឹក និង​បាន​ចុះ​ទៅ​មើល​ជីវចម្រុះ​ក្នុង​បាត​សមុទ្រ នឹង​អាច​ឲ្យ​អ្នក​ទាំងនោះ​ងាក​មក​ចាប់​អារម្មណ៍ និង​ចេះ​ស្រឡាញ់​ការពារ​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​បាត​សមុទ្រ​កម្ពុជា។

អ្នក​ឯកទេស​រូប​នេះ​ឲ្យ​ដឹង​ថា ការ​ចាប់​យក​អាជីព​ជា​អ្នក​បណ្តុះបណ្តាល​ជំនាញ​មុជ​ទឹក​សមុទ្រ​របស់​ខ្លួន​នៅ​ពេល​នេះ គឺ​មួយ​ផ្នែក​មាន​បំណង​ចង់​ចូលរួម​ចំណែក​ថែរក្សា​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​បាត​សមុទ្រ​កម្ពុជា ឲ្យ​គង់វង្ស​ជាមួយ​រដ្ឋាភិបាល ពិសេស​ជាង​នេះ លោក កាន់ ភារៈ អះអាង​ថា ក៏​ចង់​យក​អាជីព​នេះ​ដើម្បី​ជា​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែម​ទៀត។

គ្រូ​ជំនាញ​មុជ​ទឹក​សមុទ្រ​រូប​នេះ​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ដែល​មាន​កាយសម្បទា​រឹងមាំ គួរ​ត្រូវ​មក​ទទួល​ជំនាញ​មុជ​ទឹក​សមុទ្រ​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ការ​កម្សាន្ត និង​រួម​គ្នា​ថែរក្សា​ធនធាន​ធម្មជាតិ ឬ​ជីវចម្រុះ​ក្នុង​សមុទ្រ​កម្ពុជា ឲ្យ​សម្បូរ​ថែម​ទៀត«កីឡា​មុជ​ទឹក​ក្រោម​បាត​សមុទ្រ​នេះ គឺ​ជា​កីឡា​ទាន់​សម័យ​មួយ​ប្រភេទ​ថ្មី​មួយ ហើយ​ពេល​បច្ចុប្បន្ន​នេះ កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​ក្រុម​យុវជន​ជាច្រើន បាន​ចូល​ចិត្ត និង​រួម​គ្នា​លេង​កីឡា​ប្រភេទ​នេះ ពិសេស​ជាង​នេះ ចំពោះ​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ មាន​ដូចជា​ការ​រុករក​កប៉ាល់​ចម្បាំង​ដែល​លិច​ពី​សម័យ​សង្គ្រាម ពី​ជំនាន់​ដើម ឬ​ក៏​ប្រវត្តិសាស្ត្រ​ដែល​កប់​បាត់​នៅ​ក្នុង​បាត​សមុទ្រ គឺ​ពួក​គេ​កំពុង​តែ​ពេញ​និយម​ប្រភេទ​កីឡា​មុជ​ទឹក​ក្រោម​បាត​សមុទ្រ​នេះ​នា​ពេល​បច្ចុប្បន្ន»

ភ្ញៀវ​ទេសចរ​ជាតិ និង​ជា​សិក្ខាកាម​មក​ពី​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មុជ​ទឹក​សមុទ្រ​នៅ​ក្នុង​ក្រុមហ៊ុន​មុជ​ទឹក​បាត​សមុទ្រ​កម្ពុជា មាន​ទីតាំង​នៅ​ជិត​រង្វង់​មូល​តោ​ពីរ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មេសា បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ជំនាញ​មុជ​ទឹក​សមុទ្រ​នេះ។

ក្រោយ​ពេល​បញ្ចប់​វគ្គ​សិក្សា​ទ្រឹស្ដី និង​បាន​អនុវត្ត​មុជ​ទឹក​ផ្ទាល់​ក្នុង​អាង​ទឹក​សិប្បនិម្មិត​ជា​ជំហាន​ដំបូង​រួច​មក ពួក​គេ​ម្នាក់ៗ​យល់​ថា ជំនាញ​មុជ​ទឹក គឺ​ជា​កីឡា​មួយ​ប្រភេទ​ដែល​មនុស្ស​គ្រប់ៗ​រូប​ត្រូវ​តែ​រៀន​ឲ្យ​ចេះ ព្រោះ​បាន​ជួយ​ដល់​ការ​តាំង​ចិត្ត និង​ការ​ប្រមូល​អារម្មណ៍​ឲ្យ​ស្ងប់។ ពួក​គេ​អះអាង​ថា បន្ទាប់​ពី​បាន​ហ្វឹកហាត់​ជំនាញ​មុជ​ទឹក និង​ឆ្លង​កាត់​ការ​អនុវត្ត​ចុះ​មុជ​ទឹក​ក្នុង​បាត​សមុទ្រ​ជា​បន្តបន្ទាប់​រួច​មក ពួក​គេ​យល់​ថា ការ​ចេះ​ជំនាញ​មុជ​ទឹក​ក្នុង​បាត​សមុទ្រ អាច​នាំ​ឲ្យ​អារម្មណ៍​ពួក​គេ​សប្បាយ​រីករាយ​នៅ​ពេល​ឃើញ​ទិដ្ឋភាព​ប្លែក ឬ​ជីវចម្រុះ​នៅ​ក្នុង​បាត​សមុទ្រ​មាន​ត្រី​សមុទ្រ​ច្រើន​ប្រភេទ និង​ផ្កា​ថ្ម​ចម្រុះ​ពណ៌​មាន​នៅ​ក្នុង​បាត​សមុទ្រ។

សិក្ខាកាម​ក្រុម​នេះ​អះអាង​ថា ពួក​គេ​មាន​គម្រោង​ណាត់​ជួប​មិត្តភ័ក្ដិ​ដែល​មាន​ជំនាញ​មុជ​ទឹក​មើល​ជីវចម្រុះ​នៅ​ក្នុង​បាត​សមុទ្រ​នៅ​ក្បែរ​កោះរ៉ុង និង​កោះតាង រយៈពេល ២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ពោល គឺ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បាន​បញ្ចប់ ដោយ​គ្រោង​ជ្រើស​យក​ឆ្នេរ​ឡុងសិត និង​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង សម្រាប់​ទីតាំង​នៃ​ការ​ណាត់​ជួប។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ប្រកាស​ស្វាគមន៍​ប្រតិបត្តិករ​ទេសចរ​នៅ​ទូទាំង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ឲ្យ​រួម​គ្នា​បង្កើត​កម្មវិធី​កម្សាន្ត​ផ្សេងៗ និង​ប្លែកៗ ដើម្បី​រួម​គ្នា​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​មូលដ្ឋាន​នេះ​សម្រាប់​លំហែ​កាយ។

លោក​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន​ឲ្យ​មាន​គុណភាព និង​រួម​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ ឬ​ទី​សាធារណៈ​ឲ្យ​មាន​អនាម័យ​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ។

លោក គ្រឹស្នា ស្នើ​ដល់​វិស័យ​ឯកជន​នានា ត្រូវ​រួម​សហការ​គ្នា​បង្កើត​កម្មវិធី​កម្សាន្ត​ឲ្យ​បាន​ច្រើន​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន ឬ​នៅ​តាម​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ«ស្នើ​ឲ្យ​វិស័យ​ឯកជន​ជួយ​វិនិយោគ​ទៅ​លើ​ផ្នែក​ស្តង់ដារ​រមណីយដ្ឋាន សណ្ឋាគារ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ថា កំណើន​ភ្ញៀវ​ដែល​ចូល​មក​ទស្សនា​រាល់​ឆ្នាំ​នេះ គឺ​ភ្ញៀវ​ជាតិ អន្តរជាតិ មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​យើង​ចង់​ឲ្យ​មាន​ការ​វិនិយោគ​ប្រភេទ​ស្តង់ដារ​សេវាកម្ម​ស្នាក់នៅ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ព្រោះ​យើង​ដឹង​ហើយ គោលដៅ​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ នេះ គឺ​ជា​គោលដៅ​មាន​សក្ដានុពល​សម្រាប់​វិស័យ​ទេសចរណ៍»

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ខេត្ត​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើន​ឡើង​ជាង ២០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជិត ៤០​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ) ហើយ​មាន​ឆ្នេរ​ខ្សាច់​សក្បុស ទឹក​សមុទ្រ​ថ្លា ឆ្នេរ​រាក់ ត្រី​សមុទ្រ ផ្កា​ថ្ម​ចម្រុះ​ពណ៌ និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ ឬ​ធនធាន​ធម្មជាតិ​សម្បូរ​បែប និង​ស្រស់​ស្អាត ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​អនាគត​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles