Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រោងចក្រ​ចាប់​ផ្ដើម​ស្ងាត់​ក្រោយ​ពេល​កម្មករ​នាំ​គ្នា​ទៅ​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត

$
0
0

កម្មករ​ដែល​បាន​មក​ធ្វើ​ការងារ​តាម​រោងចក្រ​នៅ​ភ្នំពេញ ចាប់​ផ្ដើម​នាំ​គ្នា​ទៅ​អបអរ​បុណ្យ​ចូល​ឆ្នាំ​នៅ​តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន​ហើយ។ ការ​ចាកចេញ​ជា​បន្តបន្ទាប់​របស់​កម្មករ ធ្វើ​ឲ្យ​រោងចក្រ​ក្នុង​តំបន់​ឧស្សាហកម្ម​ធំៗ ដូចជា​នៅ​តាម​ផ្លូវ​វ៉េងស្រេង ផ្ដើម​ស្ងាត់​ជា​បណ្ដើរៗ​តាំង​ពី​ថ្ងៃ​ទី​៩ មក​ម្ល៉េះ។

ទិដ្ឋភាព​ដែល​ធ្លាប់​តែ​អ៊ូអរ​តាម​រោងចក្រ​នានា​នៅ​រាជធានី​ភ្នំពេញ ប្រែ​ជា​ស្ងប់ស្ងាត់។ កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ បាន​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ ក្រោយ​ពេល​ពួក​គេ​បើក​ប្រាក់​ខែ និង​ប្រាក់​ខ្ចី​ពី​ថៅកែ​ខ្លះ។

ទោះ​ជា​តាម​មុខ​រោងចក្រ​ភាគច្រើន​ស្ងាត់ជ្រងំ នៅ​សល់​តែ​សន្តិសុខ​យាម ប៉ុន្តែ​នៅ​រោងចក្រ​ខ្លះ​បាន​ប្រគំ​តន្ត្រី​ជប់លៀង​ច្រៀង​រាំ​នៅ​ខាង​ក្នុង​រោងចក្រ។

កម្មការិនី​រោងចក្រ​ម្នាក់​ដែល​មិន​ទាន់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ កញ្ញា ស្រីណែត ថា​មុន​ឲ្យ​ឈប់​សម្រាក រោងចក្រ​ដែល​នាង​ធ្វើ​ការ​បាន​ជប់លៀង​ឲ្យ​កម្មករ។ នាង​ថា​ឆ្នាំ​នេះ ថៅកែ​រោងចក្រ​នាង​មិន​ត្រឹម​តែ​ជប់លៀង​ឲ្យ​ទេ ថែម​ទាំង​បាន​បើក​ប្រាក់​ខែ​សម្រាប់​ខែ​មេសា ឲ្យ​មុន ហើយ​ឲ្យ​ខ្ចី​លុយ​បន្ថែម​សម្រាប់​ចូល​ឆ្នាំ​ទៀត៖ «អ្នក​ទើប​ចូល ៥០ (ដុល្លារ) អ្នក​ចូល​ដូច​ថា​គេ​ចូល​យូរ​ចឹង​បាន ១០០ (ដុល្លារ) ប្រាក់​ខែ​បើក​ហើយ បើក​ហើយ​ឲ្យ​ខ្ចី​ពី​លើ​ទៀត​ចា៎ បាន​ច្រើន»

បន្ទាប់​ពី​កម្មករ​រោងចក្រ​ទៅ​លេង​ស្រុក​កំណើត​អស់ អាជីវករ​លក់​បន្លែ​ត្រី​សាច់​នៅ​មុខ​រោងចក្រ នឹង​បិទ​តូប​ដើម្បី​ឈប់​សម្រាក​ដែរ។

អ្នក​លក់​បន្លែ​ម្នាក់​នៅ​មុខ​រោងចក្រ​ម្ដុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ឈ្មោះ ពៅ ថា​ប៉ុន្មាន​ថ្ងៃ​នេះ​លោក​លក់​មិន​ដាច់​ដូច​សព​ដង​ទេ។ លោក​ថា កម្មករ​កម្មការិនី​បាន​ចាកចេញ​ពី​ភ្នំពេញ​តាំង​តែ​ពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍ ហើយ​ការ​លក់​បន្លែ​របស់​លោក​ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ៖ «ពីរ​ថ្ងៃ​មុន​ដាច់​គ្រាន់​បើ ដល់​ពេល​ថ្ងៃ​ហ្នឹង គេ​ទៅ​អស់​ហើយ មួយៗ​ហេ»

នៅ​តាម​មុខ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ ច្រើន​តែ​មាន​អាជីវករ​លក់​ដូរ​របស់​របរ​កំប៉ិកកំប៉ុក។ កម្មករ​ដែល​ចេញ​ពី​ធ្វើ​ការ ពួក​គេ​ចូល​ចិត្ត​ទិញ​ម្ហូប ត្រី​សាច់​ទៅ​ចម្អិន​នៅ​បន្ទប់​ជួល​ក្បែរៗ​នោះ។

អ្នក​លក់​មាន់​ទា​នៅ​មុខ​រោងចក្រ លោក ឌី ណា ថា​លោក​នឹង​បិទ​តូប​លក់​មាន់​នៅ​ថ្ងៃ​ទី​១៣ មេសា ព្រោះ​កម្មករ​ទៅ​ផ្ទះ​អស់​ហើយ ដូច្នេះ​គ្មាន​អ្នក​ទិញ​ទេ។ លោក​មិន​បារម្ភ​ពី​មាន់​ទា​ដែល​លក់​សល់​ទេ ព្រោះ​អាច​យក​ទៅ​ធ្វើ​ម្ហូប​សែន​បុណ្យ​ចូល​ឆ្នាំ​បាន៖ «បើ​ម្សិលមិញ​លក់​ដាច់ មនុស្ស​ច្រើន ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​ក៏​លក់​ដាច់​ដែរ គេ​យក​ដូច​ថា​ទិញ​ទៅ​ជប់លៀង​អ៊ីចឹង​អ្ហា ប៉ុន្តែ​ថ្ងៃ​នេះ​គឺ​ស្ងាត់»

បើ​ទោះ​ជា​នៅ​តាម​មុខ​រោងចក្រ​មាន​ភាព​ស្ងប់ស្ងាត់ នៅ​ចំណត​ឡាន​ឈ្នួល ឬ​នៅ​តាម​ផ្លូវ​ជាតិ​ចេញ​ពី​រាជធានី​ភ្នំពេញ បែរ​ជា​អ៊ូអរ។

អ្នក​រត់​ម៉ូតូ​ឌុប​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ម្នាក់​ឈ្មោះ ចាន់ ថា​លោក​ចាប់​ផ្ដើម​រត់​ម៉ូតូ​ឌុប​ដាច់​ខ្លាំង ចាប់​តាំង​ពី​កម្មករ​បើក​លុយ​ហើយ។ លោក​ឌុប​កម្មករ​ទៅ​ដាក់​តាម​ចំណត​ឡាន​ឈ្នួល៖ «ម៉ូតូ​ឌុប​រក​បាន​ច្រើន​ដែរ​បង ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ បើក​លុយ​ហើយ គេ​អ្នក​ខ្លះ​ទៅ​គេ​ទៅ​ដល់​ត្រឹម​បេនឡាន»

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូន​ដំណឹង​ឲ្យ​កម្មករ​និយោជិត​ទាំងអស់​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ​ចំនួន ៤​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤ ១៥ ១៦ និង​ថ្ងៃ​ទី​១៧។

ទាក់ទង​នឹង​ការ​ឈប់​សម្រាក​ថ្ងៃ​ចូល​ឆ្នាំ​នេះ ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា លោក អាត់ ធន់ មើល​ឃើញ​ល្អ​ជាង​ឆ្នាំ​មុន។ ប៉ុន្តែ​លោក​ថា កម្មករ​ភាគច្រើន​ចង់​ប្រើប្រាស់​ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ១៨​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ឈប់​បន្ត​ជាមួយ​ថ្ងៃ​ចូល​ឆ្នាំ។ លោក អាត់ ធន់ ចង់​ឲ្យ​កម្មករ​ឈប់​បន្ថែម​ពី​លើ​ថ្ងៃ​ចូល​ឆ្នាំ ដោយ​ប្រើ​ច្បាប់​ប្រចាំ​ឆ្នាំ​យ៉ាង​ហោច​ណាស់ ១​សប្ដាហ៍​បន្ថែម​ទៀត ដើម្បី​អាច​លំហែ​កាយ​គ្រប់គ្រាន់។ តែ​លោក​ថា និយោជក​មិន​ព្រម​ឲ្យ​កម្មករ​ឈប់​បន្ត​ថែម​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ទេ៖ «មាន​ពេល​លំហែ​កាយ​ឈប់​បាន​យូរ គាត់​ថែ​សុខភាព​គាត់ ហី​គាត់​វា​មិន​ស្ត្រែស មិន​ធុញ​ថប់ ឈប់​ទៅ​គាត់​ដើរ​លេង​គាត់​អី ផុត​ពី​ហ្នឹង​គាត់​ចូល​ធ្វើ​ការ​វិញ ហី​ដល់​ពេល​ចឹង ខ្ញុំ​គិត​ថា​ផលិតភាព​ដែល​តាម​ពិសោធន៍​ហ្នឹង គឺ​ថា​ផលិតភាព​ហ្នឹង​មាន​ការ​កើន​ឡើង​ទៀត ហី​គាត់​មាន​ការ​លើក​ទឹក​ចិត្ត​ទៀត»

ទាំង​កម្មករ និង​សហជីព អះអាង​ថា មិន​ទាន់​ដឹង​ថា​រោងចក្រ​ណា​មិន​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នោះ​ទេ។ ក្នុង​ករណី​ចាំបាច់​ដែល​សហគ្រាស គ្រឹះស្ថាន មិន​អាច​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​បាន​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ​បាន ម្ចាស់ ឬ​នាយក​ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករ​និយោជិត​ឲ្យ​មាន​ការ​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​បែងចែក​ឲ្យ​មាន​ពេលវេលា និង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ឲ្យ​បាន​សមស្រប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles