ក្រុមអង្គការក្រៅរដ្ឋាភិបាល នៅតែសង្ស័យថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន ដែលវិនិយោគនៅចន្លោះស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ អាចជាអ្នកបង្ហូរទឹកមានសារធាតុពុល បណ្ដាលឲ្យត្រីរាប់ម៉ឺនក្បាលនៅក្នុងអូរ និងដងស្ទឹងសែន ងាប់ជាបន្តបន្ទាប់។
ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះ ជំរុញឲ្យក្រសួង និងមន្ទីរបរិស្ថានខេត្តព្រះវិហារ ត្រូវតែយកទឹកស្ទឹងសែនទៅពិសោធឲ្យមានតម្លាភាពពិតប្រាកដ ជៀសវាងការលាក់បាំងលម្អៀងទៅរកក្រុមហ៊ុនចិន។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ បានចោទប្រកាន់ក្រុមហ៊ុនចិនខ្លះដែលកំពុងវិនិយោគដីសម្បទានសេដ្ឋកិច្ចនៅខេត្តនោះ ថាបានរំលោភច្បាប់ស្ដីពីការទទួលខុសត្រូវលើកិច្ចការពារបរិស្ថាន។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ គឺលោក ឡោ ចាន់។ លោកអះអាងនៅព្រឹកថ្ងៃពុធ ទី១២ ខែមេសា ថា លោកនៅតែផ្ដោតការសង្ស័យថា បញ្ហាត្រីរាប់ម៉ឺនក្បាលដែលងាប់នៅតាមដងស្ទឹងសែនក្នុងស្រុកត្បែងមានជ័យ និងស្រុកជ័យសែន គឺអាចបណ្ដាលមកពីក្រុមហ៊ុនចិន បង្ហូរកាកសំណល់ដែលមានជាតិពុល ក៏ប៉ុន្តែលោកនៅមិនទាន់ដឹងប្រភពច្បាស់ថាក្នុងចំណោមក្រុមហ៊ុនដែលទៅវិនិយោគដីសម្បទានសេដ្ឋកិច្ចទីនោះ ដូចជាក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) រួយ ហ្វេង (Rouy Feng) ក្រុមហ៊ុន ហេង ណុង (Heng Nung) និង ហេង យូ (Heng Yu) ជាដើមនោះ តើមួយណាដែលបញ្ចេញចោលកាកសំណល់ទេ?៖ «ខ្ញុំថាវាអាចជាកាកសំណល់ជាតិពុល ដែលបង្ហូរចេញពីក្រុមហ៊ុនហើយ បើមិនអ៊ីចឹង សួរថាជាតិពុលដែលប៉ះពាល់បរិស្ថានទាំងអស់ហ្នឹងចេញមកពីណា?»។
ការអះអាងរបស់មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បន្ទាប់ពីលោកបានវិលត្រឡប់ពីកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយដឹងថា រដ្ឋាភិបាលចិន មានការទទួលខុសត្រូវចំពោះបញ្ហាបរិស្ថានយ៉ាងខ្លាំងនៅក្នុងសង្គម។
លោក ឡោ ចាន់ ជំរុញឲ្យក្រសួង និងមន្ទីរបរិស្ថានខេត្តព្រះវិហារ ត្រូវពិនិត្យរកមូលហេតុដែលត្រីរាប់ម៉ឺនក្បាលងាប់នៅក្នុងស្ទឹងសែននោះឡើងវិញឲ្យបានច្បាស់លាស់។
ចាប់តាំងពីពាក់កណ្ដាលខែមីនា ត្រីរាប់ម៉ឺនក្បាលនៅតាមដងស្ទឹងសែន ក្នុងស្រុកត្បែងមានជ័យ និងស្រុកជ័យសែន បានងាប់ជាបន្តបន្ទាប់គ្នា ហើយកាលពីថ្ងៃទី២៧ ខែមីនា មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជូនអ្នកជំនាញទៅដួសទឹកស្ទឹងសែន ផ្ញើទៅក្រសួងបរិស្ថាន ឲ្យពិសោធរកមូលហេតុនៃត្រីងាប់នោះ។
ទោះជាយ៉ាងណា រហូតមកដល់ថ្ងៃទី១២ ខែមេសា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក អ៊ា សុខា នៅមិនទាន់បញ្ជាក់ពីលទ្ធផលនៃការពិសោធនោះយ៉ាងណានៅឡើយ ដោយលោកមានប្រសាសន៍ថាជាប់រវល់ប្រជុំជាមួយអភិបាលខេត្ត។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ អះអាងថា កាលពីថ្ងៃទី៧ ខែមេសា លោកបានចុះទៅពិនិត្យ ឃើញក្រុមហ៊ុនចិន ចាក់ដីធ្វើជាទំនប់ទឹកមួយនៅម្ដុំតំបន់អូរព្រាល ប៉ុន្តែទប់មិនជិតទេ គឺទឹកស្អុយនៅតែហូរចេញពីទំនប់នោះ ហើយអ្វីដែលចម្លែក គឺនៅចុងអូរព្រាលដែលទឹកហូរចូលស្ទឹងសែននោះ គឺមានកម្លាំងប៉ូលិសខ្លះនៃស្រុកជ័យសែន បានយាមមិនឲ្យប្រជាពលរដ្ឋចេញចូលទៅមើលទីកន្លែងនោះឡើយ៖ «មានសហគមន៍គាត់ប្រាប់ថាអាទំនប់ទឹកស្អុយនៅចុងអូរព្រាលហ្នឹង គឺវាពិតជាហូរចូលទៅស្ទឹងសែនមែនហ្នឹង»។
លោក ប៉ិក សោភ័ណ ជំរុញឲ្យក្រសួង និងមន្ទីរបរិស្ថាន ត្រូវធ្វើការពិសោធរកមូលហេតុនៃជាតិពុលដែលធ្វើឲ្យប៉ះពាល់ដល់សង្គម ព្រមទាំងបរិស្ថាននោះ ដោយតម្លាភាពច្បាស់លាស់ ជៀសវាងការលម្អៀងទៅលើក្រុមហ៊ុន ហើយទុកឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ៕