អតីតមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំរបស់បក្សប្រឆាំងចំនួន ១១៥រូបនៅខេត្តកំពង់ឆ្នាំង គ្រោងធ្វើសំណើមួយទៅក្រសួងមហាផ្ទៃ នៅចុងខែមេសា ដើម្បីបន្តនិរន្តរភាពក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្រសួងមហាផ្ទៃ បញ្ជាក់ថា សំណើនេះធ្វើឡើងដោយមិនសមហេតុផល និងផ្ទុយពីច្បាប់ ដែលក្រសួងនឹងមិនអាចពិចារណា ឬផ្ដល់សុពលភាពទៅតាមសំណើសុំនោះបានឡើយ។
អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ៧០ នៅទូទាំងខេត្តកំពង់ឆ្នាំង កូតាគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលច្របាច់បញ្ចូលជាគណបក្សសង្គ្រោះជាតិ នៅមិនទាន់អស់ចិត្តនឹងការបង្កកប្រាក់ខែ និងបញ្ឈប់តួនាទីរបស់ខ្លួនដោយអាជ្ញាធរថ្នាក់ក្រោមជាតិ តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។ ពួកគេថា ការបញ្ឈប់មុខតំណែងមុនអាណត្តិ បានប៉ះពាល់ការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ។
សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង លោក ដួង ចន្ដ្រា ថ្លែងនៅថ្ងៃទី១១ ខែមេសា ថា សំណើដែលនឹងដាក់ចូលក្រសួងមហាផ្ទៃ នៅចុងខែមេសា ខាងមុខនោះ គឺចង់ឲ្យក្រសួងរក្សាសុពលភាពនៃសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់រហូតដល់ចប់អាណត្តិទី៣ ដើម្បីជាប្រយោជន៍ដល់ការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋក្នុងឃុំ៖ «គ្រោងធ្វើលិខិតមួយទៅក្រសួងមហាផ្ទៃ ដើម្បីបញ្ជាក់ពីការងាររបស់គាត់ ដែលកំពុងអនុវត្ដសព្វថ្ងៃ ព្រោះបើកាលណាបើគាត់ដកខ្លួនចេញពីក្រុមប្រឹក្សាឃុំ-សង្កាត់តាមអ្វីដែលជាការណែនាំរបស់ក្រសួងមហាផ្ទៃ លេខ៣៧៣ នេះ ធ្វើឲ្យឃុំ-សង្កាត់ក្នុងរយៈពេលបីខែនេះ មិនអាចធ្វើអ្វីជូនប្រជាពលរដ្ឋបានទេ ព្រោះវាខ្វះកូរ៉ុមនៃឃុំ-សង្កាត់របស់គាត់»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថាក្រសួងនឹងមិនពិចារណាចំពោះសំណើខុសច្បាប់ឡើយ ដោយអះអាងថា ក្រុមប្រឹក្សាឃុំ-សង្កាត់បក្សប្រឆាំងអស់តួនាទីតាំងពីពេលដែល គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខភាពដែលខ្លួនបានទៅឈរឈ្មោះឲ្យគណបក្សថ្មី។ តែក្រសួងអាចពិចារណាសំណើរបស់សមាសភាពថ្មីដែលចង់ជំនួសតួនាទីទាំងនេះ ប្រសិនបើមាន៖ «បេក្ខភាពដែលនៅក្រោមបន្ទាប់គាត់ ឬលេខណាដែលមានលំដាប់លេខរៀងនេះ ត្រូវស្នើមកជំនួសគាត់ទៅ អាហ្នឹងបានវាត្រឹមត្រូវតាមផ្លូវច្បាប់។ គេមានចាត់តាំងលោកមេឃុំស្ដីទី ពេលដែលគាត់តែងតាំងជាមេឃុំថ្មីទៅ គេបន្តទៅទៀត និរន្តរភាពរបស់ការងារមិនបាត់បង់ទេ ហើយអស់លោកដែលបានបាត់បង់ហ្នឹង មិនមែនជាមនុស្សដែលអត់ពីគាត់ទៅ ឃុំមិនដំណើរការបានណា ចេះធ្វើដូចតែគ្នា មិនថាអត់ពីគាត់ទៅ ឃុំមិនដំណើរការ ឬប្រជាពលរដ្ឋអត់បាយហូបណា»។
ប្រាក់បៀវត្សរ៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់បក្សប្រឆាំង ដែលមានចន្លោះពី ៥០ម៉ឺនទៅ ៧៥ម៉ឺនរៀលក្នុងមួយខែ ត្រូវបង្កកតាំងពីខែមីនា ឆ្នាំ២០១៧។ ប៉ុន្តែលោក ខៀវ សុភ័គ បញ្ជាក់ថា មេឃុំ ឬក្រុមប្រឹក្សាដែលបានបំពេញការងារក្នុងខែមីនា បានប៉ុន្មានថ្ងៃ នឹងគិតប្រាក់ជូនទៅតាមចំនួនថ្ងៃ ចំណែកថវិកាសល់ប៉ុន្មាន ត្រូវកាត់ចូលរដ្ឋវិញ ព្រោះមន្ត្រីបក្សប្រឆាំងត្រូវអស់តួនាទីពេល គ.ជ.ប ប្រកាសទទួលស្គាល់បញ្ជីឈ្មោះថ្មីភ្លាម។
មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់របស់អង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងថា បើគិតពីច្បាប់ សំណើនេះមិនត្រឹមត្រូវឡើយ ព្រោះកាលណាខ្លួនទៅឈរឈ្មោះឲ្យគណបក្សថ្មី ត្រូវអស់តួនាទីហើយ។ ប៉ុន្តែលោកយល់ថា ក្រសួងមហាផ្ទៃ គួរពិចារណារក្សានិរន្តរភាពមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងមូលរហូតដល់ចប់អាណត្តិ ដើម្បីកុំឲ្យមានបញ្ហាដល់ការបម្រើសេវាសាធារណៈជូនពលរដ្ឋ៖ «ព្រោះឧបមាថា នៅក្នុងក្រុមប្រឹក្សាមានគ្នាប្រាំនាក់ បើសិនជាបីនាក់ ឬពីរនាក់បាត់ទៅហើយដែលមានតួនាទីផ្សេងៗ ចុះតើការងារហ្នឹងត្រូវផ្អាក ឬយ៉ាងម៉េច? នេះហើយដែលខ្ញុំចង់ជម្រាបថា ក្រសួងមហាផ្ទៃ គួរពិចារណាបន្តនិរន្តរភាពឲ្យគាត់វិញទៅ។ បើនិយាយភាសាសាមញ្ញថា យើងគួរយល់មុខគ្នាឲ្យធ្វើចប់កិច្ចការងារទៅ កុំឲ្យមានកាត់កណ្ដាលទីអ៊ីចឹងបាទ»។
អតីតមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំបក្សប្រឆាំង ត្រូវបានអាជ្ញាធរថ្នាក់ក្រោមជាតិចេញលិខិតបង្គាប់ផ្អាកការងារជាបន្តបន្ទាប់ ក្រោយ គ.ជ.ប ប្រកាសទទួលស្គាល់ឈ្មោះបេក្ខភាពថ្មីដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី១៧ ខែមីនា ប៉ុន្តែការងារនៅតាមសាលាឃុំទាំងអស់ នៅដំណើរការធម្មតា ដោយឃុំខ្លះដាក់ឲ្យមានមេឃុំស្ដីទី៕