Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ព្រៃ​សហគមន៍​ភ្នំ​ជាំ​ម្លូ​ខេត្ត​កំពត​រង​ការ​ទន្ទ្រាន​កាន់​តែ​ខ្លាំង​ក្រោយ​តុលាការ​មិន​ចាត់ការ​បណ្ដឹង

$
0
0

គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ ស្ថិត​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត សម្ដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​អនាគត​នៃ​សហគមន៍​ព្រៃ​ឈើ​មួយ​នេះ ក្រោយ​ពេល​បុគ្គល​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន បាន​ដាំ​ដំណាំ និង​ពង្រីក​ការ​រុក​រាន​ទន្ទ្រាន​ដី​បន្ថែម​ទៀត ដោយ​គ្មាន​ខ្លាច​រអែង។ ពួក​គាត់​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ​ព្រៃ​ឈើ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​នេះ​កុំ​ឲ្យ​រីក​រាលដាល​ត​ទៅ​មុខ​ទៀត។

ប្រធាន​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ លោក ម៉ម ផាត បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ថា ការ​ដាំ​ដុះ​ដំណាំ​លើ​ដី​ព្រៃ​ដែល​រង​ការ​ឈូស​ឆាយ និង​សកម្មភាព​ឈូស​រាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជា​បន្តបន្ទាប់​នេះ កម្រើក​ឡើង​កាន់​តែ​ខ្លាំង ក្រោយ​ពេល​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត សម្រេច​តម្កល់​បណ្ដឹង​របស់​គណៈកម្មការ​សហគមន៍​ទុក​ឥត​ចាត់ការ។

លោក​ព្រួយ​បារម្ភ​ថា ព្រៃ​សហគមន៍​នេះ​អាច​ប្រឈម​នឹង​ការ​បាត់បង់ បើ​សិន​ជា​មិន​មាន​ការ​ជួយ​អន្តរាគមន៍​ពី​មន្ត្រី​សមត្ថកិច្ច​ជំនាញ ព្រោះ​សព្វថ្ងៃ ខាង​គណៈកម្មការ​សហគមន៍​កំពុង​បាក់​ទឹក​ចិត្ត ដ្បិត​បំពេញ​ការងារ​នេះ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​កង្វះ​មធ្យោបាយ​គ្រប់​យ៉ាង​ដើម្បី​ការពារ​ព្រៃ​នេះ៖ «»

លោក ម៉ម ផាត បញ្ជាក់​ថា គណៈកម្មការ​សហគមន៍​បាន​រាយការណ៍​អំពី​បទល្មើស​នេះ​ជាច្រើន​លើក​ច្រើនសា​ទៅ​កាន់​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត ប៉ុន្តែ​មិន​ដែល​ឃើញ​អង្គភាព​ជំនាញ​នេះ​ចុះ​ទប់ស្កាត់ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជន​ល្មើស​នោះ​ឡើយ៖ «»

ទាក់ទង​រឿង​នេះ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពត លោក ជួន សារ៉ា មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ដោយ​លោក​បញ្ជាក់​ថា​កំពុង​ជាប់​ប្រជុំ។

សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខេត្ត​កំពត។ សហគមន៍​នេះ​មាន​ផ្ទៃដី ១.៦៦២​ហិកតារ ស្ថិត​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។ ធនធាន​របស់​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ រួម​មាន សត្វ​ព្រៃ និង​ព្រៃ​ធម្មជាតិ ដូចជា ព្រៃ​ឈើ និង​ព្រៃ​ឫស្សី ជាដើម។ សហគមន៍​ព្រៃ​ឈើ​មួយ​នេះ គឺ​ជា​ទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​រស់នៅ​ក្នុង​ភូមិ​ស្រកានាគ ភូមិ​ត្រពាំងរុន ភូមិ​ត្រពាំងក្តី និង​ភូមិ​ជ័យសេនា នៃ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។

គណៈកម្មការ​សហគមន៍​អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក ព្រៃ​សហគមន៍​នេះ​បាន​រង​ការ​កាប់​រុក​រាន​ទន្ទ្រាន​យក​ដី​ជា​បន្តបន្ទាប់ រហូត​ដល់​រាប់​រយ​ហិកតារ ហើយ​ក្រោយ​មក​នៅ​ដើម​ឆ្នាំ​២០១៦ គណៈកម្មការ​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុស​ច្បាប់​នេះ ក៏ប៉ុន្តែ​បណ្ដឹង​នេះ​ត្រូវ​បាន​តម្កល់​ទុក​ឥត​ចាត់ការ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ខៃ សម្ផស្ស នៅ​ដើម​ឆ្នាំ​២០១៧ នេះ។

ទោះ​ជា​បែប​នេះ​ក្តី គណៈកម្មការ​សហគមន៍​ដោយ​មាន​ការ​ចូលរួម និង​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​សម្រេច​ប្ដឹង​ឧទ្ធរណ៍​នឹង​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​នេះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ជា​ភាគី​ដើម​បណ្ដឹង​ម្នាក់​ដែរ​ជាមួយ​គណៈកម្មការ​សហគមន៍​នោះ ថ្លែង​ថា ព្រៃ​សហគមន៍​បាន​រង​ការ​កាប់​រាន​កាន់​តែ​ខ្លាំង ដោយ​កន្លែង​ខ្លះ​ដែល​ពី​មុន​មាន​សុទ្ធតែ​ព្រៃ ឥឡូវ​នេះ​ប្រែ​ជា​វាល​រហោស្ថាន និង​ខ្លះ​មាន​ដំណាំ​ដាំ​ដុះ​លើ​នោះ​ទៅ​វិញ។ លោក​ថា នេះ​ជា​ភាព​ឆកល្វែង​មួយ​របស់​សមត្ថកិច្ច​ជំនាញ ដែល​បណ្ដែត​បណ្តោយ​ឲ្យ​បទល្មើស​ឧក្រិដ្ឋ​នេះ​កើត​មាន​កាន់​តែ​ខ្លាំង៖ «»

លោក ប៉ែន ប៊ុណ្ណារ៍ អះអាង​ថា លោក​កំពុង​រៀបចំ​បណ្ដឹង​បរិហារ​ចំនួន​៤ ដាច់​ដោយឡែក​ពី​គ្នា ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងឡាយ​ណា​ដែល​បណ្ដែត​បណ្តោយ​ឲ្យ​បទល្មើស​ព្រៃ​ឈើ​នេះ​កើត​ឡើង ហើយ​ការ​ដាក់​បណ្ដឹង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ច្បាប់​ស្ដីពី​ព្រៃ​ឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ កំណត់​ថា ការ​គាស់ រុក​រាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្តិ​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១៥០​លាន​រៀល។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ណា​ដែល​មាន​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ឬ/និង ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ។ ហើយ​បើ​មន្ត្រី​ទាំងនោះ​សម​គំនិត​នឹង​អ្នក​ប្រព្រឹត្តិ​បទល្មើស ឬ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​បទល្មើស​នេះ ពួក​គេ​ក៏​ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្តិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles