ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សរសើរសៀវភៅអភិបាលកិច្ចរបស់មេដឹកនាំចិន គឺលោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ថាជាសៀវភៅល្អក្នុងការផ្តល់ចំណេះដឹងឲ្យកាន់តែស៊ីជម្រៅដល់កម្ពុជា។ ចំណែកអ្នកសិក្សាការអភិវឌ្ឍសង្គម ថាទោះចង់ ឬមិនចង់ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវសរសើរសៀវភៅរបស់ប្រមុខរដ្ឋាភិបាលចិន ព្រោះប្រទេសនេះជាម្ចាស់ជំនួយធំបំផុតរបស់កម្ពុជា។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយពេលជាង ៣០នាទី ដើម្បីផ្សព្វផ្សាយ និងសរសើរសៀវភៅអភិបាលកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង។ ប៉ុន្តែអ្នកសិក្សាការអភិវឌ្ឍសង្គម ថាការដែលកម្ពុជា រងឥទ្ធិពលពីចិន នឹងធ្វើឲ្យកម្ពុជា រងការកេងប្រវ័ញ្ច។
លោក ហ៊ុន សែន និយាយថា សៀវភៅរបស់ប្រធានាធិបតីចិន ជាសៀវភៅបង្ហាញពីលទ្ធផលការងារសំខាន់ៗរបស់លោក ស៊ី ជីនពីង ដែលមានគោលនយោបាយសង្គមនិយម ដែលសមស្របនឹងសង្គមរបស់ចិន។ លោក ហ៊ុន សែន ណែនាំឲ្យសាធារណជនយកសៀវភៅនេះទៅអាន ដើម្បីពង្រឹងអភិបាលកិច្ចល្អស្របតាមស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៖ «គោលគំនិតនៅក្នុងសៀវភៅនេះ ក៏បានផ្ដោតលើការពង្រីកនូវកិត្យានុភាពនៃវប្បធម៌ ៥.០០០ឆ្នាំរបស់ចិន ដោយជំរុញក្លាយជាគោលគ្រឹះក្នុងការផ្តល់សុភមង្គលប្រជាជនចិន»។
លោក ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាមានចំណងជើងថា “អភិបាលកិច្ចប្រទេសចិន” របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីព្រឹកថ្ងៃទី១១ ខែមេសា។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យដឹងដែរថា នេះជាលើកទីមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងផ្សព្វផ្សាយសៀវភៅមេដឹកនាំបរទេសជាភាសាខ្មែរដូចនេះ។ មន្ត្រីក្រោមឱវាទរបស់លោក ហ៊ុន សែន រូបនេះយល់ថា សៀវភៅនេះជាគំរូល្អនៃការគ្រប់គ្រងរដ្ឋដែលកម្ពុជា គួររៀនសូត្រតាមចិន បើទោះបីជាចិន មានរបបគ្រប់គ្រងផ្សេងពីកម្ពុជា ក្តី ប៉ុន្តែកម្ពុជា ច្បិចយកចំណុចខ្លះមកបំពេញបន្ថែមបាន៖ «ព្រោះកម្ពុជា មិនអាចយកតាមសហរដ្ឋអាមេរិក មិនអាចយកតាមបារាំង ព្រោះបារាំង ធ្លាប់ធ្វើចៅហ្វាយរបស់កម្ពុជា ហើយអាមេរិកក៏ធ្លាប់ចៅហ្វាយរបស់កម្ពុជា»។
ហ្វេសប៊ុក (facebook) របស់លោក ហ៊ុន សែន បង្ហាញថា សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន ៧៩អត្ថបទរបស់លោក ស៊ី ជីនពីង ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ដែលក្នុងនោះរួមមាន សុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម។ បច្ចុប្បន្ន សៀវភៅនេះបានបកប្រែជា ១៦ភាសា ហើយបានបោះពុម្ពផ្សាយជាង ៦លានក្បាល។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ទោះចង់ ឬមិនចង់ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវសរសើរចិន ដ្បិតកម្ពុជា ជាកូនបំណុលរបស់ចិន។ ជុំវិញទំនាក់ទំនងនេះដែរ លោក មាស នី ព្រួយបារម្ភថា អនាគតធនធានធម្មជាតិ ឬធនធានរ៉ែរបស់កម្ពុជា នឹងត្រូវវិនាសហិនហោចព្រោះឈ្មួញចិន៖ «សម្រាប់ខ្ញុំ ខ្ញុំមានការព្រួយបារម្ភចំពោះអនាគតក្នុងប្រទេសខ្មែរ ថាតើយើងនៅអាណានិគមចិន ទេ ហើយបើយើងនៅក្រោមអាណានិគមចិន យើងប្រហែលលំបាក»។
លោក ហ៊ុន សែន ឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៧ នេះ កម្ពុជា ជំពាក់លុយចិន ទាំងបំណុលមានការប្រាក់ និងគ្មានការប្រាក់ចំនួន ៤.២០០លានដុល្លារ ដែលលុយទាំងនោះត្រូវបានលោកអះអាងថាយកមកប្រើប្រាស់ក្នុងវិស័យសន្តិសុខសង្គម កសិកម្ម សុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ លោក ហ៊ុន សែន តែងអួតអាងថា លុយចិន ស្រួលខ្ចី និងការប្រាក់ទាប ប៉ុន្តែអ្នកសេដ្ឋកិច្ចថាកម្ចីរបស់ចិន មានការប្រាក់ខ្ពស់ បើធៀបទៅនឹងម្ចាស់ជំនួយផ្សេងៗទៀត៕