Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ជំនាញ​ផ្នែក​ឡ​បារម្ភ​អំពី​ការ​ប្រើប្រាស់​ឡ​ចំហាយ​មិន​ត្រឹមត្រូវ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ

$
0
0

អ្នក​ជំនាញ​បច្ចេកទេស​ផ្នែក​ឡ​ចំហាយ កំពុង​ព្រួយ​បារម្ភ​អំពី​ការ​ប្រើប្រាស់​ឡ​ចំហាយ​នៅ​តាម​រោងចក្រ​សហគ្រាស​នានា ក្រោយ​ពេល​មាន​ករណី​ផ្ទុះ​ពីរ​លើក​រួច​មក។ អ្នក​ជំនាញ​បង្ហាញ​ថា ការ​ប្រើប្រាស់​ឡ​ចំហាយ​ទឹក​មិន​បាន​ត្រឹមត្រូវ នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

អ្នក​ជំនាញ​បច្ចេកទេស​ផ្នែក​ឡ​ចំហាយ និង​ជា​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន (Japan Tech) គឺ​លោក មុំ វ៉ារិន ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​១១ មេសា ថា ការ​ប្រើប្រាស់​ឡ​ចំហាយ​ទឹក​គួរ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​មាន​ហានិភ័យ​ខ្លាំង​ជាង​ការ​ផ្ទុះ​ស៊ីទែន​ហ្គាស៍ ឬ​សាំង​ទៅ​ទៀត៖ «ជា​លក្ខណៈ​បច្ចេកទេស គឺ​ខ្ញុំ​យល់​ឃើញ​ថា​ឡ​ចំហាយ​ដែល​ហៅ​ថា ស្ទីម​បយលើរ (Steam Boiler) នេះ គឺ​វា​មាន​ហានិភ័យ​ធំ​ជាង​ស្ថានីយ​ហ្គាស៍ ពីព្រោះ​ស្ថានីយ​ហ្គាស៍ មែន​ទែន​ទៅ​មិន​ងាយ​ផ្ទុះ​ធុង​ទេ គឺ​ត្រឹម​តែ​ឆេះ​ហ្គាស៍​ទេ។ ប៉ុន្តែ​បើ​ឲ្យ​ផ្ទុះ​ធុង គឺ​អត់​ផ្ទុះ​ទេ។ អ៊ីចឹង​មនុស្ស​អាច​រត់​ទាន់។ ប៉ុន្តែ​បើ​ឡ​ចំហាយ បើ​ផ្ទុះ​ហើយ មនុស្ស​រត់​អត់​ទាន់​ទេ គឺ​មួយ​ប៉ប្រិច​ភ្នែក ដូច​គ្រាប់បែក​អ៊ីចឹង។ អ៊ីចឹង​បាន​ជា​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រោងចក្រ​សហគ្រាស​ទាំងអស់ សូម​មេត្តា​ពិនិត្យ​ជាមួយ​នឹង​អ្នក​បច្ចេកទេស​ឡើង​វិញ ថា​តើ​ប្រព័ន្ធ​ទឹក និង​ប្រព័ន្ធ​ភ្លើង គឺ​ភ្ជាប់​គ្នា​ដោយ​ស្វ័យ​ប្រវត្តិ ឬ​អត់? បើ​ភ្ជាប់​គ្នា​ដោយ​ស្វ័យ​ប្រវត្តិ ខ្ញុំ​គិត​ថា​ហានិភ័យ​អាច​កាត់​បន្ថយ​បាន​ស្ទើរ​តែ ១០០

លោក មុំ វ៉ារិន មាន​ប្រសាសន៍​ពន្យល់​ថា ឡ​ចំហាយ​មាន​ពីរ​ប្រភេទ គឺ​ឡ​ចំហាយ​ស្ងួត ដែល​គេ​ប្រើ​សម្រាប់​សម្ងួត​កសិផល ដូចជា​កៅស៊ូ និង​ដំឡូង ជាដើម។ ឡ​ប្រភេទ​នេះ មិន​សូវ​មាន​ហានិភ័យ​ទេ។ រីឯ​ឡ​ចំហាយ​មួយ​ទៀត គឺ​ឡ​ចំហាយ​ទឹក ដែល​គេ​ប្រើ​សម្រាប់​អ៊ុត​សម្លៀកបំពាក់​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ។ លោក​ថា ឡ​ប្រភេទ​នេះ​ហើយ​ដែល​មាន​ហានិភ័យ ឬ​គ្រោះថ្នាក់​ខ្ពស់ ជាពិសេស​វា​នឹង​ផ្ទុះ​ភ្លាម​នៅ​ពេល​វា​អស់​ទឹក។ ជាក់ស្ដែង គឺ​ឡ​ដែល​ផ្ទុះ​នៅ​រោងចក្រ សិន តៃ (Zhen Tai Garment) និង​រោងចក្រ​មិន​ទាន់​មាន​ឈ្មោះ​នៅ​សង្កាត់​ស្ទឹងមានជ័យ នា​ថ្មីៗ​នេះ៖ «តាម​ដែល​យើង​មើល គឺ​ពីរ​ឡ​ដែល​ផ្ទុះ​នេះ អត់​មាន​ទឹក​ទេ។ អ៊ីចឹង​បាន​ន័យ​ថា ជា​លក្ខណៈ​បច្ចេកទេស គឺ​អូតូ​ម៉ាទិច​ហើយ។ បាន​ន័យ​ថា វា​កើត​ឡើង​ដោយសារ​កម្ដៅ បាន​ន័យ​ថា​ទឹក​វា​អត់​បញ្ជូន​មក។ ទី​ពីរ​ខ្ញុំ​យល់​ឃើញ​ថា ឡ​ដែល​ផលិត​នេះ ខ្ញុំ​មិន​ដឹង​ថា​ផលិត​មក​ពី​ណា​ទេ។ ប៉ុន្តែ​បើ​សិន​ជា​ការ​ផលិត​ពី​ក្រុមហ៊ុន​ធំៗ គឺ​វា​មាន​ប៊្រែន (Brand) វា​មាន​សញ្ញា​របស់​វា។ ប៉ុន្តែ​ប្រភេទ​ឡ​ដែល​ខ្ញុំ​សង្កេត​មើល​ឃើញ​នេះ ដូច​ជា​ឡ​រៀប​ខ្លួន​ឯង ឬ​ឡ​ដែល​ជួល​អ្នក​ណា​ផ្សេង គ្រាន់​តែ​រៀប ឬ​យ៉ាង​ម៉េច ខ្ញុំ​មើល​ទៅ​វា​អត់​មាន Safety Valve (វ៉ាល់​សុវត្ថិភាព) អី​ទាំងអស់»

ការ​ពន្យល់​របស់​លោក មុំ វ៉ារិន អំពី​បញ្ហា​ផ្ទុះ​ឡ​ចំហាយ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​នេះ គឺ​នៅ​ពេល​ដែល​ការ​ផ្ទុះ​ចាប់​ផ្ដើម​កើត​មាន​បន្តបន្ទាប់​គ្នា​ពីរ​ករណី​ក្នុង​រយៈពេល ៣​សប្ដាហ៍​នេះ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មិន​បញ្ចេញ​របាយការណ៍​អំពី​មូលហេតុ​ផ្ទុះ​នៅ​ឡើយ​ទេ។

លោក​ថា បញ្ហា​ផ្ទុះ​នេះ គឺ​មក​ពី​ខ្វះ​បច្ចេកទេស​ត​ប្រព័ន្ធ​ទឹក និង​ភ្លើង​មិន​ស៊ី​សង្វាក់​គ្នា។ លោក​ផ្ដល់​យោបល់​ថា ដើម្បី​សុវត្ថិភាព គឺ​ត្រូវ​មាន​ប្រព័ន្ធ​ស៊ីរ៉ែន​ដាស់​តឿន​ពេល​ចំហាយ​កម្ដៅ​ឡើង​ខ្លាំង

ទាក់ទង​ការ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​សិក្ខាសាលា​អំពី​បច្ចេកទេស​សុវត្ថិភាព​ឡ​ចំហាយ​នេះ ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា គឺ​លោក ប៉ាវ ស៊ីណា ដែល​ធ្លាប់​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​គិតគូរ​ខ្ពស់​អំពី​បញ្ហា​ថ្មី​នេះ

ករណី​ផ្ទុះ​ឡ​ចំហាយ​លើក​ទី​មួយ បាន​កើត​ឡើង​នៅ​រោងចក្រ សិន តៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បណ្ដាល​ឲ្យ​កម្មការិនី​ម្នាក់​ស្លាប់​ភ្លាមៗ​ពេល​ដែល​ឡ​នោះ​ហោះ​ទៅ​សង្កត់ និង​កម្មការិនី ៧​នាក់​ផ្សេង​ទៀត​រង​របួស។ ករណី​ផ្ទុះ​លើក​ទី​២ នៅ​ថ្ងៃ​ទី​៨ មេសា នៅ​ឯ​សិប្បកម្ម​កែច្នៃ​សម្លៀកបំពាក់​មិន​មាន​ឈ្មោះ​មួយ​កន្លែង នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។ ការ​ផ្ទុះ​នេះ បាន​បណ្ដាល​ឲ្យ​កម្មករ ២​នាក់​ស្លាប់ និង ៤​នាក់​រង​របួស។ ក្រោយ​ការ​ផ្ទុះ​ឡ​ចំហាយ​បណ្ដាល​ឲ្យ​មាន​កម្មករ​ស្លាប់ និង​របួស​កើត​ឡើង សមត្ថកិច្ច​សម្រេច​បិទ​សិប្បកម្ម​នេះ​ជា​បណ្ដោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles