Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​រត់​ម៉ារ៉ាតុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី

$
0
0

អាជ្ញាធរ​ខេត្ត​រតនគិរី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​លើក​ដំបូង​នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស​មួយ​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​បង្ហាញ​ពី​សក្ដានុពល​អភិវឌ្ឍន៍​ក្នុង​ខេត្ត​ក្នុង​ឱកាស​បុណ្យ​ចូល​​ឆ្នាំ​នេះ។ មន្ត្រី​អាជ្ញាធរ​បាន​ជ្រើសរើស​កីឡាករ​ចូល​រួម​រត់​ប្រណាំង​ម៉ារ៉ាតុង​ក្នុង​ទិវា​សង្ក្រាន្ត​នៅ​ក្នុង​ខេត្ត​នេះ។

អាជ្ញាធរ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រញាប់​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​រួម​រត់​ប្រណាំង​ម៉ារ៉ាតុង​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​បានលុង។

ការ​ប្រកួត​កីឡា​ម៉ារ៉ាតុង​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ជា​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ។ អាជ្ញាធរ​គ្រោង​ជ្រើសរើស​អ្នក​ដាក់​ពាក្យ​ប្រមាណ ១០០​នាក់ ឲ្យ​ចូល​រួម​រត់​ជុំវិញ​មាត់​បឹង​កន្សែង​ចម្ងាយ ៥​គីឡូម៉ែត្រ​ក្នុង​សង្កាត់​បឹង​កន្សែង​ជា​តំបន់​រមណីយដ្ឋាន​កណ្ដាល​បេះដូង​ខេត្ត និង​ធ្វើ​ពិធី​ប្រគល់​រង្វាន់​នៅ​មន្ទីរ​វប្បធម៌​ខេត្ត។

អភិបាល​ក្រុង​បានលុង លោក ងិន ណែល បញ្ជាក់​ថា អាជ្ញាធរ​រៀបចំ​ការ​ប្រកួត​កីឡា​ម៉ារ៉ាតុង​នេះ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ចូល​ឆ្នាំ និង​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍ ខណៈ​ដែល​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល​បាន​ខិតខំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​សោភណភាព​ក្រុង​បាន​កាន់​តែ​ប្រសើរ។

លោក​បន្ត​ថា ក្រៅ​ពី​បើក​ការ​ប្រកួត​កីឡា​ម៉ារ៉ាតុង អាជ្ញាធរ​បាន​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​រៀបចំ​ព្រឹត្តិការណ៍​លេងល្បែង​ប្រជាប្រិយ​រួម​មាន ចោល​​ឈូង ទាញព្រ័ត្រ បោះ​អង្គញ់ ល្បែង​ជិះ​កង់​យឺត ការ​សម្ដែង​ក្បាច់​ដាវ ការ​ប្រគំ​តន្ត្រី និង​ដាក់​តាំង​ពិព័រណ៍​ម្ហួ​ប​អាហារ​ប្រជាពលរដ្ឋ​តំបន់​ឦសាន​​​ចាប់​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា រួម​ទាំង​រៀបចំ​កម្មវិធី​បាញ់​កាំជ្រួច​រយៈពេល​បី​ថ្ងៃ៖ «ឥឡូវ​មិន​ដឹង​ថា បាន​ប៉ុន្មាន ប៉ុន្តែ​យើង​គ្រោង​ជាង ១០០​នាក់ មិន​ដឹង​បាន ឬ​អត់​មក​ដល់​ថ្ងៃ​នេះ ដូចជា​ស្ងាត់​មិន​ទាន់​ឃើញ​មាន»

តួលេខ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃ​នៅ​រដូវ​ចូល​ឆ្នាំ​២០១៦ មាន​អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​រតនគិរី ជាង ៥​ម៉ឺន​នាក់។ មន្ត្រី​ទេសចរណ៍​រំពឹង​ថា ចំនួន​នេះ​នឹង​កើន​ឡើង​ប្រមាណ ៥​ភាគរយ​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​អបអរ​បុណ្យ​ចូល​ឆ្នាំ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត ពិទូ កត់សំគាល់​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​បណ្ដា​ឆ្នាំ​មុនៗ ដោយ​ក្រៅ​ពី​ការ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ អ្នកទេសចរ​អាច​ចូលរួម​ព្រឹត្តិការណ៍​សង្ក្រាន្ត​ជាមួយ​ប្រជាពលរដ្ឋ​តំបន់​ឦសាន។ លោក​បន្ត​ថា ភ្ញៀវទេសចរ​ជា​ក្រុម​បាន​មក​ដល់​ខេត្ត​រតនគិរី បណ្ដើរៗ​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ជា​របៀប​ដំណើរ​កម្សាន្ត​វិល​ជុំ​នៅ​តំបន់​ភាគ​ឦសាន រួច​បន្ត​ដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឯ​ក្រុង​សៀមរាប៖ «យប់​មិញ​យើង​ឃើញ​ភ្ញៀវទេសចរ​មក​បាន ៦ ទៅ ៧​ឡាន​ធំៗ ខ្លះ​គេ​អាច​មក​ដើរ​លេង​មុន ហើយ​ហួស​​ទៅ​លេង​សង្ក្រាន្ត​សៀមរាប។ យើង​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​កើន​ឆ្នាំ​នេះ​ដោយសារ​យើង​មាន​សង្ក្រាន្ត​មួយ​នៅ​រតនគិរី»

​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចេញ​លិខិត​ណែនាំ​មន្ត្រី​រាជការ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ ឲ្យ​រៀបចំ​ធ្វើ​អនាម័យ​តាម​ដង​ផ្លូវ រៀបចំ​សួន​ច្បារ តាំង​លម្អ​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​សាធារណៈ ដោត​ទង់​ជាតិ​នៅ​តាម​អគារ​រដ្ឋបាល​ជុំវិញ​ខេត្ត ​អគារ​ការិយាល័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តាម​លំនៅឋាន​ប្រជាពលរដ្ឋ។ ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ផ្នែក​ទេសចរណ៍​ក៏​បាន​ផ្សព្វផ្សាយ​ឲ្យ​អាជីវករ​អនុវត្ត​គោលការណ៍​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ដោយ​មិន​ដំឡើង​ថ្លៃ​ទំនិញ​ពង្រឹង​គុណភាព​អនាម័យ​ចំណី​អាហារ និង​សេវាកម្ម​ល្អ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles