Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តើ​ពលរដ្ឋ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ?

$
0
0

នៅ​អំឡុង​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ​ម្តងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ បុណ្យ​ភ្ជុំ​បិណ្ឌ និង​បុណ្យ​ផ្សេងៗ​ទៀត គេ​តែង​សង្កេត​ឃើញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា។ គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ច្រើន ហើយ​ខូចខាត​សម្ភារ ឬ​មធ្យោបាយ​ធ្វើ​ដំណើរ​កាន់​តែ​ច្រើន​ផង​ដែរ។

តើ​ពលរដ្ឋ​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​នឹង​ចូល​មក​ដល់?

មន្ត្រី​ជំនាញ​ផ្នែក​ចរាចរណ៍ មាន​ប្រសាសន៍​ថា គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ទ្វេ​ដង​នៅ​អំឡុង​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា គឺ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន។ កត្តា​ទាំងនោះ​ដូចជា ការ​ប្រើប្រាស់​ផ្លូវ​កើន​ឡើង ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការ​បើកបរ​មិន​គោរព​ច្បាប់ ជាដើម។

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹម​តែ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ជាតិ​ថែម​ទៀត​ផង។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ លោក រុន រ័ត្នវាសនា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ មេសា ថា មិន​ចំពោះ​តែ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ទេ ប៉ុន្តែ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ក្តី ឬ​បុណ្យ​ទាន​ផ្សេងៗ​ទៀត​ក្តី ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​កើន​ឡើង​ច្រើន​ជាង​ថ្ងៃ​ធម្មតា។ លោក​បន្ត​ថា មូលហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង គឺ​ភាគច្រើន​បណ្ដាល​មក​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង។

ជាមួយ​គ្នា​នេះ អគ្គស្នងការ​នគរបាល​ជាតិ តែងតែ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​យានយន្ត​ទាំងអស់​ឲ្យ​ប្រុង​ប្រយ័ត្ន និង​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។ អាជ្ញាធរ​ត្រៀម​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​ទាំង​មុន​ថ្ងៃ​ចូល​ឆ្នាំ និង​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ។ លោក​បន្ត​ថា ខាង​លោក​បាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​ស្នងការ​រាជធានី ខេត្ត ក្រុង​ទាំងអស់ បង្កើន​ការ​ត្រួត​ពិនិត្យ​ល្បឿន​តាម​ផ្លូវ​ជាតិ​ទាំងឡាយ​ចាប់​ពី​ថ្ងៃ​ទី​១២ ឬ​ថ្ងៃ​ទី​១៣ មេសា មុន​ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់៖ «មួយ​វិញ​ទៀត យើង​ធ្វើ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ទៅ​លើ​បេនឡាន​ដើម​ទី​ចុង​ទី​មួយ​ចំនួន ដែល​គាត់​ធ្វើ​ដំណើរ​ចេញ​ហ្នឹង មិន​ឲ្យ​គាត់​ដាក់​លើស​កំណត់ និង​ផ្ទុក​សំពេងសំពោង»

លោក រុន រ័ត្នវាសនា បញ្ជាក់​ថា នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទាំង​បី​ថ្ងៃ អាជ្ញាធរ​ត្រៀម​កង​កម្លាំង​ផ្នែក​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​ជិត ៥​ពាន់​នាក់ ដើម្បី​ត្រួត​ពិនិត្យ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ ព្រម​ទាំង​សម្រួល​នៅ​តាម​តំបន់​កម្សាន្ត​នានា ដូចជា​នៅ​តាម​រមណីយដ្ឋាន តាម​វត្ត​អារាម ឲ្យ​មាន​របៀប​រៀបរយ និង​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក។

ជាមួយ​គ្នា​នេះ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុង​ប្រយ័ត្ន និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ឡើយ ត្រូវ​ពាក់​ខ្សែ​ក្រវាត់​ចំពោះ​អ្នក​បើកបរ និង​ជិះ​ក្នុង​រថយន្ត​គ្រប់​ប្រភេទ ព្រម​ទាំង​ត្រូវ​ពាក់​មួក​ការពារ​សុវត្ថិភាព​ចំពោះ​អ្នក​បើកបរ និង​អ្នក​ជិះ​ម៉ូតូ​គ្រប់​ធុន ជាដើម៖ «ព្រោះ​ជា​ធម្មតា ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​យើង យើង​មិន​ចង់​ឲ្យ​មាន​គ្រោះថ្នាក់​ទេ។ ហើយ​បង​ប្អូន​ទាំងអស់​គាត់​ចង់​ទៅ​លេង​ជួប​ជុំ​មិត្តភ័ក្ដិ​ក្រុម​គ្រួសារ សប្បាយ​ទាំងអស់​គ្នា យើង​មិន​ចង់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប្រការ​ណា​មួយ​ទេ»

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​ឆ្នាំ​២០១៦ រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៣ មេសា ដល់​ថ្ងៃ​ទី​១៦ មេសា គឺ​មាន​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ជិត ១០០​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ៥០​នាក់ (៤៧​នាក់) និង​របួស​ជាង ២០០​នាក់។ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ពេល​នោះ គឺ​ថយ​ចុះ ២០​ភាគរយ បើ​ប្រៀបធៀប​ពេលវេលា​ដូច​គ្នា​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​នៅ​ឆ្នាំ​២០១៦ គឺ​ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០១៥ ចំនួន ៤​នាក់។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា មាន​ប្រសាសន៍​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ​កើត​ឡើង​ដោយសារ​លំហូរ​នៃ​ការ​ប្រើប្រាស់​ផ្លូវ​កាន់​តែ​ច្រើន។ ជាក់ស្តែង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ពលរដ្ឋ​ចាប់​ផ្តើម​សម្រុក​ចាកចេញ​ពី​ទីក្រុង ឬ​ទីប្រជុំជន​ទៅ​កាន់​ស្រុក​កំណើត និង​ត្រឡប់​ពី​ស្រុក​កំណើត​មក​កាន់​ទីក្រុង​កាន់​តែ​ច្រើន​ជាង​ពេល​មុន ការ​បើកបរ​លើស​ល្បឿន​កំណត់ និង​បើកបរ​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។ លោក​អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ខាតបង់​ពេលវេលា ថវិកា និង​ធនធាន​មនុស្ស ប្រសិន​ជន​រងគ្រោះ​ធ្លាក់​ខ្លួន​ពិការ ឬ​ស្លាប់។ មិន​តែ​ប៉ុណ្ណោះ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ធនធាន​មនុស្ស​របស់​ជាតិ​ទៀត​ផង។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​បើកបរ។ លោក​ថា ចំណែក​អាជ្ញាធរ​វិញ​ត្រូវ​ចូលរួម​អប់រំ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​លើ​បញ្ហា​ទាំងនេះ ពិសេស​បញ្ចៀស​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​បើកបរ​ជាដើម៖ «សម្រាប់​អាជ្ញាធរ​ត្រូវ​ចូលរួម​ដែរ ប៉ុន្តែ​ហាក់​មិន​សូវ​មាន​ដែរ មើល​ទៅ គឺ​ត្រូវ​រឹត​បន្តឹង​លើ​ការ​ផាក​ពិន័យ​ទៅ​លើ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង»

លោក​មើល​ឃើញ​ថា ការ​អប់រំ​ផ្សព្វផ្សាយ និង​ការ​ដាស់តឿន​ប្រជាពលរដ្ឋ​មាន​ច្រើន​តាម​រយៈ​សារព័ត៌មាន ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត ប៉ុន្តែ​ប្រសិន​បើ​ការ​ផាក​ពិន័យ​មិន​ត្រូវ​បាន​រឹត​បន្តឹង ឬ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ទេ អ្នក​ប្រើប្រាស់​ផ្លូវ នឹង​មិន​សូវ​គោរព​ច្បាប់​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក រុន រ័ត្នវាសនា បញ្ជាក់​ថា បច្ចុប្បន្ន​ចំនួន​មធ្យោបាយ​ធ្វើ​ដំណើរ និង​អ្នក​បើកបរ​ចេះ​តែ​កើន​ឡើង ចំណែក​ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ​វិញ​នៅ​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំងនោះ​ទេ។

ករណី​នេះ លោក​យល់​ថា​ប្រសិន​បើ​ប្រជាពលរដ្ឋ​អាច​ចូលរួម​ទាំងអស់​គ្នា ហើយ​ធ្វើ​ឲ្យ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​បាន​ច្រើន ឬ​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុនៗ គឺ​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់​តែ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles