ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ហើយនោះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ នៅមិនទាន់អាចបំភ្លឺពីដំណើរការបង្កើតទូរទស្សន៍ព្រះអាទិត្យ ដើម្បីឲ្យទាន់ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅដើមខែមិថុនា ឆ្នាំ២០១៧ បានទេ ដោយលោកថានៅមានបញ្ហាមួយចំនួនកំពុងដោះស្រាយ។
ការថ្លែងរបស់តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ធ្វើឡើងក្រោយពីតំណាងរាស្ត្រមួយក្រុម ចូលសួរសុខទុក្ខសកម្មជន និងមន្ត្រីបក្សប្រមាណ ១៦នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១១ មេសា។
ទាក់ទងរឿងចោរអ៊ីនធឺណិត (Internet) ឬ ហេកឃើ (Hackers) ចូលលុកលុយអ៊ីមែល (Email) និងបណ្ដាញសង្គមរបស់មន្ត្រីបក្សប្រឆាំងវិញ លោក ហូរ វ៉ាន់ ថាវាមិនមែនជារឿងចម្លែកនោះទេនៅពេលការបោះឆ្នោតខិតចូលមកដល់។ តំណាងរាស្ត្ររូបនេះរំពឹងថា លទ្ធផលបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ៖ «អាហ្នឹងជាធម្មតារបស់គូប្រកួត កាលណាមានអ្វីដែលខ្លាំង យើងថាហ្វេសប៊ុកវាខ្លាំងរាល់ថ្ងៃ។ ហ្វេសប៊ុកហ្នឹងតែងតែមានបញ្ហាហើយ ដែលថាយើងខ្លាំងនោះ។ ហើយដូច្នេះហើយក្នុងពេលប្រកួតនេះ យើងហាក់ដូចជាគ្មានអ្វីភ្ញាក់ផ្អើលទេ ថានឹងមានការហេក (Hack) អ៊ីចឹងហើយ ប៉ុន្តែយើងសុំតែម្យ៉ាងទេ ហេកអីហេកទៅ តែកុំហេកលទ្ធផលឆ្នោត ឬលទ្ធផលអីកុំឲ្យមានឲ្យសោះ។ តើលោករំពឹងថាឈ្នះបានប៉ុន្មានឃុំដែរ នៅឆ្នាំ២០១៧ នេះ? យើងអត់និយាយចំនួនបានទេ ប៉ុន្តែយើងនិយាយថា យើងមានប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ យ៉ាងច្រើនលើសលប់»។
ទាក់ទងវាសនារបស់មន្ត្រីបក្សប្រឆាំងដែលកំពុងនៅជាប់ឃុំវិញ មកដល់ពេលនេះ លោក ហូរ វ៉ាន់ ថានៅមិនទាន់មានភ្លើងខៀវណាមួយពីបក្សកាន់អំណាច ដើម្បីជួបចរចាគ្នាពីរឿងនេះនៅឡើយ។ លោកថា គណបក្សសង្គ្រោះជាតិ នៅតែទទូចស្នើឲ្យមានជំនួបចរចាគ្នា ដើម្បីដោះស្រាយបញ្ហានេះឲ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់ចូលមកដល់។
លោក ហូរ វ៉ាន់ ឲ្យដឹងពីជំហរអ្នកដែលកំពុងជាប់ឃុំថា ពួកគេនៅតែអាចស៊ូទ្រាំជាប់ក្នុងគុកបាន ប៉ុន្តែស្នើឲ្យថ្នាក់ដឹកនាំបក្ស និងមន្ត្រីទាំងអស់ចេះសាមគ្គីគ្នា កុំបែកបាក់គ្នា ដើម្បីឈានរកជោគជ័យមួយតាមរយៈការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨៕