Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សន្តិសុខ​ខណ្ឌ​ដូនពេញ​រង​ការ​ចោទ​ថា​ប៉ុនប៉ង​វាយ​សម្លាប់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់

$
0
0

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ចោទ​មេ​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​បក្សពួក ២​នាក់​ទៀត​ថា បាន​ប្រើ​ហិង្សា និង​មាន​ចេតនា​ចង់​វាយ​សម្លាប់​លោកស្រី។ លោកស្រី យេ សំអូន ដាក់​ការ​សង្ស័យ​ថា ការ​ប្រើ​ហិង្សា​នេះ ដោយសារ​លោកស្រី​តែងតែ​ចេញ​មុខ​គ្រប់​រឿង​ការពារ​ស្ត្រី​រក​ស៊ី​របរ​ផ្លូវ​ភេទ ហើយ​ចុង​ក្រោយ​នេះ គឺ​លោកស្រី​បាន​ចេញ​មុខ​ខ្លាំង​ក្នុង​ការ​ទាមទារ​យុត្តិធម៌​ករណី​ការ​ស្លាប់​របស់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ អ្នកស្រី ប៉ែន សុគន្ធា។

លោកស្រី យេ សំអូន អះអាង​ថា លោកស្រី​ចោទ​ប្រកាន់​បែប​នេះ ដោយសារ​តែ​រូប​លោកស្រី​ដែល​ជា​សមាជិក​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា​តែង​តែ​ជួយ​អន្តរាគមន៍​ដល់​ស្ត្រី​ដែល​រង​គ្រោះ​នៅ​ក្នុង​របរ​រក​ស៊ី​ផ្លូវ​ភេទ​ដែល​អាច​ធ្វើ​អោយ​ក្រុម​សន្តិសុខ​ថ្នាំងថ្នាក់​នឹង​រូប​លោកស្រី។

​បណ្ដាញ​ការពារ​ស្ត្រី​រួបរួម​គ្នា លោកស្រី យេ សំអូន ប្រាប់​អាស៊ីសេរី​ថា លោកស្រី​ត្រូវ​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ក្នុង​បំណង​សម្លាប់​លោកស្រី។

លោកស្រី យេ សំអូន អះអាង​ថា នៅ​ម៉ោង​ប្រមាណ ៨​យប់ ថ្ងៃ​ទី​៩ ខែ​មេសា ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ម្ដុំ​ទន្លេសាប​ជិត​វត្តភ្នំ។ លោកស្រី និង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ទៀត ត្រូវ​កង​សន្តិសុខ​ខណ្ឌ​ចាប់​ឡើង​ឡាន​សណ្ដាប់ធ្នាប់​ខណ្ឌ ហើយ​បាន​ដឹក​ទៅ​ដល់​ទី​ងងឹត ត្រង់​បន្ទប់​ទឹក​នៅ​ម្ដុំ​រូប​សំណាក​លោក​យាយ​ពេញ​នៅ​វត្តភ្នំ។ កន្លែង​នោះ​ហើយ​ដែល​លោកស្រី យេ សំអូន ប្រាប់​ថា ក្រុម​កង​សន្តិសុខ​ខណ្ឌ​មាន​គ្នា ៣​នាក់ បាន​ព្រួត​វាយ​លោកស្រី និង​ស្រែក​គំរាម​សម្លាប់​ដោយសារ​អន្តរាគមន៍​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ច្រើន​ពេក ជា​ពិសេស​ចុង​ក្រោយ​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​សព​លោកស្រី ប៉ែន សុគន្ធា ដែល​ស្លាប់​ដោយ​លង់​ទឹក​នៅ​ពេល​រត់​គេច​ពី​សន្តិសុខ​ខណ្ឌ​ដេញ​ចាប់ ហើយ​រអិល​ជើង​ធ្លាក់​ពី​ទូក​ទេសចរណ៍។

​លោកស្រី យេ សំអូន៖ «មាន​គេ​ឲ្យ​ការណ៍​មក គេ​ឲ្យ​ចុច​វ៉ៃ​ខ្ញុំ​តែម្ដង។ មាន​គេ​និយាយ​ប្រាប់​ខ្ញុំ ព្រោះ​គេ​គំ គេ​គំ​ពី​លើក​មុន​ដែល​អន្តរាគមន៍​ខ្មោច​ស្រី​ម៉ៅ ហ្នឹង ដោយសារ​ខ្ញុំ​កាន់​រឿង​ជួយ​ស្ត្រី រឿង​ផ្ទួនៗ​ពេក ជួយ​រឿង​មួយ​បាន​សម្រេច រឿង​ពីរ​បាន​សម្រេច បាន​សម្រេច ៧​រឿង»

​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រី​ម៉ៅ បាន​លង់​ទឹក​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មករា បន្ទាប់​ពី​នាង​បាន​រត់​គេច​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​ដេញ​ចាប់​ក្រុម​ស្រី​រក​ស៊ី​ផ្លូវ​ភេទ​ក្នុង​បំណង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ម្ដុំ​សួន​ច្បារ​ខាង​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ នៅ​ពេល​នោះ នាង ប៉ែន សុគន្ធា បាន​រត់​ទៅ​ដួល​បោក​នឹង​ទូក​ទេសចរណ៍ ហើយ​ធ្លាក់​ក្នុង​ទឹក​ទន្លេ​សាប។

ស្ត្រី​ដែល​ប្រកប​របរ​រក​ស៊ី​ផ្លូវ​ភេទ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា លោកស្រី យេ សំអូន បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​ខណ្ឌ​តាំង​ពី​នៅ​លើ​ឡាន​សណ្ដាប់ធ្នាប់​មក។ ក្រុម​សន្តិសុខ​ខណ្ឌ និង​លោកស្រី​បាន​ជេរ​គ្នា ហើយ​សន្តិសុខ​បាន​ទះ​មួយ​កំផ្លៀង និង​ទាត់ ២​ជើង។

​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ជា​រឿយៗ តែ​ទទួល​រង​ការ​ដេញ​ចាប់​ពី​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ។ ក្រៅ​ពី​នាង ប៉ែន សុគន្ធា ដែល​ធ្លាប់​រង​គ្រោះ​ដល់​ស្លាប់​ក្រោយ​ការ​ដេញ​ចាប់​របស់​សន្តិសុខ​ខណ្ឌ​ហើយ​នោះ ស្ត្រី​រក​ស៊ី​របរ​ផ្លូវ​ភេទ​ជា​ច្រើន​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​ព្រៃស្ពឺ នៅ​ជាយ​រាជធានី​ភ្នំពេញ។ ក្រុម​ស្ត្រី​ទាំង​នោះ គ្មាន​នរណា​ចង់​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​ព្រៃស្ពឺ​ទេ។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ និង​មេ​សន្តិសុខ​ខណ្ឌ​លោក គឹម វុត្ថា បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា។

បុគ្គលិក​ផ្នែក​ច្បាប់​របស់​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា អ្នកស្រី សេន ចន្ធូ ប្រាប់​អាស៊ីសេរី ថា បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា បាន​ត្រៀម​មេធាវី​រួច​រាល់​ហើយ ក្នុង​ករណី​លោកស្រី យេ សំអូន ត្រូវ​ការ​សេវា​ផ្នែក​ច្បាប់។ ករណី​ហិង្សា​លើ​ស្ត្រី​រក​ស៊ី​របរ​ផ្លូវ​ភេទ​នេះ អ្នកស្រី សេន ចន្ធូ ចាត់​ទុក​ជា​បទ​ព្រហ្មទណ្ឌ និង​រំលោភ​សិទ្ធិមនុស្ស ហើយ​ប្រសិនបើ​ករណី​នេះ​ពិត​មែន បណ្ដាញ​ការពារ​ស្ត្រី​រួបរួម​គ្នា​ដែល​ធ្វើ​ការងារ​ជួយ​ស្ត្រី​របរ​ផ្លូវ​ភេទ នឹង​ជួយ​ផ្ដល់​គ្រប់​មធ្យោបាយ​ផ្នែក​ច្បាប់​ទាំង​អស់។

អ្នកស្រី សេន ចន្ធូ៖ «គាត់​គ្រាន់​តែ​ជា​អ្នក​ប្រកប​របរ​ផ្លូវ​ភេទ ឬ​ក៏​គាត់​អង្គុយលេង​នៅ​លើ​សួន ម៉េច​ក៏​សុខៗ​មក​ចាប់​គាត់​ទៅ​ហើយ​ប្រើ​ហិង្សា​លើ​គាត់​រហូត​ដល់​គាត់​ជាំ​មុខ ជាំ​អី រហូត​ដល់​គាត់​គេង​មន្ទីរពេទ្យ ហើយ​មក​ឆ្លើយ​ថា វ៉ៃ​ច្រឡំ សុំទោស​សុំ​អី កុំ​ឲ្យ​មាន​ការ​ប្ដឹង​អី​ជាដើម។ យើង​ឃើញ​ថា វា​រំលោភ​សិទ្ធិ​ហើយ​មាន​ការ​រើសអើង​ទៅ​លើ​ស្ត្រី​ដែល​គាត់​ប្រកប​របរ​ផ្លូវ​ភេទ​ខ្លាំង​មែន​ទែន»

​ចំពោះ​លោកស្រី យេ សំអូន លោកស្រី​អះអាង​ថា  ដើម្បី​បាន​រួចខ្លួន​ពី​ការ​វាយ​ដំ លោកស្រី​បាន​ក្រាប​លូន និង​សំពះ​សន្ដិសុខ​ខណ្ឌ​ដូនពេញ។ ក្រោយ​អំពើ​ហិង្សា​នេះ លោកស្រី យេ សំអូន មាន​ការ​បារម្ភ​ពី​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles