គណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង នៅខេត្តកំពត អះអាងថា ពួកគាត់រងការគំរាមកំហែងពីឈ្មួញដី និងអាជ្ញាធរមួយចំនួន ក្រោយពេលចេញមុខប្តឹងផ្តល់ករណីកាប់រានទន្ទ្រានដីព្រៃសហគមន៍កាលពីពេលថ្មីៗនេះ។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកការគំរាមកំហែងនេះ ថាជាការបំបាក់ស្មារតីអ្នកការពារធនធានធម្មជាតិ ហើយជាទង្វើខុសច្បាប់។
តំណាងបណ្ដាញសហគមន៍ព្រៃឈើ និងជាបេឡាសហគមន៍ព្រៃឈើភ្នំទទឹង ស្រុកទឹកឈូ ខេត្តកំពត លោក អ៊ុំ វិចិត្រ អះអាងប្រាប់អាស៊ីសេរី នៅថ្ងៃទី១០ ខែមេសា ថា គណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹង បានរងការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោលពីឈ្មួញដីដែលនៅពីក្រោយការកាប់រានទន្ទ្រានដីព្រៃសហគមន៍។ ការគំរាមកំហែងនេះ បន្ទាប់ពីគណៈកម្មការសហគមន៍បានប្ដឹងករណីកាប់រានទន្ទ្រានដីព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តដោយបុគ្គលមានលុយ និងមានអំណាច ទៅកាន់តុលាការខេត្ត និងសាលាឧទ្ធរណ៍៖ «»។
សហគមន៍ព្រៃឈើភ្នំទទឹង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដោយមានការទទួលស្គាល់ពីអាជ្ញាធរខេត្តកំពត។ សហគមន៍នេះមានផ្ទៃដី ១១៥ហិកតារ ស្ថិតក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ធនធានរបស់សហគមន៍ព្រៃឈើនេះរួមមាន សត្វព្រៃ និងព្រៃធម្មជាតិ ដូចជាព្រៃឈើ និងព្រៃឫស្សី ជាដើម។ សហគមន៍ព្រៃឈើមួយនេះ ជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្នុងឃុំស្ទឹងកែវ និងតំបន់នៅជុំវិញនោះ។
លោក អ៊ុំ វិចិត្រ បញ្ជាក់ថា បទល្មើសកាប់រានទន្ទ្រានដីព្រៃសហគមន៍នេះ បានកើតឡើងកាលពីឆ្នាំ២០១៦ ដោយបុគ្គលមួយចំនួនបានចូលទៅរុករាន និងរំលោភយកដីព្រៃសហគមន៍អស់ជាង ១០ហិកតារ។ នៅខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មការសហគមន៍ដោយមានការជួយជ្រោមជ្រែងផ្នែកច្បាប់ពីសមាគមអាដហុក (ADHOC) ក៏បានដាក់ពាក្យប្ដឹងបុគ្គលឈ្មោះ ពេជ្រ គឿន និងបក្ខពួកមួយចំនួនទៀតទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើសហគមន៍ និងរំលោភយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក៏ប៉ុន្តែពាក្យបណ្ដឹងនេះត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត លោក ខៃ សម្ផស្ស សម្រេចតម្កល់រឿងទុកឥតចាត់ការ។
ទោះបីជាយ៉ាងណា កាលពីពាក់កណ្ដាលខែមីនា កន្លងទៅថ្មីៗនេះ គណៈកម្មការសហគមន៍ក៏បានសម្រេចប្ដឹងឧទ្ធរណ៍នឹងដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពត។
លោក អ៊ុំ វិចិត្រ បញ្ជាក់ថា គណៈកម្មការសហគមន៍មិនចុះញ៉មនឹងការគំរាមកំហែងណាមួយពីភាគីចុងចោទបាននោះទេ ព្រោះគណៈកម្មការសហគមន៍យល់ឃើញថា ប្រទេសមានច្បាប់ ដូច្នេះជនប្រព្រឹត្តិល្មើសត្រូវទទួលទោសតាមច្បាប់ ហើយកិច្ចការពារធនធានសហគមន៍ដើម្បីប្រយោជន៍សាធារណៈ គឺជារឿងត្រឹមត្រូវ៖ «»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងចុងចោទឈ្មោះ ពេជ្រ គឿន ដែលរងការចោទប្រកាន់ថា បានកាប់ទន្ទ្រានដីព្រៃសហគមន៍ និងគំរាមកំហែងគណៈកម្មការសហគមន៍បាននោះទេ។
ចំណែកឯអភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពត លោក ស៊ឹម វុទ្ធា បញ្ជាក់ថា អាជ្ញាធរខេត្តបានដឹងពីបញ្ហានេះហើយ ហើយលោកស្នើកុំឲ្យគណៈកម្មការសហគមន៍ព្រួយបារម្ភរឿងនេះ ព្រោះជនដែលប្រព្រឹត្តល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ «»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ប្រចាំខេត្តកំពត លោក ហេង ភារៈ ចាត់ទុកការគំរាមកំហែងថាជាការបំបាក់ស្មារតីអ្នកការពារធនធានធម្មជាតិ កុំឲ្យបន្តសកម្មភាពរបស់ខ្លួនតទៅទៀត។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ដោះស្រាយបញ្ហារបស់សហគមន៍ព្រៃឈើភ្នំទទឹង ទាំងការកាប់រានទន្ទ្រានដីព្រៃ និងទាំងការគំរាមកំហែងលើគណៈកម្មការសហគមន៍៖ «»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា ការគំរាមកំហែង គឺជាបទល្មើសឧក្រិដ្ឋមួយផ្សេងទៀតដែលគណៈកម្មការសហគមន៍អាចដាក់ពាក្យបណ្ដឹងទៅតុលាការ ហើយខាងសមាគមអាដហុក នឹងជួយជ្រោមជ្រែងផ្នែកច្បាប់ចំពោះករណីនេះ៕