គណបក្សកាន់អំណាចប្រកាសថា នឹងមិនលើកលែងទោសឲ្យស្ត្រីដែលយកទ្រនាប់ជើងគប់លើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបថតលោក ហ៊ុន សែន និងរូបលោក ហេង សំរិន នោះទេ។ រីឯអ្នកច្បាប់យល់ថា ទង្វើស្ត្រីនោះគួរធ្វើត្រឹមតែវិធានការអប់រំ ជាជាងឈានដល់ដំណាក់កាលចាត់ការតាមផ្លូវច្បាប់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា គ្មានទេការអប់រំណែនាំ គឺមានតែចាត់ការតាមច្បាប់ចំពោះស្ត្រីម្នាក់ដែលមានចេតនាប្រមាថថ្នាក់ដឹកនាំគណបក្សនេះ។
លោក សុខ ឥសាន បន្តថា ក្នុងឃ្លីបវីដេអូដែលមានរយៈពេល ១៣វិនាទី បង្ហាញថា ស្ត្រីម្នាក់នោះមានចេតនាគប់លើរូបលោក ហ៊ុន សែន និងលោក ហេង សំរិន តែម្តង មិនមែនជាការគប់លេងសើចគ្នាគាត់ ហើយប្លាតទៅត្រូវនោះទេ។ ដូច្នេះ មិនអាចត្រឹមហៅមកអប់រំណែនាំបានឡើយ៖ «»។
សកម្មភាពរបស់ស្ត្រីដែលគប់ទ្រនាប់ជើងនោះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា ចោទថាជាការប្រមាថ និងញុះញង់ឲ្យមានការរើសអើង ហើយលោកបានចេញដីកាកោះហៅកាលពីថ្ងៃទី៨ ខែមេសា ឲ្យស្ត្រីរូបនោះចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
ក្នុងដីកាកោះបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សំ សុខា អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោយចេញដីកាកោះនោះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន បានប្រាប់សារព័ត៌មានក្នុងស្រុកថា កម្លាំងនគរបាលកំពុងតាមចាប់ខ្លួនស្ត្រីម្នាក់នោះ ហើយអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយឃាត់ខ្លួន ឬរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗប្រសិនបើបានឃើញស្ត្រីម្នាក់នោះ ដើម្បីសមត្ថកិច្ចនាំខ្លួនស្ត្រីនោះមកចាត់ការតាមនីតិវិធី។
សំណុំរឿងដែលអាជ្ញាធរកំពុងចាត់ការយ៉ាងយកចិត្តទុកដាក់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា លោកនៅមិនទាន់ដឹងថា តើមានពាក្យបណ្ដឹងហើយឬនៅនោះទេ ប៉ុន្តែលោកគិតថាប្រហែលជាមានគណបក្សនៅខេត្តដាក់ពាក្យបណ្ដឹងហើយ ទើបព្រះរាជអាជ្ញាចេញដីកាកោះនោះ។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺបន្ថែមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា ជាច្រើនលើក ប៉ុន្តែលោកបដិសេធក្រោមហេតុផលថាជាប់រវល់។ រីឯទូរស័ព្ទរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន មិនអាចទំនាក់ទំនងបានទេនៅថ្ងៃទី១០ ខែមេសា។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន លើកឡើងថា ការចោទប្រកាន់ស្ត្រីម្នាក់នោះពីបទប្រមាថ និងញុះញង់ឲ្យមានការរើសអើងនេះ គឺមិនសមហេតុផល។ លោកពន្យល់ថា មាត្រា៥០២ ស្ដីពីការប្រមាថនោះ គឺសំដៅតែក្នុងពេលអ្នករាជការសាធារណៈកំពុងបំពេញមុខងារតែប៉ុណ្ណោះ មិនមែនសំដៅលើរូបថតទេ។ រីឯមាត្រា៤៩៦ ស្ដីពីការរើសអើងនោះ គឺសំដៅដល់ការរើសអើងពូជសាសន៍៖ «»។
ចំពោះករណីនេះ លោកមេធាវី សុក សំអឿន យល់ថា គឺជារឿងសីលធម៌ វាមិនមែនជាបទល្មើសធំដុំនោះទេ ដូច្នេះអាជ្ញាធរគួរតែហៅស្ត្រីម្នាក់នោះមកអប់រំណែនាំបានហើយ។
រីឯមន្ត្រីបក្សប្រឆាំងប្រចាំខេត្តកំពង់ស្ពឺ ថាស្ត្រីម្នាក់នោះមិនមែនជាសកម្មជន ឬជាសមាជិករបស់ខ្លួនឡើយ ហើយក៏មិនគាំទ្រទង្វើអសីលធម៌របស់ស្ត្រីម្នាក់នោះដែរ។
ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំងសង្កេតឃើញថា ការអនុវត្តរបស់អាជ្ញាធរលើករណីនេះ គឺមានស្តង់ដារពីរ ដោយសារករណីដែលប៉ះពាល់ដល់បក្សកាន់អំណាច គឺអាជ្ញាធរតែងចាត់ការដោយយកចិត្តទុកដាក់បំផុត។ ដោយឡែកករណីប្រមាថ និងឈានដល់គំរាមកំហែងសម្លាប់មេដឹកនាំបក្សប្រឆាំង និងអ្នកវិភាគជាដើមនោះ មិនត្រូវបានអាជ្ញាធរជួយស៊ើបអង្កេត និងចាត់ការតាមច្បាប់ឡើយ ក្រោមហេតុផលផ្សេងៗទៀត៕