Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​រាប់​ពាន់​នាក់​សម្រុក​មក​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី

$
0
0

ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ រាប់​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេសា នាំ​គ្នា​សម្រុក​ធ្វើ​ដំណើរ​មក​លេង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ខេត្ត​បន្ទាយមានជ័យ យ៉ាង​កកកុញ។ មន្ត្រី​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ អះអាង​ថា មូលហេតុ​ដែល​ពលករ​ចេញ​តាម​ច្រក​ប៉ោយប៉ែត ច្រើន ដោយសារ​ខាង​ភាគី​ថៃ បន្ធូរបន្ថយ​ការ​អនុវត្ត​ច្បាប់​ឲ្យ​ពួក​គេ​បាន​ទៅ​ជួបជុំ​បង​ប្អូន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។

មន្ត្រី​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ប៉ោយប៉ែត លើក​ឡើង​ថា ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​មួយ​នេះ មាន​ទាំង​អ្នក​មក​ត្រូវ​ច្បាប់ និង​ខុស​ច្បាប់។

មន្ត្រី​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក តុល សំរិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ មេសា ថា ពលករ​សម្រុក​មក​លេង​បុណ្យ​ចូល​ឆ្នាំ​ច្រើន​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត ចាប់​ពី​ថ្ងៃ​ទី​៧ មេសា មក។ លោក​អះអាង​ថា នៅ​ថ្ងៃ​ទី​១០ មេសា ពលករ​សម្រុក​មក​ច្រក​មួយ​នេះ​កាន់​តែ​ច្រើន​ឡើង គឺ​ពលករ​ដែល​មក​ស្រប​ច្បាប់​ប្រមាណ​ពី ១.៧០០​នាក់​ទៅ ១.៨០០​នាក់​ក្នុង​មួយ​ថ្ងៃ៖ «បាទ! មក​ណែន​ស្ទះ​ពេញ​តែ​ផ្លូវ ដោយសារ​ឡាន​ដឹក​ទំនិញ​របស់​ថៃ សម្រុក​ដឹក​ឆ្លង​កាត់​ព្រំដែន​មក​កម្ពុជា ជាច្រើន​គ្រឿង ធ្វើ​ឲ្យ​កកស្ទះ​ចាល់​ពលករ​ដែល​ចេញ​មក​ពី​ថៃ»

លោក តុល សំរិទ្ធ បន្ថែម​ថា ពលករ​សម្រុក​មក​ច្រើន​ដោយសារ​សមត្ថកិច្ច​ថៃ បន្ធូរបន្ថយ​ការ​អនុវត្ត​ច្បាប់ ដើម្បី​ឲ្យ​ពលករ​បាន​ធ្វើ​ដំណើរ​ងាយ​ស្រួល​ជាង​ឆ្នាំ​មុនៗ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត លោក សេង អឿន អះអាង​ថា សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​ខុស​ច្បាប់​តាម​ច្រក​ប៉ោយប៉ែត ច្រើន​ជាង​អ្នក​ចូល​ដោយ​ស្រប​ច្បាប់ គឺ​ប្រមាណ​ពី ២​ពាន់​នាក់​ទៅ ៣​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ៖ «ខ្ញុំ​សួរ​គាត់​ខ្លះៗ​ដែរ គាត់​ថា​ជិះ​រទេះ​ភ្លើង​មក ហើយ​សមត្ថកិច្ច​ថៃ ចាប់​ពួក​គាត់នៅ​លើរទេះ​ភ្លើង​យក​ប្រាក់​ម្នាក់ ៣០០​បាត ស្មើ​នឹង​ជាង ៣​ម៉ឺន ៥​ពាន់​រៀលមក​ដល់​ស្រុក​អារញ្ញ ទាហាន​ថៃ ចាប់​មួយ​សា​ទៀត​បង់​ប្រាក់​អស់​ម្នាក់ ៣០០​បាត​ដូច​គ្នា។ គាត់​ថា​ចេញ​ពី​ថៃ មក​ដល់​ដី​ខ្មែរ​អស់​លុយ​ពី ២​ពាន់​ទៅ ២.៥០០​បាត (ប្រមាណ ៣០​ម៉ឺន​រៀល) ក្នុង​ម្នាក់»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ពលករ​សម្រុក​មក​លេង​បុណ្យ​ចូល​ឆ្នាំ​តាម​ច្រក​ប៉ោយប៉ែត កកកុញ​យ៉ាង​នេះ​ក៏ដោយ ក៏ប៉ុន្តែ​លោក​អះអាង​ថា ឡាន​ឈ្នួល​បាន​ឡើង​ថ្លៃ​ខ្ពស់​ទ្វេ​ដង បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា៖ «ក្រៅ​ពី​នេះ​ថែម​ទាំង​មាន​ក្រុម​អ្នក​រត់​តាក់ស៊ី​បោកប្រាស់​ប្លន់​យក​លុយ​ពី​ពួក​គាត់​ទៀតអ៊ីចឹង​សុំ​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​មើល​ក្រុម​អ្នក​រត់​តាក់ស៊ី​ទាំងអស់​នោះ កុំ​ឲ្យ​ប៉ះពាល់​ការ​ធ្វើ​ដំណើរ​របស់​ពលករ​ខ្មែរ»

សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៨ មេសា ចំនួន​ជាង ១​ម៉ឺន​នាក់។ មន្ត្រី​ព្រំដែន​ប៉ាន់​ប្រមាណ​ថា ពលករ​បន្ត​សម្រុក​មក​កម្ពុជា តាម​ច្រក​មួយ​នេះ​ក្នុង​មួយ​ថ្ងៃ​រាប់​ពាន់​នាក់​រហូត​ដល់​ថ្ងៃ​ទី​១២ មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles