អាជ្ញាធរឡាវ បានសង់ប៉ុស្តិ៍ព្រំដែនថ្មីមួយទៀតឋិតនៅតំបន់ដែលពុំទាន់វាស់វែងកំណត់បង្គោលព្រំដែនជាផ្លូវការ នៃឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង។ នគរបាលព្រំដែនកម្ពុជា ចាត់ទុកការសង់ប៉ុស្តិ៍ព្រំដែនរបស់យោធាឡាវ បំពានស្មារតីកិច្ចប្រជុំរវាងយោធាប្រទេសទាំងពីរកាលពីពេលថ្មីៗនេះ ដែលបានឯកភាពគ្នាហាមមិនឲ្យបន្ថែមកងទ័ពតាមព្រំដែន និងហាមមិនឲ្យសាងសង់សំណង់នៅតំបន់នោះទេ ដោយរង់ចាំគណៈកម្មការព្រំដែនប្រទេសទាំងពីរឯកភាពគ្នាជាមុនសិន។
នគរបាលការពារព្រំដែន ថ្លែងនៅថ្ងៃទី១០ មេសា ថា ទាហានឡាវ បានកសាងប៉ុស្តិ៍ព្រំដែនប្រក់ស័ង្កសីទទឹង ៥ម៉ែត្រ បណ្តោយ ៦ម៉ែត្រ នៅចំណុចឆ្ងាយពីដើមល្វា ១០០ម៉ែត្រ នៃឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង កាលពីថ្ងៃទី៦ មេសា។ ក្រោយពីសាងសង់ប៉ុស្តិ៍រួច អាជ្ញាធរឡាវ បានបញ្ជូននគរបាលព្រំដែនឈរជើងនៅតំបន់នោះ។
នគរបាលការពារព្រំដែនថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី១០ មេសា ថា យោធាកម្ពុជា កាលពីពេលថ្មីៗនេះ បានស្នើឲ្យភាគីឡាវ ដកទ័ពចេញពីព្រំដែន ពោលគឺដកពីចំណុចដើមល្វា។ ចំណុចដើមល្វា គឺជាចំណុចដែលឡាវ ទាមទារបង្គោលព្រំដែនផ្អែកតាមផែនទីដែលឡាវ បានគូសជាឯកតោភាគី។ លោកថា កន្លងទៅ យោធាឡាវ បានសង់ប៉ុស្តិ៍នៅចំណុចដើមល្វា តែយោធាកម្ពុជា បានចុះហាមឃាត់ ដោយត្រូវរង់ចាំថ្នាក់លើដោះស្រាយជាមុនសិន ហើយភាគីឡាវ បានផ្អាកសាងសង់មួយរយៈពេល។ តែរហូតដល់ថ្ងៃទី៦ មេសា យោធាឡាវ បានសង់ប៉ុស្តិ៍ព្រំដែនថ្មីទៀតឆ្ងាយពីដើមល្វា ១០០ម៉ែត្រ ជាប់មាត់ទន្លេ។ នៅតំបន់នោះ គឺជាច្រកព្រំដែនទ្វេភាគី ដែលភាគីកម្ពុជា បានហាមមិនឲ្យប្រទេសទាំងពីរបញ្ជូនកម្លាំងទ័ពដាច់ខាត តែឡាវ បានសំណូមពរកម្ពុជា ថាចង់បញ្ជូនទាហានឈរជើងនៅតំបន់នោះ តែកម្ពុជា បដិសេធដោយរង់ចាំការសម្រេចពីថ្នាក់លើសិន៖ «អាឈើដែលថ្ងៃទី១០ ហ្នឹង នៅពេលម៉ោង ១០ គឺវាយកឈើមកកាប់សាងសង់តែខ្មែរឲ្យរុះរើ វារុះរើហើយ តែវារុះរើកន្លែងដើមល្វា តែវាធ្វើចម្ងាយពីដើមល្វាទៅ ១០០ម៉ែត្រ។ វាប្រក់ដំបូល តែមិនទាន់វ៉ៃជញ្ជាំង និងក្ដារ»។
បុរសដដែលបន្តថា នៅចំណុចដែលកំពុងប្រទាញប្រទង់គ្នានោះ គឺជាតំបន់ដែលពុំទាន់មានការវាស់វែងកំណត់បង្គោលព្រំដែនផ្លូវការនៅឡើយទេ ហើយឋិតក្នុងអ័ក្សព្រំដែនលេខ០៣១។
កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ យោធាប្រទេសទាំងពីរប្រជុំរួមមួយ និងបានឯកភាពគ្នាលើយន្តការមួយចំនួនរួមមាន ហាមមិនឲ្យបញ្ជូនកម្លាំងទ័ពតាមព្រំដែន និងហាមមិនឲ្យសង់ប៉ុស្តិ៍នៅតំបន់នោះ។ យោធាកម្ពុជា ដឹកនាំដោយមេបញ្ជាការប្រតិបត្តិការសឹករង លោក ស្វាយ ញ៉ន បានសំណូមពរឲ្យឡាវ ដកទ័ពពីព្រំដែន និងហាមមិនឲ្យសង់ប៉ុស្តិ៍នៅតំបន់នោះ ដរាបណាគណៈកម្មការចម្រុះប្រទេសទាំងពីរមិនទាន់ព្រមព្រៀងគ្នាបោះបង្គោលព្រំដែនជាផ្លូវការ។ ចំណែកភាគីឡាវ បានទទួលយកសំណូមពររបស់កម្ពុជា។
មេបញ្ជាការប្រតិបត្តិការសឹករងខែត្រស្ទឹងត្រែង លោក ស្វាយ ញ៉ន បដិសេធអធិប្បាយករណីនេះនៅថ្ងៃទី១០ មេសា ដោយបញ្ជាក់ថា កំពុងជាប់ប្រជុំ។ ក៏ប៉ុន្តែលោកធ្លាប់មានប្រសាសន៍ថា ឡាវ បញ្ជូនកម្លាំងតាមព្រំដែនឋិតនៅទឹកដីរបស់ឡាវ ជាសិទ្ធិរបស់ឡាវ ក៏ប៉ុន្តែបើដាក់ទ័ពឈរជើងលើដីខ្មែរជារឿងមួយផ្សេងទៀត។ លោកបញ្ជាក់ថា កន្លងទៅ រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នាហាមមិនឲ្យមានការកសាងសំណង់រឹងនៅតំបន់ពុំទាន់បោះបង្គោល គឺឋិតនៅចន្លោះបង្គោលព្រំដែនលេខ០៣១ រណប០៣៣៖ «ឥឡូវគាត់ចង់ដឹកខ្សាច់មកធ្វើឡើងវិញ ដោយដឹកខ្សាច់ចង់ប៉ុស្តិ៍ឡើងវិញ»។
កាលពីដើមឆ្នាំ២០១៦ ទាហាន និងនគរបាលការពារព្រំដែនរបស់កម្ពុជា បានហាមមិនឲ្យឡាវ សាងសង់ប៉ុស្តិ៍ព្រំដែនមិនទាន់មានការឯកភាពគ្នាបោះបង្គោលព្រំដែនជាផ្លូវការ ឋិតនៅចន្លោះបង្គោលព្រំដែនលេខ០៣៣ ដល់លេខ០៣៤ ឬជាប់ផ្លូវជាតិលេខ៧ នៅភូមិដុងក្រឡ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ចំណែកឡាវ បានផ្អាកការសាងសង់មួយរយៈពេល ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ ឡាវ បានស្ថាបនាផ្លូវចូលតំបន់នោះ ពោលគឺផ្លូវឆ្ពោះទៅកាន់ប៉ុស្តិ៍ដុងក្រឡចាស់ បំណងដឹកសម្ភារសាងសង់ប៉ុស្តិ៍ព្រំដែននៅតំបន់នោះជាថ្មីទៀត ហើយភាគីកម្ពុជា បានផ្តល់ដំណឹងទៅថ្នាក់ជាតិរួចហើយ ដើម្បីរកមធ្យោបាយដោះស្រាយ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ធ្លាប់លើកឡើងថា ភាគីទាំងពីរនៅពុំទាន់ឯកភាពគ្នាបោះបង្គោលព្រំដែននៅតំបន់នោះនៅឡើយទេ។ លោកថា ការឯកភាពគ្នាបោះបង្គោលព្រំដែនជាផ្លូវការ ត្រូវអនុលោមតាមបទដ្ឋានច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផែនទី ព្រមទាំងមានការព្រមព្រៀងដោយភាគីសងខាងជាដើម។
លើសពីនេះ ការបោះបង្គោលថ្មីនៅតំបន់នោះផ្អែកតាមផែនទីភូមិសាស្ត្រឥណ្ឌូចិន របស់បារាំង ហើយបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា បោះបង្គោលសម្រេចបាន ៨៤ភាគរយ ហើយនៅសល់ជាង ១០ភាគរយ កំពុងប្រទាញប្រទង់គ្នា និងរាំងស្ទះច្រើនឆ្នាំមកហើយ៖ «កន្លែងហ្នឹងនៅពុំទាន់ឯកភាពគ្នារឿងខ្សែព្រំដែន ដូច្នេះហើយបានជាមានបញ្ហា។ កុំគិតថារដ្ឋាភិបាលមិនចង់បោះ (បង្គោល) យើងចង់បោះណាស់ហើយ តែបោះវាមិនកើត យើងគ្មានយកកម្លាំងបោះជាមួយយើងទេ ទាល់តែគេឯកភាពគ្នា វាបញ្ហាត្រង់ហ្នឹង។ តែសុំឲ្យយល់ផង មិនមែនមិនចង់បោះទេ តែពុំទាន់ឯកភាពគ្នាក្នុងការកំណត់ខ្សែព្រំដែននៅតំបន់នោះ»។
កាលពីថ្ងៃទី២ រហូតដល់ថ្ងៃទី៣ មេសា អាជ្ញាធរខែត្រចម្ប៉ាសាក់ ប្រទេសឡាវ បានបិទច្រកនៅតំបន់នោះអស់រយៈពេល ២ថ្ងៃ ដើម្បីរារាំងពលរដ្ឋខ្មែរមិនឲ្យចេញចូលដីឡាវ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ប៉ុន្តែបញ្ហានេះត្រូវបានធូរស្រាលដោយសារមានការចរចារវាងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ។
កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ មេដឹកនាំកម្ពុជា-ឡាវ បានឯកភាពគ្នាពន្លឿនដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានឆាប់ និងដាក់ទិសដៅប្រែក្លាយតំបន់ព្រំដែននោះឲ្យក្លាយទៅជាតំបន់មិត្តភាព សន្តិភាព និងការអភិវឌ្ឍ។ ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានស្នើដល់ប្រទេសឡាវ សហការដោះស្រាយបញ្ហាជាមួយគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព គ្រប់កិច្ចការនានាឲ្យចប់សព្វគ្រប់។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថា កម្ពុជា មានចំណុចខ្វះខាតមួយចំនួនទាក់ទិនការគ្រប់គ្រងតាមព្រំដែន។ បញ្ហានេះ គឺជាមេរៀនមួយសម្រាប់កម្ពុជា ក្នុងការពិនិត្យមើលទៅលើបញ្ហាផ្នែកបច្ចេកទេស និងការចរចាគ្នាឲ្យដាច់ស្រេច ហើយអាចក្លាយជារបៀបវារៈនៃការចរចាកម្រិតនយោបាយ ធ្វើយ៉ាងណាដោះស្រាយផ្អែកលើបច្ចេកទេសឲ្យបានត្រឹមត្រូវ៖ «មេរៀនជាច្រើនទាំងអស់នេះ នឹងអាចបង្ហាញ និងអាចឲ្យកម្ពុជា មាននូវការបង្កើតយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការគ្រប់គ្រងតំបន់ស ជាពិសេសដើម្បីទប់ស្កាត់កុំឲ្យមានការរំលោភបំពាន។ ខ្ញុំនៅតែមានជំនឿក្នុងការគិតគូរឲ្យបានហ្មត់ចត់ពីភាគីកម្ពុជា»។
ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ជាមួយប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ ក្នុងនោះមានបង្គោលព្រំដែនដែលត្រូវបោះចំនួន ១៤៥បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាលប្រទេសទាំងពីរបោះបង្គោលរួចចំនួន ១២១បង្គោល ដែលស្មើប្រមាណ ៨៤ភាគរយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ចំណុចដែលសេសសល់មិនទាន់បោះរួច គឺឋិតក្នុងខែត្រព្រះវិហារ និងខែត្រស្ទឹងត្រែង៕