Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ត្រៀម​កម្លាំង​សន្តិសុខ​៦​ពាន់​នាក់​សម្រាប់​ការពារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

$
0
0

អាជ្ញាធរ​ខេត្ត​សៀមរាប និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កំពុង​មមាញឹក​ក្នុង​ការ​បោស​សម្អាត​ទីក្រុង តុបតែង​ភ្លើង​លំអ​នៅ​តាម​ដង​ផ្លូវ ព្រម​ទាំង​រៀបចំ​កន្លែង​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ទៀត​នៅ​តំបន់​អង្គរ ដើម្បី​ត្រៀម​ខ្លួន​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ចូល​មក​ដល់​ឆាប់ៗ។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​មាន​គម្រោង​នឹង​ប្រើ​កម្លាំង​សន្តិសុខ​ចំនួន ៦​ពាន់​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ព្រម​ទាំង​ការពារ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប។

អាជ្ញាធរ​ខេត្ត​សៀមរាប រំពឹង​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​នៅ​សល់​តែ ៤​ថ្ងៃ​ខាង​មុខ ដោយ​មាន​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផង​នោះ អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង ១​លាន​នាក់​ឲ្យ​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នេះ។

អភិបាល​រង​ខេត្ត​សៀមរាប គឺ​លោក លី សំរិទ្ធ។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មេសា ថា ជាច្រើន​ថ្ងៃ​មក​ហើយ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចាត់ចែង​អនុ​គណៈកម្មការ​ទៅ​តាម​ផ្នែក​ឲ្យ​ទទួល​រៀបចំ​សម្អាត​បរិស្ថាន​ទីក្រុង រៀបចំ​តែង​ភ្លើង​លំអ​នៅ​តាម​ដង​ផ្លូវ គណៈកម្មការ​ផ្គត់ផ្គង់​ទឹក​ភ្លើង ព្រម​ទាំង​សម្អាត​ផ្លូវ​ថ្នល់ និង​គណៈកម្មការ​សន្តិសុខ​ជាដើម ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ព្រម​ទាំង​ធ្វើ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។

លោក លី សំរិទ្ធ បញ្ជាក់​ថា បន្ថែម​លើ​ការ​រៀបចំ​លំអ​ទីក្រុង​ជាច្រើន​ផ្នែក​ដើម្បី​ត្រៀម​អបអរ​ឆ្នាំ​ថ្មី​នេះ ការ​គិតគូរ​អំពី​ចរាចរណ៍​លើ​ដង​ផ្លូវ និង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដែរ៖ «សំខាន់​រៀបចំ​សម្រួល​ចរាចរណ៍​ឲ្យ​បង​ប្អូន​មក​ទស្សនា​កម្សាន្ត​នៅ​ក្រុង​សៀមរាប ពេល​បុណ្យ​អង្គរ​សង្ក្រាន្ត​ហ្នឹង​ឲ្យ​បាន​ស្រួល ចំណែក​ឯ​ស្តង់​ពេទ្យ​សម្រាប់​ជួយ​សង្គ្រោះ​ក៏​មាន​រហូត​ដល់​ទៅ ៩​ក្រុម»

លោក លី សំរិទ្ធ ឲ្យ​ដឹង​ថា កាល​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ គឺ​មាន​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ១​លាន​នាក់ បាន​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប រយៈពេល ៣​ថ្ងៃ ហើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​នឹង​មក​ដល់​នេះ លោក​រំពឹង​ថា​នឹង​មាន​អ្នក​ទេសចរ​ច្រើន​ជាង ១​លាន​នាក់​ថែម​ទៀត។

ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក សត ណាឌី មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា គឺ​សមត្ថកិច្ច​នឹង​រាយ​បណ្ដាក់​កម្លាំង​សន្តិសុខ​ចំនួន ៦.០០០​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​សប្បាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី៖ «កម្លាំង​ការពារ​នៅ​តាម​គោលដៅ​សំខាន់ៗ គឺ​មាន​តែ​កម្លាំង​របស់​ខេត្ត​សៀមរាប រួម​នឹង​កម្លាំង​ដែល​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជូន​មក ចំណែក​កម្លាំង​ប៉ូលិស​នៅ​តាម​ស្រុក គឺ​ទុក​ការពារ​នៅ​មូលដ្ឋាន​របស់​គេ»

មន្ត្រី​គ្រប់គ្រង​សន្តិសុខ ឲ្យ​ដឹង​ថា កម្លាំង ៦.០០០​នាក់ សម្រាប់​ការពារ​សុវត្ថិភាព​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប នោះ គឺ​មាន​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ។ ក្រៅ​ពី​នោះ គេ​បាន​បន្ថែម​កម្លាំង​ប្រជា​ការពារ​ចំនួន ២០០​នាក់​ផ្សេង​ទៀត​សម្រាប់​ជួយ​សម្រួល​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles