វៀតណាម គឺជាដៃគូពាណិជ្ជកម្មបរទេសធំជាងគេលំដាប់ទី៣ នៅប្រទេសកម្ពុជា និងបន្តស្ថិតនៅក្នុងបញ្ជីវិនិយោគិនបរទេសកំពូលទាំង៥។ តួលេខដែលចេញផ្សាយលើសារព័ត៌មានវៀតណាម ញូវ (Vietnam News) បង្ហាញថា គិតត្រឹមចុងឆ្នាំ២០១៦ ប្រទេសវៀតណាម និងកម្ពុជា បានរកស៊ីជាមួយគ្នាគិតជាទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកក្នុងរយៈពេល ២ខែដើមឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីសម្រេចដល់ជាង ៦០០លាន (៦២១) ដុល្លារសហរដ្ឋអាមេរិក ដែលចំនួននេះកើនឡើងជាង ២១% (២១,២%) បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦។
ភាគីវៀតណាម ហៅទំនោរនេះថាជាសញ្ញាវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ វៀតណាម និងកម្ពុជា រំពឹងថាទំហំពាណិជ្ជកម្មទ្វេភាគី នឹងកើនដល់ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំខាងមុខៗទៀត៕