Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហជីព​នៅ​តែ​ចង់​ដឹង​ពី​មូលហេតុ​ផ្ទុះ​ឡ​ចំហាយ​ក្នុង​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់

$
0
0

បញ្ហា​ផ្ទុះ​ឡ​ចំហាយ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​កាត់​ដេរ​សម្លៀកបំពាក់ បាន​កើត​ឡើង​ជា​បន្តបន្ទាប់​គ្នា​ពីរ​ករណី ក្នុង​រយៈពេល ៣​សប្ដាហ៍​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ស៊ើប​អង្កេត​អំពី​មូលហេតុ​ផ្ទុះ​នៅ​មិន​ទាន់​មាន​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ។

ប្រធាន​សហជីព​ស្មារតី​កម្មករ ដែល​ជា​សហជីព​មូលដ្ឋាន​នៅ​រោងចក្រ សិន តៃ (Zhen Tai Garment) គឺ​លោក កឹម សុភេន មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​៩ មេសា ថា លោក​នៅ​តែ​ចង់​ដឹង​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ​ឡ​ចំហាយ​នៅ​ក្នុង​រោងចក្រ​របស់​លោក៖ «»

ករណី​ផ្ទុះ​ឡ​ចំហាយ​លើក​ទី​មួយ បាន​កើត​ឡើង​នៅ​រោងចក្រ សិន តៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បណ្ដាល​ឲ្យ​កម្មការិនី​ម្នាក់​ស្លាប់​ភ្លាមៗ ពេល​ដែល​ឡ​នោះ​ហោះ​ទៅ​សង្កត់ និង​កម្មការិនី ៧​នាក់​ផ្សេង​ទៀត​រង​របួស។

ករណី​ផ្ទុះ​ឡ​ចំហាយ​នេះ បាន​កើត​ឡើង​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​៨ មេសា នៅ​ឯ​សិប្បកម្ម​កែច្នៃ​សម្លៀកបំពាក់​មិន​មាន​ឈ្មោះ​មួយ​កន្លែង នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។ ការ​ផ្ទុះ​នេះ បាន​បណ្ដាល​ឲ្យ​កម្មករ ២​នាក់​ស្លាប់ និង ៤​នាក់​រង​របួស។ ក្រោយ​ការ​ផ្ទុះ​ឡ​ចំហាយ​បណ្ដាល​ឲ្យ​មាន​កម្មករ​ស្លាប់ និង​របួស​កើត​ឡើង សមត្ថកិច្ច​សម្រេច​បិទ​សិប្បកម្ម​នេះ​ជា​បណ្ដោះអាសន្ន។

ករណី​ទាំង​ពីរ​នេះ ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ ដូចជា​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចុះ​ស៊ើប​អង្កេត​ភ្លាមៗ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​របាយការណ៍​ស៊ើប​អង្កេត​ពន្យល់​ជា​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ អំពី​ករណី​ផ្ទុះ​ឡ​ចំហាយ​ទាំងនេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទទួល​បន្ទុក​បច្ចេកទេស​វិទ្យាសាស្ត្រ លោក ភោគ សុវណ្ណរិទ្ធិ បាន​ទេ​នៅ​ថ្ងៃ​ទី​៩ មេសា។ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ មីនា លោក​ថ្លែង​ថា លោក​នៅ​ក៏​មិន​ទាន់​មាន​របាយការណ៍​ដែរ៖ «ក្រសួង​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​មើល​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​របាយការណ៍​មក​វិញ។ ដល់​អ៊ីចឹង រង់ចាំ​ឲ្យ​បាន​របាយការណ៍​មក​វិញ​សិន បាន​អាច​សន្និដ្ឋាន​បាន​ថា វា​កើត​ឡើង​ដោយសារ​អី»

ទាក់ទង​នឹង​ករណី​ផ្ទុះ​ឡ​ចំហាយ​នេះ ខាង​សហជីព​យល់​ថា ជា​ករណី​ព្រួយ​បារម្ភ​ថ្មី​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់។

ឆ្លើយតប​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៣ មេសា បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ម្ចាស់​សហគ្រាស​កាត់​ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែក​ជើង​ទាំងអស់ ឲ្យ​អនុវត្ត​វិធានការ ៩​ចំណុច ដើម្បី​ប្រតិបត្តិការ​ឡ​ចំហាយ​ឲ្យ​មាន​សុវត្ថិភាព និង​បង្ការ​ហានិភ័យ​នៃ​ការ​ផ្ទុះ​ជា​យថាហេតុ។ វិធានការ​ទាំងនោះ​មាន​ជាអាទិ៍៖

  • ទី​មួយ គឺ​ត្រូវ​ប្រើប្រាស់​ឡ​ចំហាយ​ដែល​មាន​ប្រព័ន្ធ​សុវត្ថិភាព​ស្រប​តាម​បទបញ្ញត្តិ​ជា​ធរមាន

  • ទី​ពីរ រៀបចំ​ប្រព័ន្ធ​ដំឡើង​ឡ​ចំហាយ​តាម​លក្ខណៈ​បច្ចេកទេស​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ

  • ទី​បី ត្រូវ​រៀបចំ​ឲ្យ​មាន​បទបញ្ជា​ការងារ និង​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​ឡ​ចំហាយ

  • ទី​បួន ត្រូវ​មើល​ថែទាំ និង​ត្រួត​ពិនិត្យ​ឡ​ចំហាយ​ជា​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ ដោយ​អ្នក​ជំនាញ

  • ទី​ប្រាំ អ្នក​បញ្ជា​ឡ​ត្រូវ​មាន​វត្តមាន​ជា​ប្រចាំ ដើម្បី​តាម​ដាន​សម្ពាធ កម្រិត​ទឹក និង​កម្ដៅ​ឡ​ចំហាយ បង្ការ​កុំ​ឲ្យ​ផ្ទុះ​ឡើង

  • ទី​ប្រាំមួយ ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​អំពី​ការ​ប្រើប្រាស់​ឡ​ចំហាយ​ដោយ​អ្នក​ជំនាញ ដើម្បី​ការពារ​ផ្ទុះ និង​ផ្ដល់​វិធានការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព

  • ទី​ប្រាំពីរ ត្រូវ​ចាត់​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ អ្នក​បញ្ជា​ឡ​ចំហាយ ដែល​បាន​បណ្ដុះបណ្ដាល​ចំ​មុខ​ជំនាញ​ត្រឹមត្រូវ

  • ទី​ប្រាំបី ត្រូវ​មាន​អ្នក​ជំនាញ​ឯកទេស​ជួសជុល ឬ​ផ្លាស់ប្ដូរ​ផ្នែក​ណា​មួយ​ពេល​ដែល​ឡ​ចំហុយ​មិន​ដំណើរការ

  • ទី​ប្រាំបួន មិន​ត្រូវ​បិទ​ចរន្ត​អគ្គិសនី​ពេល​ឡ​ចំហាយ​កំពុង​ដំណើរការ ដើម្បី​តាមដាន​សញ្ញា​អាសន្ន​ដែល​កើត​ឡើង​ពី​កំណើន​សម្ពាធ​ក្នុង​ឡ​ចំហាយ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មីនា រហូត​មក​ដល់​ថ្ងៃ​ទី​៨ មេសា ការ​ផ្ទុះ​ឡ​ចំហាយ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ បាន​សម្លាប់​កម្មករ​អស់ ៣​នាក់ និង​រង​របួស ១១​នាក់​ហើយ​ក្នុង​ករណី​ផ្ទុះ​ពីរ​លើក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles