Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​ប្រកាស​តាម​ចាប់​លោក ឈាន ពិសិដ្ឋ ដែល​បាញ់​នគរបាល​នៅ​ប៉ោយប៉ែត

$
0
0

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សម្រេច​បញ្ចប់​តួនាទី និង​បណ្ដេញ​ចេញ​ពី​ការងារ​ហើយ​ចំពោះ​នគរបាល​ឈ្មោះ ឈាន ពិសិដ្ឋ ដែល​បាញ់​នគរបាល​ដូច​គ្នា​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៩ មេសា។ ពេល​នេះ អាជ្ញាធរ​ក៏​កំពុង​តាម​រក​ចាប់​ខ្លួន​នគរបាល​រូប​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា ថា ក្រសួង​មហាផ្ទៃ កំពុង​ស្នើសុំ​សហការ​ពី​ប្រទេស​ជា​មិត្ត ដើម្បី​តាម​ចាប់​ខ្លួន​លោក ឈាន ពិសិដ្ឋ យក​មក​ជំនុំ​ជម្រះ​ទោស៖ «ក្រោយ​ពី​កើត​ហេតុ​ហើយ សាមី​ខ្លួន​មាន​កាំភ្លើង​ក្នុង​ដៃ​បាន​រត់​គេច​ខ្លួន។ ឥឡូវ​យើង​ដឹង​ថា​គាត់​រត់​ផុត​ពី​ប្រទេស​យើង​ទៅ​ក្រៅ​ប្រទេស ហើយ​យើង​កំពុង​តែ​តាមដាន ដើម្បី​សហការ​ជាមួយ​សមត្ថកិច្ច​ជា​មិត្ត ដើម្បី​ចាប់​ខ្លួន​មនុស្ស​ហ្នឹង​យក​មក​វិញ»

របាយការណ៍​របស់​នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ប៉ោយប៉ែត បាន​សរសេរ​ថា លោក ឈាន ពិសិដ្ឋ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ បាន​បាញ់​លោក សេម មករា ជា​នគរបាល​នៅ​ប៉ុស្តិ៍​ជាមួយ​គ្នា​ឲ្យរបួស​ស្រាល​ត្រង់​ស្មា កាល​ពី​ថ្ងៃ​ទី​៩ មេសា ក្នុង​ទំនាស់​ជេរ​ប្រមាថ​មួយ។

ទន្ទឹម​គ្នា​នឹង​ការ​តាម​រក​ចាប់​ខ្លួន​លោក ឈាន ពិសិដ្ឋ នេះ ត្រូវ​បាន​លោក ខៀវ សុភ័គ ថ្លែង​ថា នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា ដដែល រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​បាន​សម្រេច​ដក​ហូត​តំណែង និង​បណ្ដេញ​នគរបាល​រូប​នេះ​ចេញ​ពី​ការងារ​ដែរ៖ «សាមី​ខ្លួន​រូប​ហ្នឹង​ត្រូវ​បាន​សម្ដេច​ក្រឡា​ហោម សម្រេច​ដក​ឋានន្តរស័ក្ដិ បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ និង​បញ្ជូន​ទៅ​តុលាការ​ធ្វើ​ការ​វិនិច្ឆ័យ​ទោស​ទៅ​តាម​ច្បាប់»

ក្នុង​សេចក្ដី​សម្រេច​របស់​លោក ស ខេង ចុះ​ថ្ងៃ​ទី​១០ មេសា ប្រការ​១ បញ្ជាក់​ថា ការ​ដាក់​វិន័យ​ដោយ​បណ្ដេញ​ពី​ក្របខ័ណ្ឌ​នគរបាល និង​បញ្ជូន​ទៅ​តុលាការ​នេះ គឺ​តាម​មូលហេតុ​ថា លោក ឈាន ពិសិដ្ឋ ជា​នគរបាល​ល្មើស​វិន័យ​ធ្ងន់ធ្ងរ និង​ប្រើប្រាស់​អាវុធ​បាញ់​បោះ​ខុស​ច្បាប់។

លោក ឈាន ពិសិដ្ឋ ដែល​ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប៉ោយប៉ែត មាន​ឈ្មោះ​លេចធ្លោ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ គឺ​ក្នុង​ពេល​ដែល​លោក​ចោទ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ថា​បាន​បើក​រថយន្ត​បុក​លោក

បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​នេះ លោក ឌិន ពុទ្ធី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ហើយ​ជាប់​ពន្ធនាគារ​មួយ​រយៈ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ឌិន ពុទ្ធី ថ្លែង​ថា លោក​មិន​បាន​បុក​លោក ឈាន ពិសិដ្ឋ ឡើយ ហើយ​ចោទ​លោក ឈាន ពិសិដ្ឋ វិញ​ថា​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​មុខ​ឡាន ក្នុង​ចេតនា​មួលបង្កាច់​ធ្វើ​បាប​លោក។ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះលែង​លោក ឌិន ពុទ្ធី ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles