Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​កោះ​ហៅ​ស្ត្រី​ម្នាក់​ដែល​យក​ទ្រនាប់​ជើង​គប់​រូប​លោក ហ៊ុន សែន លើ​ស្លាក​គណបក្ស

$
0
0

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ស្ពឺ អះអាង​ថា ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​កាន់​អំណាច​នោះ មិន​មែន​ជា​សកម្មជន​របស់​ខ្លួន​នោះ​ទេ។ ការ​អះអាង​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ចូល​បំភ្លឺ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា អំពី​ទង្វើ​របស់​ខ្លួន។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ថ្នាក់​ឃុំ-សង្កាត់​រហូត​ដល់​ថ្នាក់​ខេត្ត សុទ្ធតែ​បដិសេធ​ថា មិន​ដែល​ស្គាល់​ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រូប​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ព្រោះ​មិន​មែន​ជា​សកម្មជន ឬ​សមាជិក​គណបក្ស​របស់​ខ្លួន។

ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ស្ពឺ និង​ជា​ក្រុម​ប្រឹក្សា​ក្រុង​ច្បារមន អ្នកស្រី គុណ ម៉ាច មាន​ប្រសាសន៍​ថា សកម្មជន ឬ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​មូលដ្ឋាន​នោះ គឺ​អ្នកស្រី​ស្គាល់​ស្ទើរ​ទាំងអស់ ប៉ុន្តែ​មិន​ស្គាល់​ស្ត្រី​ម្នាក់​នោះ​ឡើយ ព្រោះ​មិន​មែន​ជា​សកម្មជន​របស់​បក្ស។ ទោះ​យ៉ាង​ណា អ្នកស្រី​ថា​មិន​គាំទ្រ​ចំពោះ​ទង្វើ​អសីលធម៌​របស់​ស្ត្រី​ម្នាក់​នោះ​ឡើយ៖ «»

នា​ពេល​ថ្មីៗ​នេះ​មាន​ខ្សែ​វីដេអូ​ឃ្លីប​រយៈពេល ១៣​វិនាទី ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដោយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​ទៅ​លើ​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា។ ស្ត្រី​ម្នាក់​នោះ​រង​ការ​ចោទ​ថា​ជា​សកម្មជន​បក្ស​ប្រឆាំង និង​មាន​ឈ្មោះ​ថា សំ សុខា អាយុ ៣៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ក្រោយ​ចេញ​វីដេអូ​នេះ​ភ្លាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា បាន​ចេញ​ដីកា​កោះ​ហៅ​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ ធា បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ដោយ​លោក​ថា​ជាប់​រវល់។

រីឯ​ចៅ​សង្កាត់​ស្វាយក្រវ៉ាន់ លោក ង៉ែត រ៉េន មាន​ប្រសាសន៍​ថា ស្ត្រី​ម្នាក់​នោះ​ពិត​ជា​ស្ថិត​ក្នុង​មូលដ្ឋាន​របស់​លោក​ពិត​មែន តែ​ឥឡូវ​នេះ​លោក​មិន​ដឹង​ថា​ស្ត្រី​នោះ​នៅ​ទីណា​ឡើយ ហើយ​លោក​ក៏​មិន​ដឹង​ថា ស្ត្រី​ម្នាក់​នោះ​ជា​សកម្មជន​របស់​គណបក្ស​ប្រឆាំង ឬ​ក៏​យ៉ាង​ណា​ដែរ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ នឹង​បន្ត​វិធានការ​តាម​រក និង​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នោះ​យ៉ាង​ណា​នោះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អាន ភិន ថ្លែង​ថា ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ​លើ​ស្ត្រី​នោះ ជា​ជាង​ឈាន​ដល់​ដំណាក់កាល​ផ្លូវ​ច្បាប់​តឹងរ៉ឹង​ចាប់​គាត់​ដាក់​ពន្ធនាគារ។ ទន្ទឹម​គ្នា​នេះ លោក​សង្កេត​ឃើញ​ថា ចំណាត់ការ​របស់​អាជ្ញាធរ​នេះ​ហាក់​បង្ហាញ​នូវ​ស្តង់ដារ​ពីរ ដោយសារ​កន្លង​មក ប្រសិន​បើ​មាន​ករណី​ប៉ះពាល់​ដល់​ជន​ទន់​ខ្សោយ គឺ​អាជ្ញាធរ​មាន​វិធានការ​យឺតយ៉ាវ តែ​ប្រសិន​បើ​ប៉ះពាល់​ដល់​មន្ត្រី​ធំៗ ឬ​អ្នក​មាន​អំណាច គឺ​ចំណាត់ការ​នោះ​លឿន និង​តឹងរ៉ឹង​ទៀត​ផង៖ «»

កន្លង​ទៅ នៅ​ពេល​នរណា​ម្នាក់​ហ៊ាន​រិះគន់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច ពួក​គេ​ភាគច្រើន​កម្រ​គេច​ខ្លួន​រួច​ពី​កណ្ដាប់​ដៃ​សមត្ថកិច្ច​ណាស់ ដោយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចាត់​វិធានការ​ជា​ទីបំផុត។ ដោយឡែក​ករណី​មាន​ការ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បក្ស​ប្រឆាំង ឬ​ប្រជាជន​ធម្មតា​វិញ គេ​មិន​សូវ​ឃើញ​អាជ្ញាធរ​ចេញ​វិធានការ​មាន​ប្រសិទ្ធភាព​ទេ។ ជាក់ស្តែង​ដូចជា​ករណី​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ករណី​គំរាម​បាញ់​សម្លាប់​លោក​បណ្ឌិត សុខ ទូច និង​មនុស្ស​ល្បីៗ​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​អាជ្ញាធរ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​តាម​ច្បាប់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles