សមត្ថកិច្ចសម្រេចបិទសិប្បកម្មកែច្នៃសម្លៀកបំពាក់មួយកន្លែងបណ្ដោះអាសន្នសិន បន្ទាប់ពីមានករណីផ្ទុះឡចំហាយបណ្ដាលកម្មករ ២នាក់ស្លាប់ និង ៤នាក់រងរបួស។ ករណីនេះកើតឡើងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា។
មិនទាន់មានការពន្យល់ផ្លូវការពីក្រុមសមត្ថកិច្ចជំនាញពីករណីផ្ទុះឡចំហាយនៅឡើយទេ។ ប៉ុន្តែសមត្ថកិច្ចថា ករណីនេះកើតឡើងព្រោះការធ្វេសប្រហែសរបស់ម្ចាស់សិប្បកម្ម។ កម្មករពីរនាក់ដែលរងគ្រោះម្នាក់ជាសន្តិសុខបានស្លាប់ភ្លាមៗនៅក្នុងកន្លែងកើតហេតុ រីឯកម្មករម្នាក់ទៀតជាស្ត្រីបម្រើការងារផ្នែកអនាម័យ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកអ្នករបួសកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
កម្មករធ្វើការនៅសិប្បកម្មនេះ គឺលោក ឡន យូ រៀបរាប់ថា ពេលផ្ទុះឡ បំណែកដែកខ្ទាតចេញក្រៅរបង នៅពេលនោះដែរ លោកឃើញសន្តិសុខដែលបាត់បង់ជីវិត ខ្ទាតចេញបុករបងមកក្រៅ។ លោកថា កាលពីបីថ្ងៃមុនកើតករណីនេះ ឡនេះបានផ្ដល់សញ្ញាចង់ផ្ទុះម្ដងហើយ ប៉ុន្តែត្រូវថៅកែហៅអ្នកជំនាញកែសម្រួលឡើងវិញ៖ «»។
ករណីផ្ទុះឡចំហាយ កាលពីរសៀលថ្ងៃទី៨ ខែមេសា ជាពេលដែលកម្មករធ្វើការនៅរោងសិប្បកម្មកែច្នៃសម្លៀកបំពាក់សម្រាកពិសាបាយ។ ឡដែលផ្ទុះនោះ គេប្រើប្រាស់កម្ដៅភ្លើងអុស ទឹក បូកផ្សំនឹងចរន្តអគ្គិសនីដើម្បីយកចំហាយក្ដៅនោះមកប្រើប្រាស់។
កម្មករឲ្យដឹងថា រោងសិប្បកម្មនេះ ត្រូវបានសមត្ថកិច្ចបិទមិនឲ្យដំណើរការម្តងរួចហើយ ប៉ុន្តែទើបដំណើរការឡើងវិញ កាលពីដើមខែមេសា។ កម្មករជំនាញមួយចំនួនដែលធ្វើការនៅសិប្បកម្មនេះឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រសិនបើអ្នកមើលថែដុតឡ ត្រូវជាមនុស្សជំនាញដឹងពេលត្រូវដុតអុស និងបញ្ចេញកម្ដៅជាដើម នោះមិនមានបញ្ហានេះកើតឡើងទេ។ ពួកគេឲ្យដឹងទៀតថា សន្តិសុខដែលបាត់បង់ជីវិតក្នុងពេលដុតអុសនោះ មិនមែនជាអ្នកជំនាញផ្នែកឡទេ។
នាយករដ្ឋបាលសាលាខណ្ឌមានជ័យ លោក ហួយ វីរៈ ដែលបានចុះទៅដល់កន្លែងកើតហេតុ ឲ្យអាស៊ីសេរីដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងសាកសួរម្ចាស់សិប្បកម្មធ្វើរបាយការណ៍ដែលឈានដល់ទៅការបញ្ជូនសំណុំរឿងនេះទៅព្រះរាជអាជ្ញា។ លោកឲ្យដឹងទៀត ទីតាំងសិប្បកម្មនេះមិនទាន់មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនោះទេ។ អ្វីផ្សេងពីនេះ លោកសុំមិនធ្វើអត្ថាធិប្បាយនោះទេ៖ «»។
ទាក់ទងរឿងនេះ អាស៊ីសេរី មិនអាចបញ្ជាក់បន្ថែមពីព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីបាននៅឡើយ។ នាយករដ្ឋបាលសាលាខណ្ឌមានជ័យ លោក ហួយ វីរៈ និយាយថា ប្រសិនសមត្ថកិច្ចរកឃើញថា រឿងនេះជាប់ទាក់ទងករណីបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចនឹងកសាងសំណុំរឿងនេះតាមនីតិវិធី៕