Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ​ខេត្ត​កំពង់ឆ្នាំង​ចាប់​ផ្ដើម​រក​ចំណូល​ពី​​ទេសចរ

$
0
0

គណៈកម្មការ​សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ ខេត្ត​កំពង់ឆ្នាំង ប្រកាស​យក​ភាស៊ី​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ភ្ញៀវ​ទេសចរ​ជិះ​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ។ មន្ទីរ​ទេសចរណ៍​គាំទ្រ​ការ​រក​ចំណូល​របស់​សហគមន៍​ដើម្បី​ទំនុកបម្រុង​ផ្នែក​អនាម័យ​បរិស្ថាន និង​បង្គន់​អនាម័យ​ជូន​ភ្ញៀវ​ទេសចរណ៍ ខណៈ​ដែល​ភ្ញៀវ​បាន​ចូល​ទៅ​កម្សាន្ត​ជា​បណ្ដើរៗ​ហើយ​នោះ។

តំណាង​សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ថា គណៈកម្មការ​បាន​សម្រេច​យក​ថ្លៃ​ភាស៊ី​ឡាន​មួយ​គ្រឿង​ ៥​ពាន់​រៀល ម៉ូតូ​មួយ​គ្រឿង ២​​ពាន់​រៀល និង​គោយន្ត ២​ពាន់​រៀល។ ចំពោះ​ភ្ញៀវ​ទេសចរ​អាច​ចូល​កម្សាន្ត ឬ​លេង​ទឹក​ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ ប៉ុន្តែ​សហគមន៍​ស្នើ​ឲ្យ​ភ្ញៀវ​គ្រប់​រូប​ជួយ​រក្សា​អនាម័យ ដោយ​វេច​ខ្ចប់​សំរាម​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ ក្រោយ​ហូប​នំ​ចំណី​រួច។

អនុ​ប្រធាន​គណៈកម្មការ​សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ លោក ប៉ិល សារិទ្ធ ថ្លែង​ថា ការ​សម្រេច​នេះ​នឹង​ត្រូវ​អនុវត្ត​បី​ថ្ងៃ​មុន ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដោយ​លោក​សង្ឃឹម​ថា អាច​មាន​ភ្ញៀវ​នៅ​ក្នុង និង​ក្រៅ​ខេត្ត​ខ្លះ​សម្រុក​មក​លេង​ទឹក​ធ្លាក់​នៅ​តំបន់​នេះ ព្រោះ​បច្ចុប្បន្ន​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ មាន​ភ្ញៀវ​ចូល​លេង​ជិត ១០០​នាក់ ឬ​ស្មើ​នឹង​ម៉ូតូ​ប្រមាណ ៤០​គ្រឿង៖ «ខ្ញុំ​ជឿជាក់​ថា នឹង​មាន​ភ្ញៀវ​មក​លេង ព្រោះ​ជា​កន្លែង​ថ្មី ហើយ​ពេល​ភ្ញៀវ​មក​លេង​ម្ដងៗ គាត់​តែងតែ​ថា កន្លែង​ហ្នឹង​ល្អ​ជាង​កន្លែង​នានា​ទៀត ប៉ុន្តែ​គាត់​ផ្ដល់​អនុសាសន៍​ឲ្យ​ថា សំខាន់​ឲ្យ​ពួក​ខ្ញុំ​ថែរក្សា​រឿង​អនាម័យ។ អត់​មាន​អាហារដ្ឋាន​អី​លក់​នៅ​ឡើយ​ទេ ធម្មតា​ដំបូង​អ៊ីចឹង​ខ្វះ​មុខ​ខ្វះ​ក្រោយ សំខាន់​កន្លែង​លេង​ល្អ ដាក់​ម៉ូតូ​ដាក់​អត់​អី​ទេ​មាន​សុវត្ថិភាព»

លោក ប៉ិល សារិទ្ធ បញ្ជាក់​ថា កន្លែង​ដាក់​យានជំនិះ​មាន​ទំហំ​ប្រមាណ ៦៥​ម៉ែត្រ​ការ៉េ នៅ​លើ​ចង្កេះ​ភ្នំ​អន្លង់ស្វាយ ឋិត​នៅ​ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ ពី​ទឹក​ធ្លាក់​ជាន់​ទី​១។ បច្ចុប្បន្ន​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ មិន​ទាន់​មាន​អាហារដ្ឋាន បង្គន់​អនាម័យ ឬ​កន្លែង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដោយ​លោក​ស្នើ​ឲ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង ជួយ​ទំនុកបម្រុង​ផ្នែក​បច្ចេកទេស​ដើម្បី​ដំណើរ​ការ។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី ថា ក្រុម​ការងារ​លោក​នឹង​ចុះ​រៀបចំ​របៀប​គ្រប់គ្រង​តំបន់​ទេសចរណ៍​នេះ​នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច ហើយ​កៀរគរ​រក​ប្រភព​ជំនួយ​ពី​វិស័យ​ឯកជន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​ឲ្យ​កាន់​តែ​ទាក់ទាញ បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​ធ្វើ​ផ្លូវ​ក្រួស​ក្រហម​ឡើង​ដល់​តំបន់​នោះ៖ «ពេល​រៀបចំ​លើក​ទី​មួយ​មាន​ការ​រអ៊ូរទាំ​ពី​ភ្ញៀវ​ទេសចរ​ថា មក​ពី​ផ្លូវ ឥឡូវ​អាជ្ញាធរ​ឃុំ​ក្បាល​ទឹក​បាន​ជួយ​កសាង​ផ្លូវ​ឲ្យ​ហើយ អ៊ីចឹង​នៅ​សល់​តែ​បច្ចេកទេស​មួយ​ចំនួន និង​អ្នក​ជួយ​គាំទ្រ​ធនធាន​ថវិកា​អី ខ្ញុំ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ និង​អំពាវនាវ​ឲ្យ​អ្នក​មាន​ធនធាន​ដើម្បី​ជួយ»

តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ ត្រូវ​បាន​សហគមន៍​រក​ឃើញ​កាល​ពី​ឆ្នាំ​២០០៣ ថា មាន​ទឹក​ធ្លាក់​ចំនួន ១១​ជាន់ អម​ដោយ​ព្រៃ​ធម្មជាតិ ឋិត​នៅ​ភូមិ​ដូង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស។ តំបន់​ទេសចរណ៍​ដែល​រក​ឃើញ​ថ្មី​នេះ មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles