មន្ត្រីគណបក្សប្រឆាំងនៅខេត្តកំពង់ធំ យល់ថា ការចាប់ខ្លួនពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាឃុំក្រយា ស្រុកសន្ទុក គណបក្សសង្គ្រោះជាតិ ម្នាក់ គឺជាការគំរាមកំហែង និងបំបាក់ស្មារតីផ្នែកនយោបាយ ព្រមទាំងមិនចង់ឱ្យអ្នកភូមិមានទំនាស់ដីធ្លីហ៊ានចេញមុខតវ៉ាបន្តទៀត។ ការលើកឡើងនេះ ក្រោយពេលពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាឃុំក្រយា គណបក្សជំទាស់ម្នាក់ ត្រូវបានខាងមន្ត្រីរដ្ឋបាលព្រៃឈើ ដឹកនាំកម្លាំងចុះរុះរើសំណង់នៅលើដីទំនាស់ ហើយចាប់ខ្លួនពួកគេទាំងពីរនាក់ កាលពីថ្ងៃទី៧ ខែមេសា។
មន្ត្រីគណបក្សសង្គ្រោះជាតិ និងពលរដ្ឋនៅឃុំក្រយា ស្នើឱ្យអាជ្ញាធរដោះលែងសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រឆាំង និងពលរដ្ឋម្នាក់ឱ្យមានសេរីភាពឡើងវិញ។ ការស្នើនេះ ដោយពួកគេយល់ថា ការចាប់ខ្លួនមនុស្សទាំងពីរនាក់នោះ គឺមន្ត្រីអាជ្ញាធរមិនបានអនុវត្តត្រឹមត្រូវតាមច្បាប់ទេ។
ប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិ លោក ស៊ុន ចន្ធី មានប្រសាសន៍ថា ការចាប់ខ្លួនពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាឃុំក្រយា គឺជាការប្រើអំណាចហួសហេតុពីសំណាក់អាជ្ញាធរខេត្ត។ បន្ថែមពីនេះ លោកយល់ថា អាចពាក់ព័ន្ធរឿងនយោបាយទៀតផង ព្រោះសំណុំរឿងនេះអូសបន្លាយជាច្រើនឆ្នាំមកហើយ ដោយមិនព្រមដោះស្រាយទេ ម្យ៉ាងមន្ត្រីរបស់ខ្លួនរូបនេះ គឺជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំក្រយា លេខរៀងទី២ ថែមទៀតផង៖ «យើងនឹងស្នើឱ្យដោះលែងវិញរហូតដល់រាជរដ្ឋាភិបាល ព្រោះប្រមុខរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ដែរថា នឹងមិនឱ្យមានពលរដ្ឋ ឬមន្ត្រីណាម្នាក់ជាប់ឃុំដោយសាររឿងជម្លោះដីធ្លីនេះទេ»។
កាលពីថ្ងៃទី៧ ខែមេសា មន្ត្រីរដ្ឋបាលព្រៃឈើ ដឹកនាំកម្លាំងជាច្រើននាក់ចុះរុះរើសំណង់របស់ពលរដ្ឋ ១៧គ្រួសារលើដីមានទំនាស់ជិត ៣ហិកតារ ដែលអាជ្ញាធរអះអាងបានសាងសង់លើដីគម្របព្រៃឈើរបស់រដ្ឋដោយខុសច្បាប់។ ពេលចុះធ្វើសកម្មភាពអាជ្ញាធរចាប់ពលរដ្ឋរស់នៅភូមិថ្មសំលៀង ម្នាក់ ឈ្មោះ សុន ចាន់ធឿន និងសមាជិកក្រុមប្រឹក្សាឃុំក្រយា គណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះ នេត សៅ។
នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ លោក តឹប ញាតា មានប្រសាសន៍នៅថ្ងៃទី៨ ខែមេសា ថា ការចាប់ខ្លួនពលរដ្ឋម្នាក់ឈ្មោះ ចាន់ ធឿន គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់រដ្ឋបាលព្រៃឈើ ដែលបានប្ដឹងពលរដ្ឋរូបនោះចំនួន ៣ដងរួចមកហើយ ជុំវិញករណីរំលោភដីព្រៃរបស់រដ្ឋតាំងពីឆ្នាំ២០១៤។
លោកបន្តថា ចំណែកសមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួនពីបទរារាំងការអនុវត្តភារកិច្ចរបស់មន្ត្រីជំនាញ ដែលមានចែងក្នុងច្បាប់ព្រៃឈើ ហើយអាចត្រូវប្រឈមការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។ លោកអះអាងថា រឿនេះមិនមែនជារឿងនយោបាយអ្វីនោះទេ ប៉ុន្តែជាការអនុវត្តច្បាប់របស់មន្ត្រីជំនាញ៖ «ព្រះរាជអាជ្ញាគាត់នឹងសួរបន្ថែមនូវអ្វីដែលជាក់ស្ដែង ចំពោះខាងយើងៗ អនុវត្តតែការងារយើងទេ»។
មន្ត្រីរដ្ឋបាលព្រៃឈើដដែលបញ្ជាក់ថា បច្ចុប្បន្នជនទាំងនោះត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយក្រោយពេលសាកសួរចាប់ នឹងបញ្ជូនសំណុំរឿងទៅតុលាការបន្តទៀត។
ប្រពន្ធសមាជិកក្រុមប្រឹក្សាឃុំក្រយា ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន អ្នកស្រី ណុច សៀម ស្នើឱ្យដោះលែងប្ដីរបស់គាត់ និងពលរដ្ឋម្នាក់ទៀត ពីព្រោះពួកគេមិនបានធ្វើអ្វីខុសឡើយ។ អ្នកស្រីបញ្ជាក់ថា នៅថ្ងៃកើតហេតុ ប្តីរបស់គាត់ភ្លេចទូរស័ព្ទនៅសាលាឃុំក្រយា ហើយជិះម៉ូតូទៅយកវិញ ក៏ប្រទះឃើញកម្លាំងសមត្ថកិច្ចរុះរើសំណង់នៅលើដីមានទំនាស់ ក៏ឆៀងចូលទៅមើល ដោយស្នើឱ្យអាជ្ញាធរបង្ហាញលិខិតស្នាមចុះរុះរើ និងធ្វើកំណត់ហេតុប្រាប់អាជ្ញាធរមូលដ្ឋាន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចទាំងនោះវាយ និងចាប់ខ្លួនតែម្ដង៖ «មិនដឹងគេមានបំណងចង់ចាប់គាត់ពីមុនៗ មករឿងអីៗទេ ក៏អត់ដឹងដែរ»។
ជុំវិញទំនាស់ដីធ្លី ១៧គ្រួសារនេះ កាលពីថ្ងៃទី២៣ ខែមីនា ២០១៧ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ បានបញ្ជូនលិខិតអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន ឱ្យជួយអន្តរាគមន៍លើករណីនេះ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីក្រសួងមហាផ្ទៃ វិញទេ។
លិខិតដដែលបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ធំ មិនទាន់អនុវត្តតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ តម្រូវឱ្យអាជ្ញាធរដោះស្រាយជូនពលរដ្ឋដែលនៅសេសសល់ចំនួន ១៧គ្រួសារ និងស្នើឱ្យស្រាវជ្រាវករណីគំរាមកំហែង និងប្រមាថប្រជាពលរដ្ឋ ព្រមទាំងករណីអំពើពុករលួយផង។
ប្រធានអង្គការតម្លាភាព និងសន្តិភាព អ្នកស្រី ម៉ម ស៊ីថា ដែលស្ថិតនៅកន្លែងកើតហេតុកាលពីថ្ងៃទី៧ ខែមេសា អះអាងថា សកម្មភាពចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង និងពលរដ្ឋម្នាក់ជាការបំបាក់ស្មារតីមិនឱ្យពលរដ្ឋផ្សេងចេញមុខតវ៉ាទាមទារដីរបស់ខ្លួន និងជារឿងនយោបាយច្រើនជាង។ បន្ថែមពីនេះ ក្នុងពេលចាប់ខ្លួនសមត្ថកិច្ចបានប្រើអំពើហិង្សាបណ្ដាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ ហើយមន្ត្រីគណបក្សប្រឆាំងរងរបួសស្រាល។
យ៉ាងនេះក្តី លោក តឹប ញាតា ចង់ឱ្យមានការស៊ើបអង្កេតចំពោះការចោទប្រកាន់សមត្ថកិច្ចថា បានប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានគណបក្សប្រឆាំងឱ្យបានច្បាស់លាស់៕