មន្ត្រីតុលាការក្រុងភ្នំពេញ ឲ្យដឹងថា សំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលតុលាការបំបែកជាពីរករណី គឺតុលាការកំពុងបន្តស៊ើបអង្កេតរកអ្នកដែលពាក់ព័ន្ធបន្ថែមទៀត។ ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ កាលពីខែមីនា តុលាការក្រុងភ្នំពេញ បានផ្ដន្ទាទោសឈ្មោះ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែអ្នកតាមដានពីព្រឹត្តិការណ៍សង្គមយល់ឃើញថា ការបំបែកសំណុំរឿងជាពីរនេះ នៅតែមិនអាចជឿជាក់បានថា នឹងផ្ដល់យុត្តិធម៌ពិតប្រាកដឲ្យលោកបណ្ឌិត កែម ឡី បានឡើយ។
មន្ត្រីនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ បញ្ជាក់ជំហរថា រឿងក្តីដែលតុលាការបានបំបែកបន្ថែមមួយករណីទៀតនេះ គឺតុលាការមិនបោះបង់ចោលឡើយ ពោលគឺកំពុងតែបន្តចាត់ការតាមនីតិវិធី ប៉ុន្តែតុលាការរក្សាការសម្ងាត់ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់តុលាការ។
ប្រាប់អាស៊ីសេរី តាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី៨ ខែមេសា លោក លី សុផាណា មន្ត្រីនាំពាក្យតុលាការឲ្យដឹងយ៉ាងខ្លីថា តុលាការកំពុងបន្តស៊ើបអង្កេត និងសាកសួរក្នុងរឿងក្ដីដែលបានបំបែកហើយនេះ។
ភ្លាមៗក្រោយពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ សម្រេចផ្ដន្ទាទោសពិរុទ្ធជនឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយកាលថ្ងៃទី២៣ ខែមីនា។ ក្នុងថ្ងៃតែមួយ ពេលរសៀល លោក លី សុផាណា មន្ត្រីនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ ប្រាប់ក្រុមអ្នកកាសែតថា រឿងក្តីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះត្រូវបានតុលាការបំបែកជា ២ករណីហើយ។
រឿងក្តីដែលតុលាការបំបែកជាថ្មីមួយសំណុំរឿងទៀតនេះ គឺតុលាការត្រូវបន្តស្វែងរកឈ្មោះជនសង្ស័យ ២នាក់ទៀត ដែលជាប់ទាក់ទងរឿងក្ដីនេះ គឺឈ្មោះ ពូលិស និង ចក់។ ឈ្មោះ លិស នេះ ត្រូវបានពិរុទ្ធជន អឿត អាង ជម្រាបអង្គសវនាការថា ជាស្ពានឲ្យខ្លួនបានស្គាល់ និងឲ្យលោកបណ្ឌិត កែម ឡី ខ្ចីលុយ ៣ពាន់ដុល្លារ។ ដោយឡែកឈ្មោះ ចក់ វិញ គឺជាអ្នកដែលលក់កាំភ្លើងឲ្យសម្រាប់ធ្វើសកម្មភាពបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
គិតត្រឹមថ្ងៃទី១០ ខែមេសា ខាងមុខនេះ គឺមានរយៈពេល ៩ខែមកហើយ ក្រោយពីឃាតកបាញ់ប្រហារលោកបណ្ឌិត កែម ឡី ទាំងព្រឹកព្រលឹមកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោក សៅ កុសល កម្មការរៀបចំចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី យល់ឃើញថា បើទោះជារឿងក្ដីនេះ ត្រូវបានតុលាការបំបែកបែបណាក៏ដោយ វានឹងមិនអាចផ្ដល់ភាពជឿជាក់ពីពលរដ្ឋបានទៀតទេ។ បន្ថែពីលើនេះទៀត ការស៊ើបអង្កេតទាំងក្នុងដំណាក់កាលនគរបាលយុត្តិធម៌ និងចៅក្រមស៊ើប គឺរឹតតែមិនអាចជឿជាក់បានថែមទៀតផង៖ «បើមិនចង់ឲ្យប្រើពេលយូរ យើងបង្ហាញភស្តុតាងហ្នឹងវាចប់រឿងហើយ មិនបាច់ទៅប្រឹងប្រែងរកហេតុផលបំបែកសំណុំរឿងទៅអ្នកនេះទៅអ្នកនោះទៀតទេ។ អ៊ីចឹងខ្ញុំអត់មានការជឿទុកចិត្តទៅលើប្រព័ន្ធស៊ើបអង្កេត ឬក៏ប្រព័ន្ធតុលាការនោះទេ»។
លោក លី សុផាណា ឲ្យដឹងថា លោក សេង លាង ដែលជាចៅក្រមទទួលបន្ទុកក្នុងសំណុំរឿងដែលត្រូវបានតុលាការបំបែកជា ១ករណីទៀតនេះ កំពុងបន្តនីតិវិធីសាកសួរអ្នកដែលពាក់ព័ន្ធបន្ថែមទៀត។
ដោយឡែកលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ឲ្យដឹងនៅថ្ងៃទី៨ ខែមេសា ថា លោកបណ្ឌិត កែម ឡី មិនត្រឹមជាអ្នកវិភាគ និងស្រាវជ្រាវដ៏ស៊ីជម្រៅទេ លោកថែមទាំងបានផ្ដល់អនុសាសន៍ជាគោលនយោបាយសម្រាប់អនុវត្តភូមិ-ឃុំឲ្យគណបក្សប្រឆាំងថែមទៀតផង៖ «លោកបណ្ឌិត កែម ឡី មុននឹងគាត់សម្លាប់ទៅគាត់បានជួបជាមួយខ្ញុំ ៣ថ្ងៃ។ គាត់រៀបចំគម្រោងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ មកឲ្យខ្ញុំ ដើម្បីខ្ញុំយកទៅស្នើទៅគណបក្សសង្គ្រោះជាតិ ដើម្បីរៀបគម្រោងអភិវឌ្ឍន៍ភូមិឃុំហ្នឹង។ ចំណងជើងរបស់គាត់ គាត់ដាក់ចំណងជើងថា ភូមិឃុំរស់រវើក ប្រែក្លាយភូមិឃុំឲ្យទៅជាទីប្រជុំជន»។
សវនាការលើអង្គសេចក្ដីកាលពីខែមីនា ជុំវិញរឿងក្ដីនេះ តុលាការត្រូវរងការរិះគន់ថា ជាការជំនុំជម្រះដែលលឿនហួសពុំធ្លាប់មាន។ ក្រោយសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតចំពោះ ជួប សម្លាប់ អង្គការ-សមាគមចំនួន ៦០ ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាភ្លាមដែរ។ ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ ទាមទារឲ្យតុលាការបើកសវនាការជាថ្មី ជាពិសេសត្រូវបើកការស៊ើបអង្កេតឲ្យបានម៉ត់ចត់ឡើងវិញ៕