Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

“ទំនុក​ចិត្ត​លើ​ស្ថាប័ន​គ.ជ.ប​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ខណៈ​តុលាការ​បន្ត​ឃុំ​មន្ត្រី​គ.ជ.ប"

$
0
0

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​មន្ត្រី​អង្គការ​ស៊ីវិល​បារម្ភ​ថា អវត្តមាន​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា និង​បណ្ដឹង​ប្រឆាំង​លោក រ៉ុង ឈុន សមាជិក គ.ជ.ប  អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​កំណែទម្រង់ គ.ជ.ប ថ្មី។ ពួកគេ​លើក​ឡើង​ថា ករណី​បន្ត​ការ​ឃុំ​ខ្លួន​លោក នី ចរិយា នេះ ជា​ការ​បង្ក​ឲ្យ​មាន​នូវ​បរិយាកាស​ភ័យខ្លាច​ដល់​មន្ត្រី គ.ជ.ប ដទៃ​ទៀត ដែល​អាច​រារាំង​ពួកគេ​មិន​ឲ្យ​បំពេញ​ការងារ​កំណែ​ទម្រង់ គ.ជ.ប បាន​ដោយ​សេរី ឯករាជ្យ និង​ប្រកប​ដោយ​តម្លាភាព​ក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ-​សង្កាត់​ខាង​មុខ។

លោក នី ចរិយា ដែល​ទទួល​បន្ទុក​ផ្នែក​សវនកម្ម​ផ្ទៃក្នុង គ.ជ.ប គ្រាន់តែ​ចូល​កាន់​តំណែង​មិន​បាន​មួយ​រយៈ​ពេល​ស្រួលបួល​ផង ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ក្ដីក្ដាំ​តាម​ផ្លូវ​តុលាការ​ចំនួន​ពីរ​ធំៗ។ បណ្ដឹង​ទី​មួយ ពាក់ព័ន្ធ​នឹង​ករណី​បរិហារ​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​រិះគន់​ព្រះរាជអាជ្ញា និង​ចៅក្រម​នៅ​សាលាដំបូង​ខែត្រ​សៀមរាប។ ករណី​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក​ដោយ​ដាក់​ពន្ធនាគារ​ចំនួន ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល។ បណ្ដឹង​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង។

​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​នានា​ចាត់​ទុក​ថា លោក នី ចរិយា ជា​អ្នក​ទោស​មនសិការ និង​ជា​ចំណាប់​ខ្មាំង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ហើយ​ថា ការ​ឃុំ​ខ្លួន​នេះ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់ គ.ជ.ប ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត។

​អ្នកឃ្លាំមើល​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា សំណុំរឿង​ក្តីក្តាំ​តាម​ផ្លូវ​តុលាការ​ទាំង​នេះ ជា​ការ​បង្ក​ឲ្យ​មាន​នូវ​បរិយាកាស​ភ័យខ្លាច​ដល់​មន្ត្រី គ.ជ.ប ដទៃ​ទៀត។ លោក​ថា ករណី​នេះ​អាច​ក្លាយ​ជា​គំនាប​មួយ ដែល​ធ្វើ​ឲ្យ​មន្ត្រី គ.ជ.ប ជា​ពិសេស​អ្នក​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​ឯករាជ្យ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន។ ពោល​គឺ​វា​អាច​នឹង​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ខំ​ប្រឹងប្រែង​ធ្វើ​ការ​របស់​មន្ត្រី​ឯករាជ្យ​ទាំង​នោះ រួម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ផង​ដែរ ដោយសារ​តែ​ពួកគេ​បំពេញ​ការងារ​ទាំង​មាន​ការ​ភ័យ​ខ្លាច​ករណី​គំរាមកំហែង​នេះ។

​លោក​បណ្ឌិត មាស នី៖ «ការ​ដាក់​ទោសទណ្ឌ​លោក នី ចរិយា រយៈពេល​ជិត​មួយ​ឆ្នាំ​នេះ វា​នឹង​អាច​ធ្វើ​ឲ្យ​គាត់ ទោះបី​គាត់​ចេញ​មក​វិញ ក៏​គាត់​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន មិន​ហ៊ាន​និយាយ​ច្រើន​ដូច​មុន ហើយ​បើ​យើង​មើល​ទៅ​លើ​ស្តង់ដារ​នៃ​ការ​គំរាមកំហែង ចង់ ឬ​មិន​ចង់ នៅ​ក្នុង​ស្ថានភាព​បែប​នេះ គឺ​ធ្វើ​ឲ្យ​មនុស្ស​ត្រូវតែ​ផ្លាស់ប្ដូរ​នូវ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​ធ្វើការ​ដែរ​ក្នុង​ពេល​ខាង​មុខ ដូច​ថា​មិន​អាច​និយាយ​ស្អី​ដែល​ខ្លួន​ឯង​ចង់​និយាយ​បាន​ត​ទៅ​ទៀត»

​ដូចគ្នា​នេះ​ដែរ សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លោក​យល់​ឃើញ​ថា ផល​ប៉ះពាល់​ពី​ករណី​ឃុំ​ខ្លួន​លោក នី ចរិយា មក​លើ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត គឺ​ពិតជា​កើត​មាន​ឡើង​ចៀស​មិន​រួច​ឡើយ ដោយសារ​តែ​មុខ​តំណែង​អគ្គលេខាធិការ​រង​ទទួល​បន្ទុក​ផ្នែក​សវនកម្ម​នេះ ជា​មុខ​តំណែង​ទើប​បង្កើត​ថ្មី។ លោក​ថា ការ​ឃុំ​ខ្លួន​លោក នី ចរិយា នឹង​នាំ​ឲ្យ​រាល់​ការងារ​របស់​គាត់​ដែល​បាន​ប្រឹងប្រែង​ពី​មុន​មក​សម្រាប់​គម្រោង ឬ​កម្មវិធី​របស់​គាត់​ត្រូវ​អសកម្ម​ព្រោះ​ថា ក្នុង​រយៈពេល​គាត់​បំពេញ​ការងារ​បាន​មួយ​រយៈ​ខ្លី​នៅ​ស្ថាប័ន គ.ជ.ប ថ្មី​នេះ គាត់​បាន​រៀបចំ​នូវ​ផែនការ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ផ្នែក​សវនកម្ម​ផ្ទៃក្នុង គ.ជ.ប នេះ រួម​ទាំង​ពង្រាង​នូវ​បទដ្ឋាន​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ។

លោក អំ សំអាត៖ «អ៊ីចឹង​បើ​យើង​ជា​សង្គម​ស៊ីវិល ខ្ញុំ​គិត​ថា វា​នៅ​តែ​ប៉ះពាល់។ បើ​គាត់​នៅ​បំពេញ​ការងារ​របស់​គាត់ គាត់​អាច​នឹង​ធ្វើ​ឲ្យ​ផ្នែក​សវនកម្ម​នេះ វា​មាន​ភាព​រលូន​ហើយ​ល្អ​ប្រសើរ ពីព្រោះ​បើ​បាត់​គាត់​មួយ​ទៅ បន្ទុក​នេះ​វា​ត្រូវ​ធ្លាក់​លើ​អ្នក​មួយ​ផ្សេង។ អ៊ីចឹង​ការងារ​ទាំង​អស់​វា​មិន​បាន​ពេញ​ដៃ​ពេញ​ជើង ដូច​គាត់​នៅ​ទទួល​បន្ទុក ហើយ​និង​ដឹកនាំ​ធ្វើ​ទាក់ទង​នឹង​ផ្នែក​សវនកម្ម​ហ្នឹង​ទេ»

​បន្ថែម​ពីលើ​កង្វល់​របស់​លោក អំ សំអាត លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត និចហ្វិក (NICFEC) ឲ្យ​ដឹង​ថា កាល​ដែល​លោក នី ចរិយា បំពេញ​ការងារ​នៅ គ.ជ.ប លោក​បាន​ផ្តល់​គំនិត​ផ្តួចផ្តើម​ជា​ច្រើន ចង់​ឲ្យ​ដំណើរ​ការ​ក្នុង​ការងារ​បច្ចេកទេស​សវនកម្ម​ផ្ទៃក្នុង រួម​ទាំង​ការងារ​រៀបចំ​បញ្ជី​បោះឆ្នោត មាន​ភាព​ប្រសើរ​ឡើង។

​លោក សំ គន្ធាមី៖ «ការងារ​បោះឆ្នោត គឺ​គាត់​នៅ​នាយកដ្ឋាន​សវនកម្ម គឺ​ត្រូវ​ការ​ចាំបាច់​ណាស់​ក្នុង​ការ​រៀបចំ​ទាំង​ពី​បញ្ជី​ឈ្មោះ ទាំង​ពី​អ្វី​ផ្សេងៗ ដំណើរ​ការ​ហ្នឹង។ ...បើ​មាន​លោក នី ចរិយា ហ្នឹង​ទៀត វា​កាន់​តែ​ប្រសើរ​ហើយ បាន​ជួយ​កិច្ចការ​ហ្នឹង​ឲ្យ​កាន់​តែ​ប្រសើរ​ទៀត»

ក្រៅ​ពី​លោក នី ចរិយា ដែល​ជា​មន្ត្រី​ឯករាជ្យ​មាន​ប្រភព​ពី​អង្គការ​សង្គម​ស៊ីវិល សមាជិក​ក្បាល​ម៉ាស៊ីន គ.ជ.ប ថ្មី លោក រ៉ុង ឈុន ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរ​ក្តីក្តាំ​តាម​ផ្លូវ​តុលាការ​មិន​ទាន់​ចប់​ស្ថាពរ​នៅ​ឡើយ​ទេ។  តុលាការ​នៅ​មិនទាន់​ទម្លាក់​ចោល​ជា​ផ្លូវការ​នូវ​បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ថា បាន​ពាក់ព័ន្ធ​នឹង​រឿង​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ កាល​ពី​អំឡុង ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ខែ​មករា ឆ្នាំ​២០១៤ រហូត​ដល់​ផ្ទុះ​អំពើ​ហិង្សា​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​កម្មករ និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា សំណុំរឿង​ទាក់ទង​ទៅ​នឹង​ផ្លូវ​វ៉េងស្រេង ត្រូវ​បាន​បិទ​បញ្ចប់​ហើយ តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ហើយ​លោក​មិន​ចាំបាច់​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​សមត្ថកិច្ច​ទៀត​ទេ។ ប៉ុន្តែ​លោក​ថា លោក​ពុំ​ទាន់​ឃើញ​មាន​ការវិវត្តន៍​ថា តើ​សំណុំ​រឿង​នេះ​នឹង​ត្រូវ​ទម្លាក់​ចោល​តាម​ការ​ស្នើ​សុំ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក៏​ដូចជា​សហព័ន្ធ​សហជីព​អន្តរជាតិ (IPUC) ដូច​តាម​ការ​ចរចា​គ្នា​កន្លង​មក​នោះ​ទេ។

​លោក រ៉ុង ឈុន៖ «យើង​តែងតែ​មាន​ការ​ព្រួយ​បារម្ភ​ដែរ ដូច​ថា យើង​ធ្វើការ​មិន​មាន​អារម្ភ​ស្ងប់ស្ងាត់ ពីព្រោះ​វា​នៅ​មាន​សំណុំរឿង​ពាក់ព័ន្ធ​ជាមួយ​បាតុកម្ម ក៏​ដូចជា​ករណី​ផ្លូវ​វ៉េងស្រេង។ ប៉ុន្តែ​មិន​ដឹង​ថា សំណុំរឿង​នោះ​ត្រូវ​ទម្លាក់​ចោល ឬ​មួយ​យ៉ាង​ណា​នោះ យើង​មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​មាន​ឃើញ​នូវ​ការវិវត្តន៍​អី​ដែរ»

យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន ចាត់​ទុក​ដំណើររឿង​ក្ដីក្ដាំ​តាម​ផ្លូវ​តុលាការ​នេះ ជា​រឿង​មួយ​ដាច់​ដោយ​ឡែក ហើយ​ថា អ្វី​ដែល​លោក​ខ្វាយខ្វល់​គឺ​រឿង​នៅ​ចំពោះ​មុខ។ ពោល​គឺ​ធ្វើ​យ៉ាង​ណា ឲ្យ​ដំណើរ​ការ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ ហើយ​គ្រប់​ភាគី​គណបក្ស​នយោបាយ​ទាំង​អស់​ទទួល​យក​បាន​ទាំង​អស់​គ្នា ដោយ​មាន​ការ​សាទរ​ពី​អន្តរជាតិ។

លោក រ៉ុង ឈុន៖ «បើសិនជា​អវត្តមាន​របស់​ខ្ញុំ​មួយ វា​ត្រូវ​តែ​មាន​ផល​ប៉ះពាល់​ហើយ​ជា​ស្រេច​ហើយ ពីព្រោះ​វា​ត្រូវ​បាត់​សំឡេង​មួយ​ហើយ។ អ៊ីចឹង​រាល់​ការ​សម្រេច អ្វីៗ​ត្រូវ​តែ​មាន​ផល​ប៉ះពាល់។ ប៉ុន្តែ​គ្រាន់​តែ... តែ​សង្ឃឹម​ថា នឹង​មិន​មាន​អ្វី​កើត​ឡើង​នោះ​ទេ»

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​ខាង​លើ​នេះ លោក ហង្ស ពុទ្ធា ដែល​ជា​មន្ត្រី​នាំ​ពាក្យ គ.ជ.ប និង​ជា​សមាជិក​ឯករាជ្យ​ម្នាក់ ក្នុង​ចំណោម​សមាជិក​ទាំង ៩​នាក់​របស់ គ.ជ.ប ថ្មី​នេះ អះអាង​អំពី​ដំណើរ​ការ​ដោយ​រលូន​នៃ​កំណែទម្រង់ គ.ជ.ប ថ្មី​នេះ។ លោក​ថ្លែង​ថា ទោះ​ជា​ក្នុង​ករណី​បែប​ណា​ក៏ដោយ ឧទាហរណ៍​ករណី​អវត្តមាន​សមាជិក គ.ជ.ប ឬ​ក៏​អគ្គលេខាធិការ អគ្គលេខាធិការ​រង ឬ​ក៏​មន្ត្រី គ.ជ.ប ណា​ម្នាក់ ទិដ្ឋភាព​ច្បាប់​ថ្មី​នេះ​នឹង​មិន​បណ្ដាល​ឲ្យ​មាន​ភាព​ជាប់​គាំង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ​ទេ។

លោក​ស្នើសុំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ខាង​មុខ​នេះ ពោល​គឺ​អ្វីៗ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​តាម​ការ​គ្រោង​ទុក ហើយ​ថា រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់​គឺ​សមាជិក គ.ជ.ប ទាំង ៩​នាក់​នេះ ជា​អ្នក​សម្រេច​ចិត្ត ខណៈ​ដែល​អគ្គលេខាធិការ ឬ​អគ្គលេខាធិការ​រង គឺ​គ្រាន់​តែ​ជា​អ្នក​អនុវត្ត​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​តែប៉ុណ្ណោះ។

​​លោក​បណ្ឌិត ហង្ស ពុទ្ធា៖ «ខ្ញុំ​ចង់​និយាយ​ថា ក្នុង​នាម​ស្ថាប័ន​អាណាព្យាបាល​របស់​លោក នី ចរិយា ពិត​ជា​មិន​ចង់​ឲ្យ​រឿង​ហ្នឹង​កើត​ឡើង​ទេ ហើយ​ការ​បាត់បង់​លោក នី ចរិយា ក្នុង​តំណែង​អគ្គលេខាធិការ​រង​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ចាត់​ចែង​ការងារ​រួម​របស់​សមាសភាព គ.ជ.ប ទាំង ៩​នាក់ រួច​រាល់​ហើយ។  ក្នុង​ប្រតិបត្តិការ​​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ប្រសិនបើ​នៅ​តែ​អវត្តមាន​លោក នី ចរិយា ទៀត ក្រោយ​ការ​បោះឆ្នោត​ដែល​តួនាទី​ជា​អ្នក​ធ្វើ​សវនកម្ម​ហ្នឹង គ.ជ.ប នឹង​ចាត់​ចែង​បន្ត​ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​មួយ​ទទួល​យក​បាន​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ»

​លោក ហង្ស ពុទ្ធា បញ្ជាក់​ថា នឹង​មិន​មាន​ការ​ផ្លាស់ប្ដូរ​មុខ​តំណែង​លោក នី ចរិយា នេះ​ឡើយ ដរាប​ណា​ពុំ​ទាន់​មាន​សេចក្ដី​សម្រេច​ជា​ស្ថាពរ​ពី​តុលាការ​កំពូល ផ្ដន្ទាទោស​លោក នី ចរិយា ពី​បទ​ឧក្រិដ្ឋ ឬ​បទល្មើស​មជ្ឈិម​ណា​មួយ។ ពោល​គឺ​មុខ​តំណែង​របស់​លោក នឹង​ត្រូវ​រក្សាទុក​ឲ្យ​នៅ​ទំនេរ តែ គ.ជ.ប នៅ​តែ​បើកប្រាក់​បៀវត្ស​ជា​ធម្មតា​ឲ្យ​លោក​ដដែល។

បើ​ទោះបី​ជា​ក្នុង​អាណត្តិ​ថ្មី​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ឆ្លង​កាត់​នូវ​ការ​ធ្វើ​កំណែទម្រង់​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក៏ដោយ ក៏​ទំនុក​ចិត្ត​លើ​ឯករាជ្យភាព តម្លាភាព និង​អព្យាក្រឹតភាព​របស់​ស្ថាប័ន​មួយ​នេះ នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ។ ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧ នេះ នឹង​ក្លាយ​ជា​វិញ្ញាសា​មួយ​សម្រាប់​ស្ថាប័ន​មួយ​នេះ ដែល​ធ្លាប់តែ​ទទួល​រង​នូវ​ការ​រិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ​ថា មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

កំណែ​ទម្រង់ គ.ជ.ប ថ្មី ហាក់​ស្ថិត​នៅ​លើ​វិថី​ដ៏​រដិបរដុប និង​ពិបាក​គួរ​ឲ្យ​ទុក​ចិត្ត ភ្លាមៗ​ក្រោយ​ពេល​ដែល​ស្ថាប័ន​មួយ​នេះ កាល​ពី​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៦ សម្រេច​តែងតាំង​អគ្គលេខាធិការ​ដែល​ជា​សេនាធិការ​ចាត់ចែង​ការងារ​បច្ចេកទេស​រៀប​ចំ​ការ​បោះឆ្នោត​របស់​ខ្លួន​ជា​មនុស្ស​ដដែល គឺ​លោក ទេព នីថា។

ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង និង​ទាំង​មន្ត្រី​សង្គម​ស៊ីវិល សុទ្ធតែ​បាន​សម្ដែង​ក្តី​សោកស្ដាយ និង​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​នេះ។ ពួកគេ​យល់​ថា វត្តមាន​លោក ទេព នីថា ក្នុង​ស្ថាប័ន គ.ជ.ប ថ្មី​នេះ អាច​ធ្វើ​ឲ្យ​មហាជន​អស់​ជំនឿ និង​លែង​ទុកចិត្ត​លើ​កំណែទម្រង់​ស្ថាប័ន​មួយ​នេះ ដោយសារ​តែ​មិន​មាន​អ្វី​ប្រែប្រួល​ចំពោះ​ក្បាល​ម៉ាស៊ីន​រៀបចំ​កិច្ចការ​បច្ចេកទេស​បោះឆ្នោត​នេះ។ ម្យ៉ាង​វិញ​ទៀត កេរ្តិ៍ឈ្មោះ​របស់​លោក ទេព នីថា ក៏​ធ្លាប់​ត្រូវ​បាន​ប្រឡាក់​ប្រឡូក​ក្នុង​ការ​រៀប​ចំ​ដំណើរការ​បោះឆ្នោត​ចំនួន​បី​អាណត្តិ​រួច​មក​ហើយ ដែល​ពោរពេញ​ទៅ​ដោយ​រឿង​ចម្រូងចម្រាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles