ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងគ្រោះដោយសារចោរបច្ចេកវិទ្យា ឬ ហេកគ័រ (Hacker) លួចចូលលុកលុយអ៊ីម៉ែល និងបណ្ដាញសង្គម មិនប្ដឹងទៅក្រសួងជំនាញរកក្រុមចោរទេ ដោយសារពួកគេ គ្មានជំនឿថា រដ្ឋាភិបាល អាចចាប់អ្នកប្រព្រឹត្តិបាន។ តែអ្នកនាំពាក្យក្រសួងមហាផ្ទៃវិញ យល់ថា តំណាងរាស្ត្របក្សនេះ មានអំនួត និងចង់ញែក រវាងបក្សប្រឆាំង និងរដ្ឋាភិបាល។
តំណាងរាស្ត្របក្សប្រឆាំង លោក ម៉ៅ មុនីវណ្ណ ប្រាប់ថា ក្រុមតំណាងរាស្ត្ររបស់លោកគ្មានជំនឿលើចំណាត់ការរបស់ក្រសួងមហាផ្ទៃទេ។ លោកថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី៧ មេសា ថា តំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិ ដែលត្រូវបានហេកគ័រ លួចយកគណនីអ៊ីម៉ែល ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន និងទំព័រហ្វេសប៊ុក រួមមានលោក លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និងលោក ហូរ វណ្ណ ជាដើម។
ទោះជាយ៉ាងណា លោក ម៉ៅ មុនីវណ្ណ ថាលោកនិងលោក អេង ឆៃអ៊ាង បានទាក់ទងទៅក្រុមហ៊ុនហ្វេសប៊ុកសុំបើកគណនីបានវិញហើយ នៅឡើយតែអ៊ីម៉ែលទេ ដែលមិនទាន់សុំបានមកវិញ។
មិនមែនមានតែក្រុមតំណាងរាស្ត្ររបស់បក្សប្រឆាំងនោះទេ សូម្បីតែសកម្មជនរបស់បក្សប្រឆាំង និងប្រធានអង្គការសង្គមស៊ីវិលធំៗមួយចំនួន ក៏រងការលួចអ៊ីម៉ែលដែរ។ តែមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចនៅមិនទាន់ មានព័ត៌មានថា អ៊ីមែលរបស់ពួកគេត្រូវបានគេលុកលុយនោះទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា លោកមិនដឹងថាខាងគណបក្សប្រជាជនកម្ពុជា មានមន្ត្រីធំៗណារងការលួចអ៊ីម៉ែល ឬហ្វេសប៊ុកនោះទេ។ តែលោកថាក្នុងសម័យបច្ចេកវិទ្យា ការបែកធ្លាយហ្វេសប៊ុកឯកជន ឬរបស់អង្គភាពណាមួយនោះជារឿងធម្មតា។ «»
ទោះជាយ៉ាងនេះក៏ដោយ ក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ប្រាប់ថា នៅពេលដែលមានការលួចអ៊ីម៉ែល ឬហ្វេសប៊ុកណាមួយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ពួកគេតែងពឹងឲ្យមន្ត្រីជាន់ខ្ពស់ណាម្នាក់ទៀតជួយបង្ហោះដើម្បីប្រាប់អ្នកគាំទ្រ និងដើម្បីជាការជូនដំណឹងទៅសមត្ថកិច្ច។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា ក្រសួងមិនបានទទួលពាក្យបណ្ដឹងរបស់តំណាងរាស្ត្របក្សសង្គ្រោះជាតិទេ។ លោក ខៀវ សុភ័គ ហៅការលួចអ៊ីម៉ែល ឬហ្វេសបុកនេះ ថាជាឧក្រិដ្ឋកម្មឆ្លងដែន ហើយលោកលើកទឹកចិត្តឲ្យភាគីជនរងគ្រោះសហការដោយផ្ដល់ព័ត៌មានទៅក្រសួង។ លោកថាអ្នកដែលរងគ្រោះពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះ មិនមែនតែខាងគណបក្សប្រឆាំងទេ តែប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាលកម្ពុជាក៏រងគ្រោះ ហើយពិភពលោកទាំងមូលក៏រងគ្រោះដែរ។ «»
កន្លងទៅ នៅពេលគេហទំព័រធំៗរបស់រាជរដ្ឋាភិបាលរងការលុកលុយ ទោះហេកគ័រមានសមត្ថភាពយ៉ាងណាក្តី ពួកគេភាគច្រើនគេចមិនរួចពីកណ្ដាប់ដៃសមត្ថកិច្ចឡើយ។
អ្នកជំនាញបច្ចេកវិទ្យាដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង ពន្យល់ថា ការលួចអ៊ីម៉ែល ហើយឈានដល់ការលួចហ្វេសបុក ព្រមទាំងផេកហ្វេសប៊ុក ដំបូងឡើយហេកគ័រអាចលួចតាមរយៈលេខទូរស័ព្ទ ដែលអ្នកប្រើអ៊ីម៉ែល បានដាក់ពេលបង្កើតអ៊ីម៉ែល ដើម្បីស្រោចស្រង់អ៊ីម៉ែលមកវិញ ពេលដែលភ្លេចលេខកូដសំងាត់ ឬពេលបាត់បង់អ៊ីម៉ែល។ នេះជាមូលហេតុមួយដែលហេកគ័រងាយក្នុងការលួចយកអ៊ីម៉ែល ដើម្បីបន្តយកអ៊ីម៉ែល ទៅលួចយកហ្វេសប៊ុកបន្តទៀត។ ករណីនេះ កើតឡើងគឺ Hacker បានផ្ញើសារទៅក្រុមហ៊ុនហ្វេសបុក ឬអ៊ីម៉ែលថា បានបាត់ ឬភ្លេចលេខកូដ។ ហើយក្រុមហ៊ុនក៏បានផ្ញើលេខសំងាត់តាមលេខទូរស័ព្ទដែលបង្កើតមកវិញ តែលេខទូរស័ព្ទនោះ ត្រូវបានហេកគ័រ លួចគ្រប់គ្រង។ អ្នកដែលមានសិទ្ធគ្រប់គ្រងលេខទូរស័ព្ទរបស់ជនរងគ្រោះ អ្នកជំនាញប្រាប់ថា មានតែក្រុមហ៊ុនទូរស័ព្ទ និងអ្នកដែលមានសមត្ថកិច្ចគ្រប់គ្រងលេខទូរស័ព្ទតែប៉ុណ្ណោះ។
ការលួចចូលអ៊ីម៉ែល ឬហ្វេសប៊ុកនេះ អ្នកជំនាញរកឃើញថា នៅកម្ពុជាបច្ចុប្បន្នមានក្រុមមនុស្សពីរប្រភេទហើយដែលរងគ្រោះ គឺក្រុមអ្នកនយោបាយបក្សប្រឆាំង និងសង្គមស៊ីវិល។ អ្នកជំនាញព្យាករណ៍ថា មេធាវី អ្នកក្រុមអ្នកសារព័ត៌មាន ក៏ជាមុខសញ្ញានៃការលួចទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យាដែរ។
អ្នកជំនាញផ្ដល់យោបល់ថា អ្នកប្រើប្រាស់គួរកុំបង្កើតអ៊ីម៉ែល ឬហ្វេសប៊ុក ហើយដាក់លេខទូរស័ព្ទក្នុងប្រទេសកម្ពុជា ដើម្បីស្រោចស្រង់ទិន្នន័យនៅពេលបាត់លេខកូដសំងាត់។ អ្នកជំនាញថា ដើម្បីការពារអ៊ីម៉ែល គេគួរប្រើប្រាស់ប្រព័ន្ធលេខសំងាត់ពីរជាន់។
មាត្រា៤២៧ នៃក្រមព្រហ្មទណ្ឌកម្ពុជាចែងថា អំពើចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តិនៃទិន្នន័យដោយទុច្ចរិតត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀល ទៅពីរលានរៀល។ ប៉ុន្តែបើអំពើនោះជាហេតុ បណ្ដាលឲ្យមានការលុបបំបាត់ ឬកែប្រែទិន្នន័យដែលមាននៅក្នុងប្រព័ន្ធ ត្រូវផ្ដន្ទាទោស១ឆ្នាំ ទៅ២ឆ្នាំ និងពិន័យពី ពីរលានរៀល ទៅបួនលានរៀល៕