រដ្ឋសភាប្រកាសទទួលស្គាល់មនុស្សជំនិតរបស់លោក សុខ អាន គឺលោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រមណ្ឌលតាកែវជំនួសលោក សុខ អាន ដែលទើបទទួលមរណភាព។
ការប្រកាសទទួលស្គាល់នេះធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៨ អាណត្តិទី៥ នៅព្រឹកថ្ងៃទី៧ មេសា បន្ទាប់ពីលោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា។
លោក ជា វ៉ាន់ដេត ជាអតីតនាយកខុទ្ទកាល័យអតីតឧបនាយករដ្ឋមន្ត្រី លោក សុខ អាន និងជាស្ថាបនិកសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
ក្នុងអាណត្តិទី៥នេះ តំណាងរាស្ត្រមណ្ឌលតាកែវ ២រូបមកពីគណបក្សប្រជាជនកម្ពុជាបានទទួលមរណភាពដោយសារជំងឺ។ លោក សូរ ឃុន បានទទួលមរណភាពកាលពីដើមឆ្នាំ២០១៥ ហើយតំណែងតំណាងរាស្ត្ររបស់លោកក៏ត្រូវផ្ដល់ទៅកូនប្រុសទី៣ របស់លោក សុខ អាន គឺលោក សុខ សូកាន៕