ជំនួបរវាងរដ្ឋមន្ត្រីក្រសួងដែនដី និងក្រុមពលរដ្ឋពលរស់នៅក្នុងអគារប៊ូឌីង ឬហៅថា អគារស នៅព្រឹកថ្ងៃទី៧ ខែមេសា ឈានការដល់យល់ព្រមទទួលយកលុយ ហើយចាកចេញពីអគារដើម្បីឲ្យក្រុមហ៊ុនឯកជនរបស់ជប៉ុន សាងសង់អគារទំនើបនៅទីនោះ។ ទោះជាយ៉ាងណា ភាគីទាំងពីរនៅខ្វែងគំនិតគ្នារឿងការកំណត់តម្លៃទិញបន្ទប់របស់ពលរដ្ឋរស់នៅក្នុងអគារប៊ូឌីង។
ទោះជាក្រុមពលរដ្ឋយល់ព្រមទទួលប្រាក់ជាថ្នូរនឹងការចាកចេញពីអគារប៊ូឌីងក្ដី ប៉ុន្តែភាគីទាំងពីរ គឺរដ្ឋមន្ត្រីក្រសួងដែនដី និងក្រុមពលរដ្ឋនៅជជែកតឹងសរសៃកនឹងគ្នានៅឡើយទេ ចំពោះតម្លៃនៃទំហំផ្ទៃក្រឡាបន្ទប់របស់ពួកគេនីមួយៗ ដ្បិតអីក្រុមពលរដ្ឋទាមទារតម្លៃ ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងដែនដី ហ៊ានផ្ដល់ឲ្យត្រឹម ១.២៦៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។
រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ប្រាប់ថា គ្រាន់តែការផ្ទល់សំណងក្នុងតម្លៃជាង ១.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េនៃបន្ទប់ គឺក្រុមហ៊ុនត្រូវចំណាយទឹកប្រាក់ជិត ២២លានដុល្លារ។ លោកថា បើពលរដ្ឋទាមទារថ្លៃបន្ទប់ខ្ពស់ពេក អាចធ្វើឲ្យក្រុមហ៊ុនគ្មានលទ្ធភាពវិនិយោគ៖ «»។
ប្រសិនបើក្រុមហ៊ុនទិញបន្ទប់ពលរដ្ឋក្នុងតម្លៃ ១.២៦៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ពលរដ្ឋដែលមានផ្ទៃក្រឡាបន្ទប់តូច អាចទទួលបានលុយជាង ៤ម៉ឺនដុល្លារប៉ុណ្ណោះ ដូច្នេះពួកគេយល់ថា ទំហំទឹកប្រាក់មិនអាចទិញផ្ទះនៅភ្នំពេញ ដើម្បីរស់នៅបានទេ។
ពលរដ្ឋរស់នៅអគារប៊ូឌីងម្នាក់ លោកស្រី ឌី សុផាន់ណារ៉ាម៉ានី ដែលជាអតីតមន្ត្រីក្រសួងវប្បធម៌ ស្នើឲ្យលោករដ្ឋមន្ត្រី ជា សុផារ៉ា ចរចាជាមួយក្រុមហ៊ុនដើម្បីពលរដ្ឋអាចលក់បន្ទប់របស់ខ្លួនក្នុងតម្លៃ ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ព្រោះលោកស្រីយល់ថា ទាល់តែតម្លៃនេះទើបពួកគេមានលុយគ្រប់គ្រាន់អាចទិញផ្ទះនៅជាយក្រុងរស់នៅបាន៖ «»។
ក្រុមហ៊ុនរបស់ជប៉ុន មួយឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួលបានសិទ្ធិសាងសង់អគារកម្ពស់ ២១ជាន់ នៅទីតាំងអគារប៊ូឌីង ដែលត្រូវចំណាយពេលជិត ៤ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង ៨០លានដុល្លារ។ ក្នុងជំនួបរវាងពលរដ្ឋ និងរដ្ឋមន្ត្រីក្រសួងដែនដី មិនមានវត្តមានប្រធានក្រុមហ៊ុនអារ៉ាកាវ៉ា លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto) ទេ។
លោក ជា សុផារ៉ា ឲ្យអាស៊ីសេរី ដឹងក្រោយចប់កិច្ចប្រជុំថា ក្រុមហ៊ុន អារ៉ាកាវ៉ា របស់ជប៉ុន នៅតែទទួលសិទ្ធិអភិវឌ្ឍអគារប៊ូឌីង ដដែល។ ដូចគ្នានេះដែរ តំណាងក្រុមហ៊ុនអារ៉ាកាវ៉ា មួយដែលថ្លែងសុំមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនអារ៉ាកាវ៉ា នៅតែទទួលសិទ្ធិអភិវឌ្ឍអគារប៊ូឌីង ដដែល។ ដំបូងឡើយ លោក ជា សុផារ៉ា បានប្រកាសផ្ដល់ជម្រើស ២ ទៅដល់ពលរដ្ឋ គឺទទួលយកសំណងហើយចាកចេញ និងជម្រើសមួយទៀត គឺយល់ព្រមអភិវឌ្ឍនៅនឹងកន្លែង។
ទាក់ទងការខ្វែងគំនិតគ្នារឿងទិញបន្ទប់ពលរដ្ឋរស់នៅអគារប៊ូឌីងនេះ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនពិគ្រោះយោបល់ (EMC) លោក ង៉ែត ជូ ឲ្យដឹងថា បើគិតតាមតម្លៃដីនៅតំបន់អគារប៊ូឌីង ដែលមានទីតាំងកណ្ដាលក្រុងដូចនេះ គឺមានតម្លៃចន្លោះពី ៤.០០០ដុល្លារ ទៅ ៦.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែលោកថា បើតម្លៃផ្ទះ ឬបន្ទប់ដែលមិនជាប់ដី ឬចាប់ពីជាន់ទី១ ឡើងមិនបានថ្លៃដូចនេះទេ។ អ្នកជំនាញរូបនេះយល់ថា បើចង់ដោះស្រាយបញ្ហានេះត្រឹមត្រូវ អ្នកពាក់ព័ន្ធគួរដោះស្រាយតាមស្ថានភាពបន្ទប់ និងកំណត់តម្លៃជាន់បន្ទប់នីមួយៗផងដែរ៖ «»។
របាយការណ៍របស់ក្រសួងដែនដីបង្ហាញថា ពលរដ្ឋរស់នៅអគារប៊ូឌីង មានចំនួន ៤៩៣គ្រួសារ។ អគារនេះមាន ៦ប្លុក ពីអា (A) ដល់អេហ្វ (F)។ មុនដំបូងឡើយ ក្រសួងរកឃើញថា ពលរដ្ឋជាង ៨៨ភាគរយយល់ព្រមយកប្រាក់រួចហើយចាកចេញ។ ប៉ុន្តែតំណាងពលរដ្ឋដែលជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងដែនដីជាង ៤០០នាក់ ដែលតំណាងឲ្យពលរដ្ឋរស់នៅទីនេះ បានលើកដៃទាំងអស់គ្នាថា យល់ព្រមយកលុយហើយចាកចេញទាំងអស់គ្នា។
ខណៈការជជែកគ្នារកផ្លូវកណ្ដាលមិនទាន់បាន មានពលរដ្ឋឡើងថ្លែងក្នុងកិច្ចប្រជុំនោះដោយសន្យាថា បើរដ្ឋព្រមទិញក្នុងតម្លៃ ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ពួកគេមិនភ្លេចគុណលោក ជា សុផារ៉ា ហើយសន្យាថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ស្រដៀងគ្នានេះដែរ កាសែតភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយមុនជំនួបរដ្ឋមន្ត្រីក្រសួងដែនដី និងពលរដ្ឋ អាជ្ញាធរ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជំរុញឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទើបមានដំណោះស្រាយឆាប់រហ័ស។
ទោះជាយ៉ាងណាក្តី លោក ជា សុផារ៉ា ថា នឹងយកសំណើរបស់ពលរដ្ឋទៅជជែកជាមួយក្រុមហ៊ុនទទួលសិទ្ធិវិនិយោគបន្តទៀត ប៉ុន្តែក្រសួងមិនទាន់បញ្ជាក់ថា នឹងជួបពលរដ្ឋម្ដងទៀតនៅពេលណានោះទេ គ្រាន់តែលោកបញ្ជាក់ថា នឹងមានការជួបគ្នាម្ដងទៀត។ ពលរដ្ឋនិយាយថា បើបន្ទប់របស់ពួកគេលក់បានតម្លៃទាបដូចអ្វីដែលក្រសួងផ្ដល់ឲ្យនោះ ពួកគេមិនចាកចេញពីអគារប៊ូឌីងទេ៕