Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​បាង​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​ចំពោះ​ទិន្នផល​ត្រី​ថយ​ចុះ​ខ្លាំង

$
0
0

ប្រជា​នេសាទ​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​រស់​នៅ​ក្បែរ​តំបន់​បឹង​ទន្លេ​ឆ្មា ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​មួយ​កម្រិត​ទៀត ដោយសារ​តែ​ទិន្នផល​ត្រី​កាន់​តែ​ថយ​ចុះ​ខ្លាំង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ ពលរដ្ឋ​យល់​ថា អាច​ដោយសារ​តែ​តំបន់​ដែល​ពួកគាត់​រស់នៅ​ធ្លាប់​មាន​ករណី​បឹង​រីង​រាក់ និង​មាន​ត្រី​ងាប់​រាប់​សិប​តោន បណ្ដាល​ឱ្យ​ពូជ​ត្រី​កាន់តែ​បាត់បង់។

ប្រជា​នេសាទ​នៅ​ឃុំ​ពាមបាង ឱ្យ​ដឹង​ថា ទិន្នផល​ត្រី​ថយ​ចុះ​ខ្លាំង​រយៈពេល​ជាង ២​ខែ​មក​ហើយ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ ប៉ុន្តែ​ពួកគេ​យល់​ថា អាច​ដោយសារ​កត្តា​មួយ​ចំនួន។ កត្តា​ទាំង​នោះ​ដូចជា ប្រជា​នេសាទ​កាន់​តែ​កើន​ឡើង ហើយ​ត្រី​កាន់តែ​ថយ​ចុះ។ បន្ថែម​ពី​នេះ បឹង​ទន្លេ​ឆ្មា​ធ្លាប់​រីង​រាក់ និង​មាន​ត្រី​ងាប់​ជា​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា បណ្ដាល​ឱ្យ​ពូជ​ត្រី​បាត់បង់​ច្រើន ហើយ​ថ្មីៗ​នេះ ទឹក​បឹង​ប្រែជា​ពណ៌​បៃតង និង​ល្អក់​កករ មាន​ស្លែ​ច្រើន​ថែម​ទៀត​ផង។

​ប្រជា​នេសាទ​នៅ​ឃុំ​ពាមបាង មួយ​រូប កញ្ញា យាត ពុធ មាន​ប្រសាសន៍​ថា កញ្ញា​មិន​ដែល​ជួប​ប្រទះ​កង្វះ​ត្រី​ដូច​ឆ្នាំ​នេះ​ទេ។ កញ្ញា​មិន​ដឹង​ប្រាកដ​នៃ​ការ​ថយ​ចុះ​ពូជ​ត្រី​ពេល​នេះ​ទេ ប៉ុន្តែ​អាច​ដោយសារ​បឹង​ទន្លេ​ឆ្មា​ធ្លាប់​មាន​ករណី​ត្រី​ងាប់​ជា​ច្រើន​ឆ្នាំ​ជាប់​គ្នា និង​ផ្ទៃ​បឹង​មាន​ស្លែ​ច្រើន៖ «ពី​ឆ្នាំ​មុនៗ សំបូរ​ណាស់​ត្រី។ មិន​បាច់​រក​រប​ណា​ធំដុំ​ទេ យើង​រាយ​មង យើង​អាច​រក​លុយ​ចូល​មក​ចិញ្ចឹម​គ្រួសារ​យ៉ាង​ស្រួល។ ដល់​ឆ្នាំ​នេះ ខ្ញុំ​មិន​ដែល​ជួប និង​មិន​ដែល​ឃើញ​ទេ គឺ​គ្មាន​ត្រី​តែម្ដង»

​ពលរដ្ឋ​ដដែល​បញ្ជាក់​ថា ដោយសារ​ខ្សត់​ត្រី ពេល​ខ្លះ​ពួកគាត់​នាំ​គ្នា​ទៅ​លួច​នេសាទ​នៅ​តំបន់​អភិរក្ស ប៉ុន្តែ​មិន​បាន​ត្រី​ចិញ្ចឹម​ឆ្នាំង​ដដែល។ កញ្ញា យាត ពុធ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ ដើម្បី​បាន​មក​រស់​នៅ​លើ​ដី​គោក គ្រាន់​បាន​ធ្វើ​ស្រែ ឬ​ដាំ​ដំណាំ​ផ្សេងៗ ជំនួយ​មុខ​របរ​នេសាទ​បាន​ខ្លះ ជា​ជាង​ពឹង​ផ្អែក​ទៅ​មុខ​របរ​នេសាទ​ទាំង​ស្រុង។

ប្រជា​នេសាទ​មួយ​រូប​ទៀត លោក វ៉ែន រឿន ឱ្យ​ដឹង​ថា ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​នេះ​កាន់​តែ​ពិបាក ពីព្រោះ​ពួកគាត់​មិន​មាន​មុខ​របរ​ផ្សេង​ក្រៅ​ពី​នេសាទ ហើយ​ក៏​មិន​មាន​ដីធ្លី​សម្រាប់​បង្កបង្កើនផល​ទេ។ ជាង​​នេះ​ទៀត លោក​សង្កេត​ឃើញ​ថា ចំនួន​អ្នក​នេសាទ​កាន់​តែ​ច្រើន​ឡើង​នៅ​ពេល​បច្ចុប្បន្ន៖ «ដី​ស្រែ​ដែល​ចែក​ជូន​ប្រជាជន​អី បាន​តិចតួច​ស្ដួចស្ដើង​ក្តី មួយ​ហិកតារ ពីរ​ហិកតារ​ក្តី តាម​លទ្ធភាព​ថ្នាក់​លើ​ចែក​ជូន​ដើម្បី​ធ្វើ​ស្រែ​ទៅ មើល​ទៅ​ត្រី​មិន​កើត​ទេ​បង​អើយ»

​ឃុំ​ពាមបាង ជា​ឃុំ​ដាច់ស្រយាល ដែល​មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ស្ទោង។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ឃុំ​នេះ​នៅ​រដូវ​ប្រាំង គឺ​គេ​ត្រូវ​ជិះ​រថយន្ត​ឈ្នួល និង​គោយន្ត​ច្នៃ ដែល​មាន​សរុប​ចំនួន ៤ ឬ ៥​គ្រឿង​ប៉ុណ្ណោះ និង​ធ្វើ​ដំណើរ​តាម​ទូក​បន្ត​ទៀត។ ឃុំ​ពាមបាង មាន​ភូមិ​ចំនួន ៥ និង​មាន​ប្រជាជន​សរុប ៦៨៧​គ្រួសារ ហើយ​ពលរដ្ឋ​ប្រមាណ ៩០​ភាគរយ គឺ​រស់​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​នេសាទ។

​ជំទប់​ទី​២ ឃុំ​ពាមបាង លោក គុំ ខុម មាន​ប្រសាសន៍​ថា ទិន្នផល​ត្រី​ពិត​ជា​ធ្លាក់​ចុះ​ដល់​កម្រិត​ដែល​លោក​មិន​ដែល​ជួប​ប្រទះ​សោះ​ពី​មុន​មក បើ​ទោះ​បី​ជា​មិន​មាន​បទល្មើស​នេសាទ​ក៏ដោយ។  លោក​បញ្ជាក់​ថា កន្លង​មក​អាជ្ញាធរ​ឃុំ​ធ្លាប់​ធ្វើ​លិខិត​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ៖ «បទល្មើស​អី​ក៏​ដូចជា​អត់​មាន​វា​អត់​មាន​ទាំង​អស់។ បទល្មើស​វា​អត់​មាន​ហើយ​វា​អត់​មាន​ត្រី​សោះ តើ​ឱ្យ​គ្នា​ទៅ​រក​របៀប​ម៉េច»

​ទោះបីជា​យ៉ាង​នេះ​ក្តី អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ថា​ទិន្នផល​ត្រី​មិន​បាន​ថយ​ចុះ​ប៉ុន្មាន​ទេ ប៉ុន្តែ​ដោយសារ​កំណើន​ប្រជា​នេសាទ​ច្រើន​ធ្វើការ​រក​ត្រី​ពិបាក​ជាង​ពេល​មុនៗ។ លោក​បន្ត​ថា ជុំវិញ​សំណើ​របស់​ពលរដ្ឋ​ចង់​មក​រស់​នៅ​លើ​ដី​គោក អាជ្ញាធរ​ខេត្ត​មិន​ទាន់​ទទួល​បាន​ទេ ហើយ​កាល​ពី​អាណត្តិ​អភិបាល​ខេត្ត​ចាស់ គឺ​ស្ថិត​នៅ​ជា​គម្រោង និង​ទស្សនៈ​វិស័យ​ប៉ុណ្ណោះ។ កាល​ណោះ អាជ្ញាធរ​ខេត្ត​បាន​ស្ទង់​មតិ​ពលរដ្ឋ​ដែល​ចង់ និង​មិន​ចង់​មក​រស់​នៅ​លើ​ដី​គោក​ថែម​ទៀត​ផង។

អភិបាល​ខេត្ត​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ស្ទង់​មតិ​ពលរដ្ឋ​ម្ដង​ទៀត​ឱ្យ​ប្រាកដ​ថា មាន​ប៉ុន្មាន​ភាគរយ​ដែល​ចង់​មក​រស់​នៅ​លើ​ដី​គោក និង​ប្រជុំ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ស្នើ​សុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​លើ​ករណី​នេះ៖ «បើ​គាត់​ស្ម័គ្រចិត្ត ខេត្ត​នឹង​ពិចារណា​ដើម្បី​ពិនិត្យ​រក​ដី​សម្បទាន​សង្គមកិច្ច ហើយ​ស្នើ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ព្រោះ​ការងារ​ហ្នឹង​ត្រូវការ​កិច្ច​សហការ​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ទេ»។

អ្នក​សម្របសម្រួល​អង្គការ​អភិរក្ស​ធនធាន​ជលផល លោក ឯក ចំរើន មាន​ប្រសាសន៍​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ទិន្នផល​ត្រី​កាន់តែ​ថយ​ចុះ ដូចជា​កត្តា​ប្រជា​នេសាទ​កើន​ឡើង។ កត្តា​បទល្មើស​នេសាទ​នៅ​តែ​កើត​មាន ព្រមទាំង​បញ្ហា​បឹង​រីង​រាក់​ជាដើម៖ «តាម​ពិត​ទៅ​កន្លែង​បឹង​ទន្លេ​ឆ្មា គាត់​ថា ការ​រក​ត្រី​ហ្នឹង​ធ្លាក់​ចុះ​គឺ​ជា​រឿង​ត្រឹមត្រូវ»

​លោក​យល់​ថា​ វិធានការ​ធ្វើ​ឱ្យ​ពូជ​ត្រី​សំបូរ​ឡើង​វិញ រាជរដ្ឋាភិបាល​ត្រូវ​បន្ត​កិច្ចសហការ​បង្ក្រាប​បទល្មើស​នេសាទ​ថែម​ទៀត។ លើស​ពី​នេះ ពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់​បទល្មើស និង​មិន​ត្រូវ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ទៀត​ឡើយ។ បន្ថែម​ពី​នេះ ការពារ​តំបន់​ដែល​មាន​អន្លង់​ជ្រៅៗ ហើយ​ដាក់​ជា​តំបន់​អភិរក្ស ម្យ៉ាង​ប្រជាពលរដ្ឋ​គប្បី​នាំ​គ្នា​ប្រកបមុខរបរ​ផ្សេង​ជំនួស​ឱ្យ​ការ​នេសាទ។ ចំណែក​រាជរដ្ឋាភិបាល​ត្រូវ​គិត​ពិចារណា​រក​ទីតាំង​ថ្មី ឬ​ផ្ដល់​ដី​សម្បទាន​ដល់​ប្រជា​នេសាទ​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​ទឹក​ជា​ដើម៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles